en     km
en     km

មេធាវី​ និង​មន្ត្រី​អង្គការ​លី​កាដូ​ជឿជាក់​ថា​ តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ទាំងស្រុង​ទៅ​លើ​លោក​ វ៉ែន​ វ៉​ន​

Share

cover-Koh-Kong-court-(Licadho-in-KK)
​មេធាវី​ និង​មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​ជឿជាក់​ថា​ ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ នឹង​អាច​ទម្លាក់​ការ​ចោទប្រកាន់​ពី​បទ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ និង​លុប​បំបាត់​វត្ថុ​តាង​ ទៅ​លើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់​ និង​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អា​រ៉ែ​ង​ លោក​ វ៉ែន​ វ៉​ន​ បន្ទាប់​ពី​តុលាការ​ខេត្តកោះកុង​បើក​សវន​ការ​សាកសួរ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

លោក​ ធូ​ វិរៈ​ រាយ​ការណ៍​ព័ត៌​មាន​នេះ​៖

ក្រោយ​ពី​តុលាការ​ខេត្តកោះកុង​បញ្ចប់​សវន​ការ​សាកសួរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់​ និង​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ លោក​ វ៉ែន​ វ៉​ន​ អស់​រយៈពេល​ជាង​ ៣​ ម៉ោង​ រួច​មក​ មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​ ដោយ​ចៅក្រម​តុលាការ​ខេត្តកោះកុង​សម្រេច​លើក​ពេល​ជំនុំ​ជំ​រះ​ទៅ​ថ្ងៃ​ទី​៣​ ខែមីនា​ វិញ​។​

​ជុំវិញ​រឿង​ក្តី​នេះ​ មេធាវី​ការពារ​ក្តី​លោក​ វ៉ែន​ វ៉​ន​ គឺ​អ្នកស្រី​ អ៊ិ​ត​ មធុ​រ៉ា​ បានឱ្យ​ដឹង​ថា​ កូនក្តី​របស់​អ្នកស្រី​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ​ ព្រោះ​លោក​ វ៉ែន​ វ៉​ន​ គ្រាន់តែ​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​មួយ​ក្នុង​ឃុំ​ជំនាប់​ស្ថិត​ក្នុង​តំបន់​អា​រ៉ែ​ង​ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ​។​

​អ្នកស្រី​មេធាវី​ អ៊ិ​ត​ មធុ​រ៉ា​ ជឿជាក់​ថា​ កូនក្តី​របស់​អ្នកស្រី​អាច​នឹង​រួច​ពី​ការ​ចោទប្រកាន់​ ទាំងស្រុង​នៅ​ពេល​ចៅក្រម​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​ អ្នកស្រី​មេធាវី​ អ៊ិ​ត​ មធុ​រ៉ា​ និយាយ​ថា​៖​ «​បើ​យើង​វិភាគ​ទៅ​លើ​អង្គហេតុ​ និង​អង្គច្បាប់​ គឺ​មាន​សង្ឃឹម​ច្រើន​ ព្រោះ​គាត់​ លោក​ វ៉ែន​ វ៉​ន​ មិន​បាន​ធ្វើ​ខុស​ទៅ​និង​អ្វី​ដែល​ ច្បាប់​ព្រៃឈើ​បាន​ចែង​ ប៉ុន្តែ​ការ​សម្រេច​សេចក្តីសម្រេច​ទៅ​លើ​ចៅក្រម​»​។​

Koh-Kong-court-(Licadho-in-KK)ទាក់ទិន​បញ្ហា​នេះ​ លោក​ អ៊ិ​ន​ គង់​ជិត​ មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ (LICADHO)​ ប្រចាំ​ខេត្តកោះកុង​ ដែល​បាន​ចូលរួម​ក្នុង​សវន​ការ​នោះ​ដែរ​ មាន​ប្រសាសន៍​ថា​ លោក​ វ៉ែន​ វ៉​ន​ មាន​ទឹកមុខ​ញញឹម​ស្រស់ថ្លា​ និង​ឆ្លើយ​សំណួរ​យ៉ាង​ម៉ឺង​មាត់​នៅ​ក្នុង​សវន​ការ​ជំនុំជម្រះ​ នា​ព្រឹក​មិ​ញ​នេះ​។​

មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ (LICADHO)​ រូប​នេះ​ ហាក់​មាន​ជំនឿ​ចិត្ត​ថា​ តុលាការ​ខេត្តកោះកុង​នឹង​អាច​ទម្លាក់​បទចោទប្រកាន់​ទាំងស្រុង​មក​លើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់​ និង​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ តំបន់​អា​រ៉ែ​ង​ លោក​ វ៉ែន​ វ៉​ន​ ព្រោះ​តំណាង​អ​ធ្យា​ការ​ព្រះរាជអាជ្ញា​រង​ លោក​ អ៊ូង​ ត្រាយ​បាន​ស្នើ​សុំ​ឱ្យ​ចៅក្រម​លុប​ចោល​បទ​ចោទ​មួយ​នៅ​ក្នុង​ចំណោម​បទ​ចោទ​ពីរ​ គឺ​បទ​ចោទ​លុប​បំបាត់​វត្ថុ​តាង​។​

លោក​ អ៊ិ​ន​ គង់​ជិត​ មាន​ប្រសាសន៍​ថា​៖​ «​យើង​សង្ឃឹមថានឹង​ផ្តល់​យុត្តិធម៌​ជូន​គាត់​ ព្រោះ​ព្រឹក​មិ​ញ​នេះ​ យើង​ដឹង​ហើយ​ថា​កន្លង​មក​ អ​យ្យ​ការ​ចោទ​គាត់​ពីរ​បទល្មើស​ បទល្មើស​ទី​១​ ទាក់ទង​និង​ប្រមូល​អនុ​ផល​ព្រៃឈើ​ និង​ទី​២​ ការ​បំបាត់​វត្ថុ​តាង​»​។​

ទាក់ទង​នឹង​ការ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​នៅ​ថ្ងៃ​ទី​៣​ ខែមីនា​ វិញ​នេះ​ លោក​ចៅក្រម​ អាំង​ ចិន្តា​ មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ទេ​ គ្រាន់តែ​លោក​ប្រាប់​យ៉ាង​ខ្លី​ថា​ ត្រូវការ​ពេលវេលា​ដើម្បី​សម្រេច​រឿង​ក្តី​នេះ​។

​​សូម​ជម្រាប​ថា​ តុលាការ​ខេត្តកោះកុង​បាន​សម្រេច​ឃុំខ្លួន​ លោក​ វ៉ែន​ វ៉​ន​ ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ ជា​បណ្តោះអាសន្ន​នៅ​កំលុង​ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ក្រោម​បទ​ចោទ​ចំនួន​ ២​ គឺ​ការ​ប្រមូល​អនុ​ផល​ព្រៃឈើ​ និង​ការ​បំបាត់​វត្ថុ​តាង​៕​

រូប​ថត​ផ្ដល់​ដោយ​៖ មន្ត្រី​សម្រប​សម្រួល​អង្គ​ការ​លីកាដូ​ប្រចំា​ខេត្ត​កោះ​កុង​

Share

Image
Image
Image