en     km
en     km

មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ស្នើ​ឱ្យ​តុលាការ​ដោះ​លែង​កូនក្តី​របស់​ខ្លួន​

Share

រូបភាពពី៖ commons.wikimedia.org
រូបភាពពី៖ commons.wikimedia.org

លោក​ សំ​ សុ​គង់​ ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ចង់ឱ្យ​តុលាការ​ពិចារណា​ក្នុង​ការ​ដោះ​លែង​ជនជាប់ចោទ​រូប​នេះ​ដោយសារ​តែ​រូបគេ​នៅ​ក្មេង​ និង​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​ ហើយ​ការ​បង្ហោះ​សារ​របស់​យុវជន​រូប​នេះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​បាន​បង្ក​ឱ្យ​មាន​អសន្តិសុខ​សង្គម​និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​បុគ្គល​ណាមួយ​ឡើយ​។​

​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ករណី​យុវជន​ គង់​ រ៉ៃ​យ៉ា​ ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ​ ដែល​បាន​អំពាវនាវ​ធ្វើ​បដិវត្ត​ពណ៌​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។​​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ ១០២​ នៅ​ថ្ងៃនេះ​ថា​ ក្រោយ​ពី​សួរ​ដេញដោល​ និង​ធ្វើ​សេចក្តីសន្និដ្ឋាន​ចប់​ ចៅក្រម​ជំនុំជម្រះ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ពន្យារពេល​ ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​០៥​ ខែមីនា​វិញ​ ។​

​មេធាវី​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ សវន​ការ​ថ្ងៃនេះ​ បាន​សួរ​ដេញដោល​ទៅ​លើ​អង្គហេតុ​ រួម​នឹង​ភស្តុ​តាង​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​សំនុំរឿង​នេះ​ ដើម្បី​ជា​មូលដ្ឋាន​ ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​របស់​អង្គចៅក្រម​។​

​បើ​តាម​លោក​ សំ​ សុ​គង់​ ជនជាប់ចោទ​ គង់​ រ៉ៃ​យ៉ា​ បាន​ឆ្លើយ​ថា​ លោក​គ្មាន​ចេ​ទ​នា​បង្ហោះ​សារ​នោះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ សណ្តាប់ធ្នាប់​សាធារណៈ​ ឬ​ធ្វើ​ឱ្យ​មានការ​ខូចខាត​ទៅ​លើ​ជន​ណា​ម្នាក់​នោះ​ទេ​ គោលបំណង​ដែល​លោក​បង្ហោះ​ គឺ​គ្រាន់តែ​ចង់​បង្ហាញ​ថា​គាត់​មិន​ពេញចិត្ត​ទ​ង្វើ​អ្នក​ណា​ម្នាក់​ និង​ចង់​ចែក​ព័ត៌មាន​ឱ្យ​អ្នក​ផ្សេង​ដឹង​តែ​ប៉ុណ្ណោះ​។​

​លោក​ សំ​ សុ​គង់​ បាន​ថ្លែង​បន្ត​ថា​ តុលាការ​គួ​តែ​ពិចារណា​ ក្នុង​ការ​ដោះ​លែង​យុវជន​នេះ​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬ​លើកលែង​បទ​ចោទ​ដោយសារ​យុវជន​ គង់​ រ៉ៃ​យ៉ា​  នៅ​ក្មេង​ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​សិក្សា​។​ លោក​ថា​ ព្រោះតែ​បញ្ហា​នេះ​ធ្វើ​ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ខាន​សិក្សា​ជិត​មួយ​ឆ្នាំ​ ហើយ​បើសិនជា​ថ្លឹងថ្លែង​រឿង​នេះ​មិន​បាន​ល្អិតល្អន់​ទេ​ នឹង​ធ្វើ​គាត​គ្មាន​ឱកាស​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​ឡើយ​។​

WMC​ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នោះ​ទេ​។​ ទាក់ទិន​នឹង​បញ្ហា​នេះ​ លោក​អំ​ សំអាត​ អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​ នៃ​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ មាន​ប្រសាសន៍​ថា​ ការ​សរសេរ​សារ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​ជា​ទស្សនៈ​បុគ្គល​ផ្ទាល់ខ្លួន​របស់​យុវជន​រូប​នេះ​។​

​លោក​ថា​ ការ​សរសេរ​នោះ​ មិន​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ទេ​ ហើយ​យុវជន​ គង់​ រ៉ៃ​យ៉ា​ផ្ទាល់​ ក៏​មិន​យល់​ពី​ពាក្យ​បដិវត្តន៍​ពណ៌​នេះ​ដែរ​។​ លោក​បន្ថែម​ថា​ការ​ចាប់ខ្លួន​យុវជន​រូប​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជា​ពិសេស​ការ​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​សូម​បញ្ជាក់​ថា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ មាន​អាយុ​ ២៤​ ឆ្នាំ​ ជា​អតីត​និស្សិត​ឆ្នាំ​ទី​១​ នៅ​សាកលវិទ្យាល័យ​ខេមរៈ​  ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ខែសីហា​ ២០១៥​ បន្ទាប់​ពី​រូបគេ​សរសេរ​ខ្លឹមសារ​អំពាវនាវ​ឱ្យធ្វើ​បដិវត្ត​ពណ៌​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ យុវជន​រូប​នេះ​ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ជា​អាទិ៍​ តាម​មាត្រា​ ៤៩៤​ និង​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​៕

Share

Image
Image
Image