en     km
en     km

មាន​ការរៀប​ចំ​ពិធី​រំលឹក​ខួប​​​ផង​និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌ក្នុងខួប​មួយ​ឆ្នាំ​នៃ​ការ​សម្លាប់​លោក​កែម ឡី

Share

នៅថ្ងៃទី១០ កក្តដា ខាងមុខនេះ គឺជាខួបមួយឆ្នាំនៃមរណៈភាពរបស់លោក បណ្ឌិតកែម ឡី។ មានការរៀបចំពិធីបុណ្យរំលឹកខួបនេះដោយក្រុមគ្រួសារ ដោយក្រុមអ្នកគាំទ្រនិងដោយគណបក្សប្រឆាំង។ នៅក្នុងឱកាសនេះពួកគេបានទទូចឲ្យមានការផ្តល់យុត្តិធម៌ពិតប្រាកដសម្រាប់សពលោកបណ្ឌិតលោកកែម ឡី។

សពលោកបណ្ឌិត តម្កល់នៅវត្តចាស់ រាជធានីភ្នំពេញ
សពលោកបណ្ឌិត កែម ឡី តម្កល់នៅវត្តចាស់ រាជធានីភ្នំពេញ

ថ្ងៃទី១០ខែកក្កដានេះ គឺមួយឆ្នាំគត់នៃបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនិងនយោបាយ ក្រុមគ្រួសាររបស់លោកនឹងរៀបចំពិធីបុណ្យខួបគម្រប់មួយឆ្នាំនេះ នៅឯ

គេហដ្ឋានរបស់លោកក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ទីដែលគេបញ្ចុះសពរបស់លោក។

អ្នកស្រី កែម ថាវី បងស្រីរបស់លោកបណ្ឌិត កែម ឡី ប្រាប់វិទ្យុស្រ្តីថា បុណ្យរម្លឹកខួបមួយឆ្នាំនេះ គឺរៀបចំដោយក្រុមគ្រួសារ ដោយមិនបង្កើតគណៈកម្មាការរៀបចំបុណ្យដូចលើកមុននោះទេ។

អ្នកស្រី កែម ថាវី៖«បុណ្យហ្នឹងយើងចាប់ផ្តើមធ្វើនៅថ្ងៃទី៩ និងសូត្រដាក់បាតនៅថ្ងៃទី១០ រៀបចំហ្នឹងយើងធ្វើម្តងនេះ យើងអត់មានរៀបចំគណៈកម្មការទេ  យើងធ្វើជាលក្ខណៈក្រុមគ្រួសារ»។

ទោះជាយ៉ាងណាក្តីអ្នកស្រី កែម ថាវី អំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងនិងទូទាំងប្រទេសឲ្យចូលរួមគាំទ្រពិធីបុណ្យខួបនេះ។

ដោយឡែកលោកប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យដែលជាសមាជិកគណៈកម្មាធិការបុណ្យសពលោកបណ្ឌិតកែម ឡី ក្រោយពីមានការបាញ់សម្លាប់ភ្លាមៗ លោកបញ្ជាក់ថាលោកនឹងរៀបចំពិធីបុណ្យសពលោកបណ្ឌិតកែម ឡី  នៅប្រទេសអូស្តា្រលី នៅថ្ងៃទី១០ខែកក្កដានេះ។ ការរៀបចំពិធីនេះនៅប្រទេសអូស្ត្រាលី ខណៈដែលលោកកំពុងបំពេញបេសកម្មនៅទីនោះ។

ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគម្រោងធ្វើពិធីបុណ្យរំលឹកខួបមួយឆ្នាំនៃការស្លាប់របស់អ្នកវិភាគបញ្ហាសង្គមដ៏ល្បីឈ្មោះរូបនេះ នៅទីស្នាក់ការគណបក្សរបស់ខ្លួន នៅខ័ណ្ឌសែនសុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៅមូលដ្ឋាន។

រីឯគណបក្សសង្រ្គោះជាតិ ក៏គ្រោងនឹងរៀបចំពិធីជួបជុំគ្នា ដើម្បីរម្លឹកដល់ការស្លាប់នេះផងដែរ។

ទោះជាយ៉ាងណាសមាជិកគ្រួសារសពលោកបណ្ឌិតកែម ឡី ក្រុមអ្នកនយោបាយប្រឆាំងនិងតំណាងសង្គមស៊ីវិលបានងាកមកចាប់អារម្មណ៍ឡើងវិញដើម្បីស្នើឲ្យមានការផ្តល់យុត្តិធម៌ពិតប្រាកដសម្រាប់សពលោកបណ្ឌិតកែម ឡី និងក្រុមគ្រួសាររបស់គាត់។

លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយដ៏ល្បី ត្រូវបានខ្មាំងកាំភ្លើង បាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ខែកក្កដា នៅក្នុងស្តាម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ក្បែរស្តុបបូកគោ នៅកណ្តាលទីក្រុងភ្នំពេញ។ ក្រោយការបាញ់សម្លាប់ភ្លាមៗ បុរសម្នាក់ឈ្មោះជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។  លោកក៏បានរួមចំណែកក្នុងការបណ្តុះបណ្តាលសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានសដែរ។

ជនជាប់ចោទ ឈ្មោះអឿត អាង ហៅជួប សម្លាប់ ដែលបានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារលោកកែម ឡី ជំពាក់បំណុលលោកចំនួន៣០០០ ដុល្លារអាមេរិក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតកាលពីខែមីនា ឆ្នាំ២០១៧នេះ។

តុលាការបានចោទប្រកាន់ ពីរបទល្មើស គឺ បទឃាតកម្មគិតទុកជាមុន និង បទបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត តាមមាត្រា២០០ និង ៤៩០នៃក្រមព្រហ្មទណ្ឌ ។

អ្នកស្រី កែម ថាវី បងស្រីសពលោកកែម ឡី  មិនទទួលយកហេតុផលរបស់ជួប សម្លាប់ដែលថាប្អូនស្រីរបស់អ្នកស្រីត្រូវសម្លាប់ដោយសារការជំពាក់លុយនោះទេ។ អ្នកស្រី ទទូច ឱ្យតុលាការស៊ើបអង្កេតករណីនេះឡើងវិញ។

 

ឡានដឹករូបសំណាក់លោក កែម ឡី ចេញពីវត្តចាស់នៅភ្នំពេញ។រូបភាពWMC
ឡានដឹករូបសំណាក់លោក កែម ឡី ចេញពីវត្តចាស់នៅភ្នំពេញ។រូបភាពWMC

នៅក្នុងពេលនេះដែរលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យយល់ថា តុលាការគួរតែបន្តស៊ើបអង្កេតករណីនេះ រកឬសគល់នៃការបាញ់សម្លាប់ និងរកអ្នកនៅក្រោយខ្នង ដើម្បីផ្តល់យុត្តិធម៌ឱ្យលោក បណ្ឌិតឡើងវិញ។

ចំណែកលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា ការណីលោក កែម ឡី គឺជាករណីមួយដែលងាយស្រួលក្នុងការស៊ើបអង្កេតបំផុត ហើយការឈានទៅរកការចាប់ខ្លួនអ្នកពាក់ព័ន្ធក៏មិនពិបាកនោះដែរ។ លោក សោកស្តាយដែលតុលាការបិទបញ្ចប់សំណុំរឿងនេះទាំងមិនទាន់ផ្តល់យុត្តិធម៌ដល់លោកបណ្ឌិតកែម ឡី។

លោក មាស នី ៖«ដូចមិនមានការធ្វើអីដែលរំកិល ជឿនលឿនទៅមុខទេ ក្រៅពីគ្រាន់តែថានឹងសួរដេញដោល និងជួបជនសង្ស័យអីថែមទៀតទេ ខ្ញុំមិនដឹងថា អាហ្នឹងជាចេតនារបស់រដ្ឋាភិបាលដើម្បីលុបបំបាតករណីហ្នឹងទៅវិញ ឬ ក៏រវល់ទេ ..»។

ជាមួយគ្នានេះដែរ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខកបំណងចំពោះប្រព័ន្ធតុលាការដែលមិនអាចស្វែងរកយុត្តិធម៌ សម្រាប់ការស្លាប់របស់លោក បណ្ឌិត កែម ឡីបាន។ លោក បន្តថា រហូតមកពេល លោកយល់ថា មិនទាន់ឃើញយុត្តិធម៌ណាមួយ ដែលផ្តល់ជូនដោយ តុលាការដែលអាចជឿជាក់បាននោះទេ។

លោក សាម អ៊ីន នៅតែទទូចឱ្យតុលាការបង្ហាញវីដូកាមេរ៉ានៅក្នុងស្តាម៉ាត ឱ្យកាន់តែច្បាស់លាស់ជាងមុន និងធ្វើការស៊ើបអង្កេតឡើងវិញ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ។

លោក សាម អ៊ីន ៖«មូលហេតុអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោក បណ្ឌិត កែម ឡី អីនេះ មិនត្រូវបានបកស្រាយអាចឱ្យមានការជឿជាក់បានទេ ព្រោះថាយ់ងច្បាស់ហើយថា ការស្លាប់របស់បណ្ឌិតកែម ឡី មិនពាក់ព័ន្ថនឹងការជំពាក់លុយបីពាន់ដូចដែលលោកជួប សម្លាប់ដែលបានសារភាពថានេះជាមូលហេតុដែលគាត់សម្លាប់លោក បណ្ឌិត កែម ឡី រឿងនេះជារឿងដែលគ្មានអ្នកណាជឿជាក់បាននោះទេ»

លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនជាច្រើនបានស្គាល់លោក តាមរយៈការវិភាគលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍ នៅលើប្រព័ន្ធផ្សព្វផ្សាយនានាទាំងជាតិ និងអន្តរជាតិ។ លោក គឺជាអ្នកវិភាគម្នាក់ ដែលពលរដ្ឋចាត់ទុកថា ហ៊ាននិយាយរិះគន់ចំៗ នូវភាពអសកម្មរបស់រដ្ឋាភិបាល។

លោក បណ្ឌិត មាស នី លើកឡើង នេះគឺជាមរតកដ៏មានតម្លៃដែលលោក កែម ឡីបានបន្សល់ទុកឱ្យពលរដ្ឋខ្មែរ។

លោក បណ្ឌិត មាស នី ៖«សំខាន់ គឺការក្រោកឈរឡើង ហ៊ាននិយាយ ហ៊ានស្តីថាដែលយើងសង្កេតសង្កេតឃើញថា នៅស្ទើតែគ្រប់ទីកន្លែង ឥលូវនេះសូម្បីតែអាជ្ញាធរមូលដ្ឋានហ្នឹងក៏មានការពិបាកក្នុងការប្រឈមនឹងការសួរដេញដោល ឬការតតាំងរបស់ពលរដ្ឋ ប្រសិនបើពួកគាត់ធ្វើអីមួយដែលមិនត្រឹមត្រូវ ហើយនេះបើយើងមិនបានធ្វើការវិភាគឱ្យបានដិតដល់ វាក៏ជាបច្ច័យមួយ ដែលកើតចេញពីការពលីកម្មរបស់លោកកែម ឡី ដ៏ធំធេង ដែលធ្វើឱ្យមានការផ្លាស់ប្តូរ»។

ក្រៅពីការបន្សល់ទុកនូវភាពនៃភាពក្លាហាន ក្នុងការបញ្ចេញមតិ និងនិយាយការពិត លោក ប៉ា ងួនទៀង បានលើកឡើងថា លោកបណ្ឌិត កែម ឡី ក៏បានបន្សល់នូវទ្រឹស្តីមួយចំនួនដែលគោលនយោបាយទាំងនោះត្រូវគណបក្សប្រឆាំងចំនួនពីរបានយកទៅបញ្ចូលក្នុងគោលនយោបាយរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧៕

Share

Image
Image
Image