en     km
en     km

មន្រ្តីរដ្ឋាភិបាលបដិសេធការរិះគន់របស់ក្រុមហ៊ុនបញ្ជាទិញដែលថាកម្ពុជាមានបញ្ហាសិទ្ធិមនុស្ស

Share

ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលថាកម្ពុជាបានអនុវត្តអ្វីគ្រប់យ៉ាងទៅតាមច្បាប់ដែលមានចែង ដោយបដិសេធការលើកឡើងរបស់ក្រុមហ៊ុនបញ្ជាទិញដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលថាកម្ពុជាកំពុងធ្លាក់ចុះរឿងសិទ្ធិមនុស្ស។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២២ មីនា នេះថា កម្ពុជាមានដែនអធិបតេយ្យភាព មានការអនុវត្តទៅតាមច្បាប់ដែលបានចែងស្របតាមរដ្ឋធម្មនុញ្ញ។ លោកបន្តថា ការអំពាវនាវរបស់ក្រុមហ៊ុនបញ្ជាទិញ គឺ មិនសមស្រប និងមិនឆ្លុះបញ្ចាំងការពិតនោះទេ។

សំឡេង លោក ផៃ ស៊ីផាន៖ 

 

ការបដិសេធនេះធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនបញ្ជាទិញជាង ​២០០​ស្ថាប័ន​​ទទូចឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់មកលើក្រុមសហជីពនិងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន ព្រមទាំងស្នើឱ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។​

កាល​ពី​ថ្ងៃ​ទី ១៩ មីនាតំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ល្បីៗទាំងនេះ​មានមូលដ្ឋាននៅអាមរិក និងសហភាពអឺរ៉ុប ដែលបាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​កាន់​សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន  បាន លើកឡើង ទាក់ទងទៅនឹងព្រឹត្តិការណ៍ថ្មីៗថាការដើរឃ្លាតឆ្ងាយពីច្បាប់អន្តរជាតិសំដៅការពារសិទិ្ធមនុស្សមនុស្ស។

លិខិតចំហនេះសរសេរថា៖«មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិរបស់កម្មករប៉ុណ្ណោះទេ តែបាននាំមកផងដែរ នូវបរិយាកាសមួយ ដែល ធ្វើអោយការការពារសិទ្ធិមនុស្ស ស្រុតចុះ។ ដូច្នេះ យើងស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ព្រមទាំងផ្តល់ការការពារពេញលេញ ចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ នៅក្នុងប្រទេសរបស់លោក។ សេរីភាពនយោបាយ នីតិរដ្ឋ និងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិការងារ ដូចមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ គឺជាការចាំបាច់ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងធុរកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ»។

ក្នុងលិខិតរបស់ក្រុមហ៊ុនទាំងនេះ បានទទូចឱ្យទម្លាក់ចោលបទចោទប្រឆាំងសកម្មជនមួយចំនួន រួមមាន លោក មឿន តុលា ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម ​លោក ប៉ាង ងួងទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ)រួមជាមួយ លោក រ៉ុង ឈុន លោក​ស្រី ម៉ម ញឹម លោក ជា មុនី លោក ប៉ាវ ស៊ីណា ព្រម​ទាំង​ករណី​ក្តី​ក្តាំ​នៅ​ក្នុង​តុលាការ​ជា​ច្រើន​ករណី​ទៀត ដែល​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សហជីព និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នា​ពេល​កន្លង​មក។

តាម​រយៈ​លិខិត​ចំហ​នេះ ក្រុម​អ្នក​បញ្ជា​ទិញ​​បាន​សំដែង​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ជុំវិញ​ច្បាប់​ស្តី​ពី​សហជីព និង​ច្បាប់​ការងារ​បច្ចុប្បន្ន​នៅ​​កម្ពុជា។ ក្រុមហ៊ុនទាំងនោះបញ្ជក់​ថា ពួកគេ​បាន​ផ្តល់ការ​ងារដល់​ពេល​រដ្ឋ​ខ្មែរ​ជាង ៦សែន ​៥ម៉ឺននាក់ និង​ប្រាក់​ចំណូល​​ជាង ​៦ពាន់លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​​។​

ក្រុម​ហ៊ុន​បញ្ជាទិញជាង​ ២០០​ស្ថាប័ន​​តំណាង​ដោយក្រុមហ៊ុន American Apparel and footwear Association (AAFA), Amfori – trade with Purpose Ethical Trading Initiative (ETI), Fair Labor Association (FLA), Fair Wear Foundation (FWF) និងSocial Accountability International (SAI)។

ជាការកត់សម្គាល់ការ​សរសេរ​លិខិត​របស់​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ ផ្ញើរ​ទៅ​កាន់​ប្រមុខរដ្ឋាភិបាល សម្តេច ​ហ៊ុន សែន ​នេះគឺធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​លោក​ស្រី ​រ៉ូណា ស្មីត ​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​សិទ្ធិ​មនុស្ស​កម្ពុជា​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ដោយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ងាក​មក​ចាប់​យក​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ដើម្បី​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ និង​សន្តិភាព​ពិតប្រាកដ៕

Share

Image
Image
Image