en     km
en     km

មន្រ្តីបរិស្ថាន៖ មានវត្តមានសត្វខ្លាឃ្មុំនៅតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង

Share

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ សមត្ថកិច្ចបានឃើញ ដានជើងនៅលើដី និងរោមខ្លាឃ្មុំធំជាប់នឹងស្នាមរបួសសត្វគោមួយក្បាលរបស់ពលរដ្ឋនៅភូមិស្ទឹងតូច ឃុំកំពុងល្ពៅ នៅស្រុកសំឡូត ខេត្តបាត់ដំបង។

តាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដែលស្រង់សម្ដី លោក កត បូរ៉ាន បានបញ្ជាក់បន្ថែមថា ពិតជាមានវត្តមាននៃសត្វខ្លាឃ្មុំពិតប្រាកដមែន  ព្រោះបានពិនិត្យឃើញ មានរោម និងស្នាមក្រចកជាប់នឹងរបួសត្វគោ ដោយឡែករបៀបវាយប្រហារចំណីអាហារ​គឺវាខាំបំពង់កក្រោម និងខ្ទប់ចម្រុះ។

លោក កត បូរ៉ាន បានឱ្យដឹងដែរថា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ជាជម្រករស់នៅរបស់ហ្វូងខ្លាឃ្មុំព្រៃ ដែលខ្លះមានទំងន់ចាប់ពី ១៤០គីឡូក្រាម។

លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានបញ្ជាក់ដែរថា បន្ទាប់ពីមានការការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរនៅតាមតំបន់ការពារធម្មជាតិ រយៈពេល ១០ខែកន្លងមកនេះ ជាពិសេសនៅក្នុងខេត្តបាត់ដំបង វត្តមានសត្វព្រៃមានចំនួនកើនឡើងច្រើន។

បើតាមរយៈការអង្កេតចាប់បានពីកាម៉េរ់ា នៅតំបន់ការពារធម្មជាតិ ថនិកសត្វធំៗជាច្រើនបានបង្ហាញខ្លួន ជាពិសេសចំនួនសត្វខ្លាឃ្មុំ និងខ្លារខិន។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបង្កើត និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន ៥១កន្លែង ប្រកបដោយប្រសិទ្ឋភាព និងល្អប្រសើរលើផ្ទៃដីប្រមាណ៧,៥លានហិកតា៕

 

Share

Image
Image
Image