en     km
en     km

មន្រ្ដីសិទ្ធិមនុស្ស៖ស្ថានភាពសិទ្ធិមនុស្សកម្ពុជាមួយឆ្នាំមកនេះ ធ្លាក់ដល់ចំនុចដ៏គួរឱ្យព្រួយបាម្ភ 

Share

មន្រ្ដីសង្គមស៊ីវិល ធ្វើការតាមដានលើ សិទ្ធិមនុស្ស សិទ្ធិ ដីធ្លី និងការងារ នៅកម្ពុជា បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅរយៈពេលចុងក្រោយនេះ មានរូបភាពអាក្រក់ដដែល ហើយគួរឱ្យមានការព្រួយបារម្ភ។ 

ក្រុមស្រ្តីបឹងកក់ដែលចេញតវ៉ានាពេលកន្លងទៅ។
ក្រុមស្រ្តីបឹងកក់ដែលចេញតវ៉ានាពេលកន្លងទៅ។

ការលើកឡើងរបស់មន្រ្ដីសិទ្ធិមនុស្សនៅពេលនេះ ធ្វើឡើងបន្ទាប់ពីរកឃើញចំនុចអវិជ្ជមានជាច្រើនដែលបានកើតមានឡើងនៅក្នុងសង្គម ដូចជា ការចាប់ឃុំខ្លួនមន្រ្ដីសមាគមអាដហុក មន្រ្ដីគ.ជ.ប សកម្មជននយោបាយ ជាពិសេេស ស្រ្ដីសកម្មជនដីធ្លី និងការបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី ជាដើម។ តែបែបនេះក្ដី គណៈកម្មាការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល កន្លងមកតែងតែអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ល្អជាងប្រទេសជិតខាង។

លោក មឿន តុលា នាយកប្រតិបត្តនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស មានប្រសាសន៍ថា សិទ្ធិមនុស្សនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយនៅតែមានការរឹតត្បិតសេរីភាពពលរដ្ឋ និងមានការរំលោភច្បាប់ផ្សេងៗជាច្រើន ។ 

លោក មឿង តុលា ៖«យើងឃើញមកដល់ពេលនេះ សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយមិនតិចជាង៣០នាក់ទេ កំពុងជាប់ឃុំ ទីពីរ ចុងក្រោយគេនេះ គឺ លោកបណ្ឌិតកែម ឡី  ដែលជាអ្នកវិភាគទៅលើបញ្ហាសង្គមបញ្ហានយោបាយហ្នឹងត្រូវបានគេបាញ់សម្លាប់នៅកណ្ដាលទីក្រុងតែម្ដង ហើយនៅពេលថ្ងៃទៀត ហើយនៅកន្លែងមួយដែលមានកាមេរ៉ាសុវត្ថិភាពដែលចាប់បានរាល់សកម្មភាពរបស់មនុស្សទាំងអស់ហ្នឹង មិនទាន់រកឃើញឃាតករពិតប្រាកដនៅឡើយទេ ទោះបីជារដ្ឋាភិបាលចាប់បុរសម្នាក់ដែលអះអាងថាខ្លួនជាឃាតករក៏ដោយ ប៉ុន្ដែមហាជនមិនជឿថាគាត់នឹងជាឃាតករពិតទេ»។

លោក មឿន តុលា បន្តថាទង្វើរបស់រដ្ឋាភិបាលនិងអាជ្ញាធរកន្លងមក ធ្វើអោយស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយនៅតែធ្វើអោយពិភពលោកទាំងមូលមានការព្រួយបារម្ភ លើប្រទេសដែលពួកគេថាបានដើរថយក្រោយ។

លោកបញ្ជាក់លើចំនុចនេះថា៖ «ជាក់ស្ដែងកាលពីប្រជុំប្រចាំឆ្នាំនៃគណៈកម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មានប្រទេស៣៩ប្រទេសដែលជាសមាជិក បានចេញសេចក្ដីថ្លែងកាណ៍ អំពាវនាវឱ្យកម្ពុជានឹងពិចារណា មើលឡើងវិញដែរ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស ដូចជា សិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការជួបជុំ សិទ្ធិក្នុងការបង្កើតអង្គការសមាគម ល និងល ។ ចឹងទៅសម្រាប់សេចក្ដីថ្លែងការណ៍នឹងក៏បានបញ្ជាក់ដែរថា កម្ពុជាហាក់ដូចជា ចូលដល់ចំនុចមួយដែលត្រូវហៅថា ប្រកាសអាសន្នក្នុងការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។

មិនខុសពីគ្នាប៉ុន្មានដែរ លោក សៀ ភារម្យ នាយកប្រតិបត្តិនៃការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ក៏បានសង្កេតឃើញដូចគ្នាដែរថា មួយរយៈចុងក្រោយនេះ សិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈរឹតត្បិតធ្ងន់ធ្ងរហើយការរឹតត្បិតនេះ នាំអោយ គេដាក់កម្ពុជា ជារដ្ឋមានហានិភ័យនៃសិទ្ធិមនុស្ស។

លោក សៀ ភារម្យ  ៖ « មួយឆ្នាំទាក់ទងនឹងវិស័យសិទ្ធិមនុស្ស ចំពោះការគោរពសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំនេះ ដែលយើងឃើញថា មានលក្ខណៈរៀងធ្ងន់ធ្ងរបន្ថិច គឺ ធ្ងន់ធ្ងរតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ និងការបាញ់សម្លាប់លោកបណ្ឌិតកែមឡី» ។

ជុំវិញរឿងនេះដែរ ទីប្រឹក្សាឃ្លាំមើលអភិបាលកិច្ចសង្គមដើម្បីសេរីភាព និងយុត្ដិធម៌ លោក សួន ប៊ុនស័ក្ដិ និយាយ ថា ស្ថានភាពសិទ្ធិមនុស្សនៅមិនទាន់មានភាពល្អប្រសើរ  ហើយនិងមានភាពរកាំរកូសច្រើន ដូចជា ការចាប់មន្រ្ដីសិទ្ធិមនុស្សអាដហុក និងការចាប់ចងសកម្មជននយោបាយជាដើម។

លោក សួន ប៊ុនស័ក្ដិ ៖ «មានទៅដូចជារកាំរកូសច្រើនណាស់មែនទែនទៅ ដូចជាមានការចាប់អ្នកការពារសិទ្ធិមនុស្ស មានការចាប់សកម្មជននយោបាយ ដែលសុទ្ធតែជាអ្នកបម្រើផលប្រយោជន៍សាធារណៈ បើកាលណាយើងទៅចាប់ចោទប្រកាន់គ្នា ព្រោះតែបម្រើកិច្ចការសាធារណៈ វានាំអោយប៉ះពាល់ទៅដល់ស្ថានភាពសិទ្ធិមនុស្សខ្លាំង ទីពីរមួយទៀត គឺប្រជាពលរដ្ឋមានការតវ៉ាអីផ្សេងៗ គឺ ដូចជាការឆ្លើយតបតិចជាងការបង្រ្កាបទៅវិញ បើសរុបទៅខ្ញុំមើលឃើញថា មិនជាប្រពៃប៉ុន្មានទេ»។

លោក សួន ប៊ុនស័ក្ដិ បានចាត់ទុកស្ថានភាពទាំងអស់នេះ ថា ការឆ្លុះបញ្ចាំងអោយឃើញពីការដឹកនាំដែលមាននិន្នាការរឹតត្បិតច្រើនជាងការលើកកម្ពស់សិទ្ធិមនុស្សនិងសេរីភាព។

លោក សួន ប៊ុនស័ក្ដិ ៖ «កន្លែងនេះ គឺវា អាចឆ្លុះបញ្ចាំង។ មានន័យថា អ្នកដឹកនាំដូចជាមានចិត្តចង្អៀតក្នុងការលើកកម្ពស់តម្លៃ ហើយនិងសេរីភាពរបស់មនុស្សមែនទែនទៅ ។ ដល់ចឹងទៅ គឺ វាឆ្លុះបញ្ចាំងអោយឃើញថា ការដឹកនាំ ដូចជាមានតែនិន្នាការទៅរកការរឹតត្បិតវាច្រើនជាង ការលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពទៅវិញ»។

បើទោះជាមានការ លើកឡើង ឬរិះគន់ ដូចនេះក្ដីក៏ មន្ត្រីរដ្ឋាភិបាលនិងគណៈកម្មាការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល តែងតែបដិសេធ ហើយអះអាងថា កម្ពុជា នៅតែជារដ្ឋមានការគោរពសិទ្ធិមនុស្ស និងបើកសិទិ្ធសេរីភាពអោយពលរដ្ឋចូលក្នុងសកម្មភាពសង្គមច្រើន ជាងប្រទេសដទៃ នៅក្នុងតំបន់៕ 
 

Share

Image
Image
Image