en     km
en     km

មន្ទីរ​ព្យាបាល​រោគ​ស្ត្រី​មិន​យក​ថ្លៃ​សម្រាប់​អ្នក​ក្រីក្រ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​បង្ហើយការ​សាងសង់​

Share

cover-Nokor-Tep-Women's-Hopital
ភ្នំពេញ​៖​  មន្ទីរពេទ្យ​ព្យាបាល​រោគ​ស្ត្រី​ សម្រាប់​ព្យាបាល​ពលរដ្ឋ​ក្រីក្រ​ដោយ​មិន​យក​ថ្លៃ​ មានឈ្មោះ​ថា​ “​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​”​ កំពុង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ជួយ​វិភាគទាន​ថវិកា​ដើម្បី​បង្ហើយការ​សាងសង់​ ដែល​គ្រោង​នឹង​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​។​ ក្នុង​ការ​អំពាវនាវ​របស់​ខ្លួន​នេះ​ មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ នឹង​រៀបចំ​កម្មវិធី​ដើរ​ចម្ងាយ​ (Walkathon)​ ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​កសាង​មន្ទីរពេទ្យ​បង្ហើយ​ ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​ ២០១៥​ ខាង​មុខ​។​ តាម​ការ​ប៉ាន់ស្មាន​ទុកជា​មុន​ចំនួន​អ្នកចូលរួម​ក្នុង​ការ​ដើរ​ចម្ងាយ​នេះ​ នឹង​មាន​លើស​ពី​ ១​ពាន់​នាក់​។​

លម្អិត​ព័ត៌មាន​នេះ​ដោយ​ លោក​ ម៉ៅ​ សំណាង​ ៖

​អង្គការ​សប្បុរសធម៌​មួយ​ ដែល​កំពុង​សាងសង់​មន្ទីរ​ព្យាបាល​រោគ​ស្ត្រី​ សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដោយ​មិន​យក​ថ្លៃ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួយ​វិភាគទាន​ដើម្បី​បង្ហើយការ​សាងសង់​ នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ជាមួយ​គ្នា​ អង្គការ​សប្បុរសធម៌​នោះ​ក៏​នឹង​ធ្វើ​យុទ្ធនា​ការណ៍​រៃ​អង្គាសប្រាក់​ផង​ដែរ​។​

មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ ជា​មន្ទីរពេទ្យ​មួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​តា​ប៊ី​ថា​កម្ពុជា​ ដោយ​បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ​ បាន​សាងសង់​ជិត​រួចរាល់​នៃ​ជាន់​ទី​២​ នៅ​សល់​ ១៥%​ ទៀត​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​លោក​ សួ​ស​ ហេង​ មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ និង​ជា​អ្នកគ្រប់គ្រង​គម្រោង​សាងសង់​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ នៃ​អង្គការ​តា​ប៊ី​ថា​ កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​កំពុង​ខ្វះខាត​ថវិកា​
​ដើម្បី​សង់​បង្ហើយ​អគារ​ជាន់​ទី​ពីរ​របស់​ខ្លួន​ និង​កំពុង​អំពាវនាវ​ដល់​សាធារណជន​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ចូលរួម​ប្រាក់​ឧបត្ថម្ភ​ ដើម្បី​សង់​បង្ហើយ​អាគារ​មន្ទីរពេទ្យ​នេះ​។​

​លោក​ សួ​ស​ ហេង​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​  មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​បង្កើត​ឡើង​ក្នុង​គោលបំណង​ជួយ​ដល់​ស្ត្រី​នៅ​កម្ពុជា​ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​បញ្ហា​រោគ​ស្ត្រី​ ដូច​ជា​ជំងឺមហារីក​សុដន់​ដើម្បី​ឱ្យ​ស្ត្រី​មាន​ជីវភាព​ក្រីក្រ​នៅ​កម្ពុជា​មានឱកាស​ទទួល​បានការ​ព្យាបាល​ជំងឺ​ឱ្យ​រួច​ផុត​ពី​គ្រោះ​ដល់​ជីវិត​ ដោយ​មិន​គិតថ្លៃ​។​

លោក​ថា​ ការ​បង្កើត​មន្ទីរពេទ្យ​នេះ​ឡើង​ អង្គការ​តា​ប៊ី​ថា​កម្ពុជា​សង្ឃឹមថា​ នឹង​អាច​បញ្ឈប់​រាល់​ការ​លំបាក​ទាំងឡាយ​របស់​ស្ត្រី​ដែល​មាន​ភាព​អៀនខ្មាស​ ព្យាយាម​លាក់​ជំងឺ​ផ្សេងៗ​របស់​ខ្លួន​ទុក​ ព្រមទាំង​ជួយ​សម្រាលទុក្ខ​លំបាក​ផ្លូវចិត្ត​របស់​ស្ត្រី​ រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​នៅ​កម្ពុជា​។​

«​តាម​រយៈ​ការ​ធ្វើ​ការងារ​នៅ​តាម​សហគមន៍​ជិត​ ២០​ ឆ្នាំ​មកនេះ​ ហើយ​ធ្វើ​ការងារ​ជាមួយ​ប្រជាជន​ក្រីក្រ​ឃើញ​ថា​ ប្រជាជន​កម្ពុជា​មាន​ជំងឺ​ច្រើន​ណាស់​ ជា​ពិសេស​គឺ​ស្ត្រី​តែ​ម្តង​ …​ ហើយ​ពិសេស​នោះ​អ្នក​ក្រីក្រ​គ្នា​អត់​មាន​លុយ​ ខ្វះ​អនាម័យ​ក្នុង​ការ​រស់នៅ​ ដែល​បង្ក​ឱ្យ​មាន​បញ្ហា​រោគ​ស្ត្រី​ និង​ឈាន​ដល់​ជំងឺមហារីក​នេះ​ ដល់​អ៊ីចឹង​ទៅ​ យើង​ក៏​ចាប់ផ្តើម​បង្កើត​មន្ទីរពេទ្យ​នេះ​ឡើង​»​។​

លោក​ សួ​ស​ ហេង​ បានឱ្យ​ដឹង​ទៀត​ថា​ កម្មវិធី​ដើរ​ចម្ងាយ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ និង​រៃ​អង្គាស​ថវិកា​ជួយ​សាងសង់​មន្ទីរពេទ្យ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៦​ ខាង​មុខ​ នៅ​ក្នុងភូមិ​អរិយ​ក្សត្រ​
​ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ចាប់ពី​ម៉ោង​ ៧:៣០​ នាទី​ព្រឹក​ ដល់​ម៉ោង​ ១០​ ព្រឹក​ ដោយ​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ ៤​ គីឡូម៉ែត្រ​ និង​ ១០​ គីឡូម៉ែត្រ​។​

លោក​ថា​ សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរួម​ដើរ​ចម្ងាយ​នេះ​ក្នុង​ម្នាក់​តម្លៃ​ ១៥​ ដុល្លារ​ឡើង​ទៅ​ និង​សម្រាប់​សិស្ស​និស្សិត​គិត​ត្រឹម​ ៥​ ដុល្លារ​។​

​លោក​ សួ​ស​ ហេង​ បញ្ជាក់​ថា​ ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ដើរ​ចម្ងាយ​នេះ​ ឬ​ប្រជាពលរដ្ឋ​ចង់​បរិច្ចាគ​ថវិកា​ ដើម្បី​ជួយ​ដល់​ការ​កសាង​អគារ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ នោះ​ប្រជាពលរដ្ឋ​អាច​ទៅ​កាន់​ការិយាល័យ​ចុះ​ឈ្មោះ​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​អង្គការ​ តា​ប៊ី​ថា​កម្ពុជា​ ផ្ទះ​លេខ​ ២៣៩​ ផ្លូវ​លេខ​ ៥១​ កែង​ផ្លូវ​ ៣៦០​ខាងជើង​ផ្សា​របឹង​កេងកង​ ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ​ ០៩៥​ ៧៧៩​ ២៨២​។​

សូម​ជម្រាប​ថា​ នៅ​ក្នុង​ការ​សាងសង់​មន្ទី​ពេទ្យ​ព្យាបាល​រោគ​ស្ត្រី​នៅ​កម្ពុជា​ អង្គការ​តា​ប៊ី​ថា​កម្ពុជា​ បាន​ទទួល​ថវិកា​ពី​សប្បុរសជន​​នៅ​ទូ​ទាំង​ពិភពលោក​ តាម​រយៈ​ការ​បង្កើត​កម្មវិធី​ជា​ច្រើន​ដូច​ជា​ កម្មវិធី​ទទួលទាន​ពេល​ល្ងាច​ ដើម្បី​រៃ​អង្គាសប្រាក់​នៅ​ក្រៅប្រទេស​ កម្មវិធី​ដើរ​ម៉ា​រ៉ា​តុង​នៅ​សាំង​ហ្គា​ពួរ​ អូស្ត្រាលី​ អង់គ្លេស​ កា​ណា​ដា​ សហរដ្ឋ​អា​មេ​រិច​ និង​ព្រមទាំង​នៅ​កម្ពុជា​ផង​ដែរ​។​

សូម​ជម្រាប​ដែរ​ថា​ អ្នក​ផ្តើមគំនិត​ដំបូង​ក្នុង​គម្រោង​បង្កើត​មន្ទីរពេទ្យ​មួយ​នេះ​ គឺ​លោកស្រី​ ជេ​នី​ រីត​ស្កេ​ស​ (Janne​ Ritskes)​ ជនជាតិ​ហូ​ឡង់​ ដែល​ជា​ប្រធាន​អង្គការ​ តា​ប៊ី​ថា​កម្ពុជា​ (Tabitha​ Cambodia)​ ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​លោកស្រី​
អ៊ឹ​ង​ ក​ន្ថា​ផា​វី​៕

event-Nokor-Tep-Women's-Hopital

Share

Image
Image
Image