en     km
en     km

មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ កុំ​កាត់​ផ្តាច់​កូតា​ពាណិជ្ជកម្ម​ពី​កម្ពុជា​

Share

​ភ្នំពេញ​៖​ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួងពាណិជ្ជកម្ម​អំពាវនាវ​ ឲ្យ​សហភាព​អឺរ៉ុប​បន្ត​ជួយ​ និង​កុំ​យក​រឿង​នយោបាយ​នៅ​កម្ពុជា​ មក​ឡូ​កឡំ​ ដោយ​កាត់​ផ្តាច់​កូតា​ពាណិជ្ជកម្ម​ពី​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​ជា​ប្រទេស​ កំពុង​រីក​ចំរើន​ក្នុង​កំណើនសេដ្ឋកិច្ច​។​

​ព័ត៌​មាន​នេះ​ រាយការណ៍​ដោយ​លោក​ សេរី​ វឌ្ឍនៈ​៖

ក្នុង​កម្មវិធី​មួយ​ផ្សព្វផ្សាយ​របាយ​ការ​ណ៏​ស្តី​ពី​ “​ការ​វាយតម្លៃ​អំពើ​សុចរិត​ភាព​ធុរកិច្ច​ថ្នាក់​ជាតិ​”​ ដែល​កម្មវិធី​នេះ​បាន​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១៩​ ធ្នូ​នេះ​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​ លោក​ រាជ​ រ៉ា​ បាន​សរសើរ​ សហភាព​អឺរ៉ុប​ ដោយ​លោក​លើក​ឡើង​ថា​ ទំនិញ​ទាំង​អស់ពី​កម្ពុជា​ជា​ពិសេស​ផ្នែក​សម្លៀក​បំពាក់​ និង​ ផលិតផល​កសិកម្ម​ គឺ​ សហភាព​អឺរ៉ុប​បាន​ជួយ​ទិញ​ពី​កម្ពុជា​ ក្រោម​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ (​ EBA)​ ឬ​ ពាក្យ​ពេញ​ហៅ​ថា​ Everything​ but​ Arms​ មាន​ន័យ​ថា​ ទំនិញ​ទាំង​អស់ពី​កម្ពុជា​ គឺ​ទិញ​ទាំងអស់​លើកលែងតែ​អាវុធ​។​

​លោក​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​ជួយ​ទិញ​ទំនិញ​ពី​កម្ពុជា​ ឲ្យ​បាន​ច្រើន​ជាង​មុន​ ហើយ​កុំ​យក​រឿងរ៉ាវ​នយោបាយ​ កាត់​ផ្តាច់​កូតា​ពាណិជ្ជកម្ម​ ពី​កម្ពុជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជួប​ប្រទះ​ នឹង​ភាព​ក្រីក្រ​ ដោយ​លោក​លើក​ឡើង​ថា​ «​កុំ​មើល​ព្រៃ​តែ​មួយ​ដើមៗ​ តែ​ត្រូវ​មើល​ព្រៃ​ទាំងមូល​»​ ។​

​លោក​ រាជ​ រ៉ា​ ៖«​ជា​ពិសេស​សម្លៀក​បំពាក់​ ផលិតផល​កសិកម្ម​ ពី​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ ហើយ​សូមកុំ​យក​រឿង​នយោបាយ​មក​ឡូ​កឡំ​និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កម្ពុជា​ សូមកុំ​មើល​ព្រៃ​មួយ​ដើមៗ​ សូម​មើល​ព្រៃ​ទាំងមូល​។​»

​នៅ​ក្នុង​កម្មវិធី​នោះ​ ដែរ​ លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​ អង្គការ​តម្លាភាព​កម្ពុជា​ ក៏​បាន​ពន្យល់​ថា​ ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​នេះ​ គឺ​កម្ពុជា​ពុំ​មាន​សិទ្ធិ​ឯណា​ទៅ​ហាមឃាត់​គេ​កុំ​យក​រឿង​នយោបាយ​មក​វាយតម្លៃ​ ហើយ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នោះ​ទេ​ តែ​កម្ពុជា​ខ្លួនឯង​គួរតែ​ចេះ​ ម្ចាស់​ការ​លើ​ខ្លួនឯង​ ប្រមូល​ពន្ធ​ឲ្យ​បាន​ច្រើន​ ហើយ​ត្រូវ​ កាត់​បន្ថយ​អំពើ​រពុក​រលួយ​ និង​ប្រើប្រាស់​កញ្ចប់​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​។​

​លោក​ ព្រាប​ កុ​ល​៖​ «​ ទោះបីជា​យើង​មិន​ចង់​ឲ្យ​គេ​ផ្សា​ភ្ជាប់​រឿង​ នឹង​ ក៏​យើង​គ្មាន​សិទ្ធិ​អ្វី​ទៅ​ហាមឃាត់​អ្នកនយោបាយ​គេ​បាន​ទេ​!​ យើង​មិន​អាច​ស្មាន​ដឹង​ថា​ ៣​ អាទិត្យ​ក្រោយ​ឬ​ ៤​ អាទិត្យ​ក្រោយ​ សហភាព​អឺរ៉ុប​ ឬ​ សហរដ្ឋអាមេរិក​ នឹង​ ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ទេ​!​ តែ​អ្វី​ដែល​កម្ពុជា​ខ្លួនឯង​គួរតែ​ធ្វើ​ គឺ​ប្រមូល​ថវិកាជាតិ​ ឲ្យ​បាន​ច្រើន​ ប្រមូល​ពន្ធ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ កាត់​បន្ថយ​អំពើ​រពុក​រលួយ​ នេះ​គឺជា​វិធី​ដែល​ល្អ​បំផុត​បាទ​!​។​»

​លោក​បាន​ បន្ថែម​ទៀត​ថា​ សម្រាប់​លោក​ពុំ​ចង់​ឃើញ​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ ពី​សហភាព​អឺរ៉ុប​នោះ​ទេ​ ព្រោះថា​ ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កម្ពុជា​ នឹង​ ធ្វើ​ឲ្យ​មានការ​ជាប់​គាំង​សេដ្ឋកិច្ច​ កម្មករ​ កម្មការិនី​ជាង​ ១​ លាន​ នាក់​នឹង​ត្រឡប់​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​។​

​សម្លេង​ លោក​ព្រាប​ កុ​ល​៖​ «​ អឺ​!​ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ខ្មែរ​យើង​ ប្រសិនបើ​មានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ​ ខ្ញុំ​ពុំ​ចង់​ឃើញ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ មក​លើ​កម្ពុជា​នោះ​ទេ​ ព្រោះថា​ មាន​កម្មករ​ កម្មការិនី​ជាង​១​ លាន​ នាក់​ដែល​នឹង​ត្រូវ​អត់​ការងារ​ធ្វើ​ ហើយ​ត្រូវ​ចិ​ញ្ជឹ​ម​អ្នក​ផ្ទះ​នៅ​ឯ​ស្រុក​ និង​ប្រមាណ​ជាង​ ២​ លាន​អ្នក​ទៀត​ អ​ញ្ចឹ​ង​បើ​មានការ​ដាក់​សេដ្ឋកិច្ច​ គឺ​ពួក​គាត់​ពិបាកទៅ​ធ្វើស្រែ​ចម្ការ​ទៀត​ណាស់​។​»

​ទាក់ទិន​ រឿង​នយោបាយ​នៅ​កម្ពុជា​នេះ​ សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ បញ្ចប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពី​កម្ពុជា​ ដែល​គេ​ថា​ជា​វិធានការ​ដំបូងៗ​ នៃ​ការ​ដាក់​ទណ្ឌកម្ម​ លើ​ប្រទេស​កម្ពុជា​។​ ដោយសារ​រឿង​នេះ​ គេ​ឃើញ​លិខិត​មួយ​របស់​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ដែល​បាន​ប្រាប់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្មីៗ​នេះ​ ហើយ​ត្រូវ​បាន​វិទ្យុ​បារាំង​ចុះ​ផ្សាយ​ មាន​សេចក្ដី​ថា​ ប្រសិនបើ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​នាំ​ចូល​នោះ​ ប្រាប់​ពន្ធ​ដែល​ត្រូវ​បង់​គិត​ជា​មធ្យម​ មាន​រហូត​ដល់​ ៦៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ឆ្នាំ​។​ សហភាព​អឺរ៉ុប​ គឺជា​ដៃគូ​ ជាទី​ផ្សារ​សម្លៀក​បំពាក់​ និង​ ស្ករស​ ដ៏​ធំ​ជាងគេ​ របស់​កម្ពុជា​ ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ ជាង​ ៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​នៅ​ត្រឹម​ឆ្នាំ​២០១៤៕​

Share

Image
Image
Image