en     km
en     km

មន្ត្រីអតីតបក្សប្រឆាំងជំនាញផ្នែកព្រំដែនថា កម្ពុជាកណ្ដាលអាចនឹងមានវាសនាដូចកម្ពុជាក្រោម

Share

ភ្នំពេញ៖ អតីតតំណាងរាស្ត្រមកពីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា កម្ពុជាកណ្ដាលអាចនឹងមានវាសនាដូចកម្ពុជាក្រោម បើប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ហើយប្រជាជនមិនស្វែងយល់ពីប្រវត្តិសាស្ត្រ ។ តែយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាចថា ជាការលើកឡើងខុសទំនង ព្រោះបច្ចុប្បន្នគឺមានច្បាប់អន្តរជាតិសម្រាប់អនុវត្តន៍ ។

រាយការណ៍ដោយលោក សោម លាភ

 

អតីតតំណាងរាស្ត្រម្នាក់នៃគណបក្សសង្គ្រោះជាតិ ជាគណបក្សត្រូវបានតុលាការកំពូលរំលាយគឺ លោក អ៊ុំ សំអាន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជ្យក្រិត្យលើកលែងទោស បានសរសេរសារលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៤ មិថុនា ដោយបង្ហាញពីប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាចំថ្ងៃខួបទី៧០ នៃការបាត់បង់ទឹកដីនេះទៅវៀតណាម ។

លោកបានសរសេរថា​ ក្រោមការដឹកនាំកម្ពុជាដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលកាន់អំណាចជិត៤ ទសវត្ស បានកាត់ទឹកដីកម្ពុជាឱ្យទៅប្រទេសជិតខាងដោយផ្ទាល់ គឺការណ៍នេះ មិនដែលមានមេដឹកនាំណាមួយនៃប្រទេសនេះធ្វើបែបនេះឡើយដោយរាប់បញ្ចូលទាំងស្ដេចជ័យជេដ្ឋាទី២ផងដែរ ។

លោក អ៊ុំ សំអានថា ស្ដេចជ័យជេដ្ឋាទី២ ដែលមានព្រះមហេសីជាជនជាតិវៀតណាមនោះ គឺព្រះអង្គគ្រាន់តែអោយវៀតណាមខ្ចីដីកម្ពុជាក្រោមរស់នៅ និងហាត់ទាហានតែប៉ុណ្ណោះ ។  លោកបន្ថែមថា ការណ៍នេះក្រោយមក ជាហេតុធ្វើឱ្យជនជាតិវៀតណាមករស់នៅកម្ពុជាជាច្រើន ហើយបារាំងក៏បានកាត់ទឹកដីកម្ពុជាក្រោមអោយទៅប្រទេសនេះ កាលពីឆ្នាំ១៩៤៩ ។  លោកថានេះមិនមែនជាការបាត់ទឹកដីឱ្យវៀតណាមដោយផ្ទាល់នោះទេ តែជាការកាត់ឱ្យដោយប្រយោល ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេច  ហ៊ុន សែន បច្ចុប្បន្ន បានអោយវៀតណាមខ្ចីដីចំនួន៩៩ឆ្នាំ តាមរយ:រូបភាពដីសម្បទានសេដ្ឋកិច្ច ។  លោកថា សម្ដេច ហ៊ុន សែន បានអនុញ្ញាតឱ្យវៀតណាមចូលមករស់នៅកម្ពុជាជាច្រើន ព្រមទាំងផ្តល់សញ្ជាតិ និងភាពស្របច្បាប់ឱ្យពួកគេថែមទៀតផង ។

មន្ត្រីអតីតគណបក្សប្រឆាំងរូបនេះបញ្ជាក់បន្ថែមទៀតថា ប្រសិនបើប្រទេសកម្ពុជាមិនមានការផ្លាស់ប្ដូរមេដឹកនាំកម្ពុជាទេ ព្រមទាំងប្រជាជនភ្លេចខ្លួនក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នោះកម្ពុជាកណ្ដាល នឹងមានវាសនាមិនខុសពីកម្ពុជាក្រោម និងសុរិន្ទនាពេលអនាគតនោះទេ ។ លោកថា នេះនឹងចូលទៅក្នុងយុទ្ធសាស្ត្រដំណើរឆ្ពោះទៅទិសខាងលិចរបស់ហ៊ូជីមិញ ។  

ឆ្លើយតបនឹងអ្នកនយោបាយក្រុមប្រឆាំងរូបនេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការលើកឡើងរបស់គណបក្សប្រឆាំងរូបនេះជាការលើកឡើងខុសទំនង ។ 

ដោយឡែក លោក សុខ ឥសាន្ត បានសរសេរលើបណ្ដាញទំនាក់ទំនងតេលេក្រាមកាលពីថ្ងៃទី ២៩ ខែឧសភាថា បច្ចុប្បន្នកម្ពុជាក្រោមមិនមែនជារបស់ខ្មែរទៀតទេ ។

លោកថា ការសម្គាល់ទឹកដីកម្ពុជាក្រោមថាជារបស់ខ្មែរ នេះគ្រាន់តែជាអារម្មណ៍តែប៉ុណ្ណោះ ពោលគឺកម្ពុជាគ្មានលទ្ធភាពណាមួយអាចទាញយកមកវិញបានឡើយ ។ ជាងនេះ ការលើកឡើងនូវរឿងចាស់អំពីការឈ្លានពានរបស់ប្រទេសជិតខាង ហាក់ដូចជាការយកឈើឆ្កឹះដំបៅចាស់មកធ្វើជារឿងថ្មី ដែលនេះមិនមានផលចំណេញអ្វីបន្តិចទាល់តែសោះ ។

នៅថ្ងៃទី៤មីថុនាឆ្នាំ២០១៩នេះ សមាគមន៍ខ្មែរកម្ពុជាក្រោម ក៏បានធ្វើពិធីបុណ្យគម្រប់ខួប៧០ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលមានការចូលរួមក្រោមអធិតីភាពព្រះអង្គម្ចាស់ ស៊ីសុវត្តិពង្សនារី មនីពង្ស ព្រះរាជតំណាងរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

មុនពិធីនេះត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩ លោក ថាច់ សេដ្ឋា ប្រធានសហគមខ្មែរកម្ពុជាក្រោម បានចេញលិខិតអញ្ជើញដល់សាធារណៈជន ដោយលោកបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្មារតីកូនខ្មែរស្នេហាជាតិសុទ្ធសាធ ដើម្បីសម្តែងគារវកិច្ច និងដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់អ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងសាសនា ។

លោកថា កូនខ្មែរគ្រប់រូបត្រូវចងចាំទិវាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះ ក្នុងន័យកុំឲ្យដានប្រវត្តិសាស្ត្រអតីតកាលនៃការបាត់បង់ទឹកដី និងសោកនាដកម្មដ៏សែនខ្លោចផ្សា វិលមករកកូនខ្មែរជាថ្មីទៀត ។

លោកថ្លែងក្នុងកម្មវិធីនេះថា លោកចង់ឃើញខ្មែរមានការសាមគ្គីគ្នា ដូចការលើកឡើងរបស់សម្ដេចទៀ បាញ់កន្លងមកដើម្បីការពារទឹកដីឱ្យគង់វង្ស ។

ពាក់ព័ន្ធនឹងសិទ្ធិរស់នៅរបស់ប្រជាជននៅខ្មែរក្រោមវិញ កាលពីថ្ងៃទី ១ មិថុនា ក៏មានការប្រារព្ធឡើងនូវសន្និសីទក្រោមប្រធានបទថា “សិទ្ធិសម្រេចវាសនាដោយខ្លួនឯងរបស់ខ្មែរក្រោម” ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់  សុទ្ធសឹងជាសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីបណ្ដាប្រទេសជាច្រើនលើពិភពលោក មានអាមេរិក បារំាង អូស្ដ្រាលី និងអ៊ីតាលីជាដើម ។

សន្និសីទនេះជាសន្និសីទលើកទី២នៃការតស៊ូដើម្បីទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្មែរកម្ពុជាក្រោម ដែលធ្វើឡើងនៅវិមានសន្តិភាព នៅទីក្រុងឡាអេ  នៃប្រទេសហូឡង់ដ៍ ៕

 

 

Share

Image
Image
Image