en     km
en     km

មន្ត្រីទេសចរណ៍៖ដើម្បីឱ្យទេសចរណ៍កាន់តែជោគជ័យលុះត្រាមានកត្តាបំពេញបន្ថែម

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ អះអាងថា  ទេសចរណ៍វប្បធម៌និងធម្មជាតិ មិនអាចធ្វើឱ្យទស្សនៈវិស័យរដ្ឋាភិបាលជោគជ័យដូចការគ្រោងទុកឡើយ ប្រសិនបើមិនមានកតា្ដបំពេញបន្ថែម។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ។

តាមការចុះផ្សាយនេះបង្ហាញថា ការអះអាងបែបនេះធ្វើឡើងក្នុងជំនួបពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រិត្យស្ដីពីការបង្កើតតំបន់ទេសចរណ៍ពិសេស។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍កំពុងស្ថិតក្នុងកំណើនជាង ១០% ក្នុងមួយឆ្នាំៗ ដែលជាមោទនភាពសម្រាប់កម្ពុជា។ បែបនេះក្ដីលោកថា កំណើននៃវិស័យនេះវានឹងថយចុះវិញ ប្រសិនបើកម្ពុជាមិនបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។

រដ្ឋលេខាធិការរូបនេះបញ្ជាក់ទៀតថា ទស្សនវិស័យរបស់រាជរដ្ឋាភិបាល ដែលមានផែនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យបានប្រមាណ ៣០លាននាក់ ក្នុងឆ្នាំ ២០៣០នោះ គឺនឹងមិនអាចទៅរួចទេ ប្រសិនបើពឹងផ្អែកតែទៅលើទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិដូចសព្វថ្ងៃនេះ។

លោកថា កម្ពុជាត្រូវរៀបចំបង្កើតឱ្យមានផលិតជំនាញទេសចរណ៍ថ្មីៗ គឺទេសចរណ៍កែច្នៃ ដើម្បីបំពេញបន្ថែមលើសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ។

រយៈពេល១០ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៤.៩លាន កើនប្រមាណ ១១% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។ ទន្ទឹមនោះ ក៏មានការរំពឹងថា ពេញមួយឆ្នាំ ២០១៨នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ហើយទេសចរជាតិប្រមាណ ១០លាននាក់ ក្នុងកំណើនជាង ១០% បើប្រៀបធៀបឆ្នាំមុនផងដែរ៕

អត្ថបទ៖លោក សោម លាភ

Share

Image
Image
Image