en     km
en     km

មន្ត្រីជាន់ខ្ពស់​សហភាព​អ៊ឺ​រ៉ុ​ប​ព្រួយបារម្ភ​អំពី​អាកាសធាតុ​ឡើង​កម្ដៅ​ និង​ ភាពរាំងស្ងួត​នៅ​កម្ពុជា​

Share

​ភ្នំពេញ​៖​ ស្រប​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​លោក​ George​ Edgar​ បាន​ថ្លែង​ព្រួយបារម្ភ​ អំពី​ការ​ឡើង​កម្ដៅ​នៅ​​​​កម្ពុជា​ ខណៈ​ទឹកទន្លេ​មេគង្គ​ចាប់ផ្ដើម​រីងស្ងួត​ ។​

B43A1160AB
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ បន្ទាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ខេត្តរតនគិរី​ និង​ ខេត្តមណ្ឌលគិរី​ លោក​ George​ Edgar​ បាន​ថ្លែង​ថា​ លោក​កំពុង​ព្រួយបារម្ភ​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​និង​កម្រិត​ទឹក​ចុះ​ទាប​នៃ​អាង​ទឹកទន្លេ​មេគង្គ​ ។​

​លោក​ George​ Edgar​ ថ្លែង​តាម​រយៈ​អ្នកបកប្រែ​ថា​៖​ «​ការ​ពិត​ដែល​យើង​ធ្វើការ​ប្រៀបធៀប​ពី​ឆ្នាំ​មុន​ និង​ឆ្នាំ​នេះ​ គឺ​យើង​ឃើញ​ថា​ ស្ថានភាព​អាកាសធាតុ​មានការ​រាំង​ស្ងួត​ ក៏​ដូច​ជា​ក្ដៅ​ជាង​មុន​ច្រើន​ ហើយ​យើង​ក៏​បាន​ចុះ​ពិនិត្យ​នៅ​តាម​តំបន់​ព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី​ផង​ដែរ​…​ យើង​ព្រួយបារម្ភ​ទាក់ទង​នឹង​កម្រិត​ទឹកទន្លេ​មេគង្គ​គឺ​វា​ហាក់ដូចជា​នៅ​ក្នុង​កម្រិត​ទាប​»​។​

​លោក​ George​ Edgar​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ស្ថានភាព​នៃ​ការ​កើនឡើង​កម្ដៅ​នេះ​ គឺ​ ជា​បញ្ហា​ដែល​តែងតែ​កើត​មាននៅ​ក្នុង​​ប្រទេស​ជា​ច្រើន​ទៀត​  ហើយ​ក៏​ជា​បញ្ហា​ដែល​លំបាក​នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​ផង​ដែរ​។​

«​ ចំណុច​ទាំង​អស់នេះ​ គឺជា​កត្តា​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​ កម្ពុជា​យកចិត្តទុកដាក់​ ហើយ​ត្រូវ​រក​ដំណោះស្រាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំង​អស់នេះ​បាន​»​។​

​តាម​លោក​ George​ Edgar​ អ្វី​ដែល​សហភាព​អឺរ៉ុប​ បាន​លើក​ឡើង​មកនេះ​ គឺ​គ្រាន់តែ​ជាមួយ​ផ្នែក​នៃ​ការ​ជួយ​ទប់ស្កាត់​ការ​ប្រែ​ប្រួល​​អាកាសធាតុ​ប៉ុណ្ណោះ​ ប៉ុន្ដែ​មួយ​ផ្នែក​ទៀត​ត្រូវធ្វើ​ គឺ​ធ្វើការ​សម្របសម្រួល​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ព្រោះថា​ នៅ​ក្នុង​​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ទៅ​ទៀត​នេះ​ គេ​ជឿជាក់​ថា​ នៅ​នឹង​តែ​បន្ដ​មាន​ កើនឡើង​នៃ​សីតុណ្ហភាព​នៅ​ក្នុង​ពិភពលោក​ ក៏​ដូច​ជា​បន្ដ​កើ​ត​មាន​ភាពរាំងស្ងួត​ ៕​

Share

Image
Image
Image