en     km
en     km

មន្ត្រីជាន់ខ្ពស់ហ៊ុនស៊ិនប៉ិចលាលែងពីតំណែងខណៈមន្ត្រីជាន់ខ្ពស់បក្សGDPលាលែងពីបក្ស(មានសំឡេង)

Share

ភ្នំពេញ៖ ក្រោ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតសភានីតិកាលទី៦ កាលពីថ្ងៃទី ១៥ សីហា បង្ហាញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់បានកាន់កាប់អាសនៈសភាតែម្នាក់ឯង គឺ ១២៥អាសនៈ ស្រាប់តែមន្ត្រីជាន់ខ្ពស់របស់គណបក្សហ៊ុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យមូល ដ្ឋានបានលាលែងពីតំណែងពីបក្ស។ អ្នកសង្កេតការណ៍ចាត់ទុកថា ជាបញ្ហាផ្ទៃក្នុងបក្ស។

លោក រឿន ឬទី្ធ ជូនសេចក្ដីរាយការណ៍ !

យោងតាមលិខិតដែលចុះកាលពីថ្ងៃទី ១៨ សីហា  បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ៤រូប បានប្រកាសលាលែងពីតំណែងរបស់ខ្លួនមកធ្វើជាសមាជិកធម្មតាវិញ។

មន្ត្រីទាំងនោះ មាន លោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស៊្រី, លោក​ ញ៉េប ប៊ុនជិន ជាអនុប្រធានបក្ស។  ចំណែក​ លោក វ៉ាន់ សុផាន់ណា ក៏​ត្រូវ​បាន​ដកហូត​តំណែង​ជា​អគ្គលេខាធិការ​រង​ប្រតិបត្តិបក្សដែរ។

ការប្រកាសលាលែងពីដំណែងនេះធ្វើឡើង បន្ទាប់ពីសម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ប្រធានគណបក្សនេះ បាន​សម្រេច​ដកតំណែង​មន្រ្តី​ជាន់​ខ្ពស់​ទាំង៣រូបនេះ​ចេញ​ពីអនុប្រធាន​​គណ​បក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច​ ។ ​

គណបក្សហ៊្វុនស៊ិនប៉ិចបានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនេះ ធ្វើឡើងបន្ទាប់ពីសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ តែងតែងព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីបក្ស។

ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញគេឃើញថា មានមន្ត្រីជាន់ខ្ពស់ចំនួន ២រូប បានប្រកាសលាលែងពីគណបក្ស។

មន្ត្រីជាន់ខ្ពស់ទាំងពីរ គឺលោក ប៉ោ  សេដ្ឋា ជាប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំខេត្តស្វាយរៀង ។​  បន្ទាប់មក លោក ឃុន សាវឿន ប្រធានគណៈកម្មធិការប្រតិបត្តិខេត្តសៀមរាប និងសមាជិកគណៈកម្មការនាយកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។

ការរុះរើមន្ត្រីបក្សជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងការលាលែងពីបក្សនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបាននាំអោយមានការចោទសួរអំពី អត្ថប្រយោជន៍ និងទំនាស់ផ្ទៃក្នុងបក្ស បន្ទាប់ពីបក្សទាំងពីរពុំទទួលបានអាសនៈណាមួយក្នុងរដ្ឋសភា ដែលមើលទៅខុសពីការរពឹងទុករបស់ពួក គេ។

កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេងមើលឃើញថា ករណីគណបក្សហ៊្វុនស៊ិនប៉ិចនិងការលាលែងពីបក្សនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានហាក់ផ្សេងគ្នាបន្តិច។

កញ្ញាវិភាគថា បញ្ហាផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិចអាចមកពីក្បាលម៉ាស៊ិនដឹកនាំ ខណៈសម្ដេចក្រុមព្រះ មានជំងឺនេះ គឺជាកត្តាមួយដែរ ហើយម្យ៉ាងទៀតអាចមកពីការជះលទ្ធផល មិនល្អពីការបោះឆ្នោតផងដែរ។

នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានក្នុងស្រុក លោក​ ញ៉េប ប៊ុនជិន អតីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចមិនបាននិយាយច្រើននោះទេ។តែយ៉ាងណាមន្ត្រីទាំង ៤រូបនេះ បានថ្វាយកិខិតទៅសម្ដេចក្រុមព្រះថា កត្តាមកពីសុំលាលែងពីក្រុមប្រឹក្សាព្រឹទ្ធាចារ្យដោយសារពុំអាចបំពេញតួនាទីនេះ។

ចំណែកឯបញ្ហារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ កញ្ញា លី ស្រីស្រស់ យល់ថា ក៏អាចកើតចេញពីកត្តាផ្ទៃក្នុងដែរព្រោះកន្លងមកបក្សនេះ ថាត្រូវតែចូលរួមបោះឆ្នោត ហើយក្រោយថា មិនចូលរួម តែទីបំផុតបានសម្រេចចិត្ត ចូលរួម ហើយគ្មានបានអាសនៈនេះហើយ នាំអោយមានការលា លែង។

លោក ប៉ោ សេដ្ឋា ប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តស្វាយរៀងបញ្ជាក់ក្នុងលិខិតលាលែងដោយត្រឹមតែប្រកាសថា លាលែងពីបក្សតែម្ដង ហើយមិនបានបង្ហាញពីមូលហេតុអ្វីមួយជាក់លាក់ឡើយ។

ចំណែកឯ លោក ឃុន សាវឿន ប្រធានគណៈកម្មធិការប្រតិបត្តិខេត្តសៀមរាបបានបញ្ជាក់ពីមូលហេតុច្រើនរបស់លោកដែលត្រូវមើលឃើញលើបណ្ដាញសង្គម គឺលោកហាក់អស់ចិត្តពីការធ្វើនយោបាយ។

គួររំលឹកថា សម្រាប់អាណត្តិទី ៦នេះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលគ្រប់គ្រងអាសន្នៈក្នុងរដ្ឋសភាទាំង ១២៥។

ជុំវិញការបោះឆ្នោតនេះ គណបក្សតូចៗមួយចំនួនដែលមិនទទួលបានកៅអីក្នុងរដ្ឋសភានោះ គឺមានគណបក្សមួយចំនួនក៏ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឯបក្សខ្លះទៀតមិនទទួលស្គាល់។តែបែបនេះ ការបោះឆ្នោតអាណត្តិថ្មីនេះ ពុំមានវត្តមានគណបក្សសង្រ្គោះជាតិនោះទេ ដោយសារបក្សប្រឆាំងធំនេះ ត្រូវបានរំលាយខណៈមេបក្សនេះ គឺ លោក កឹម សុខា ​រងបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។

ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស់រួចមក សម្ដេច ហ៊ុន សែន បានប្រកាសបង្កើតវេទិកាពិគ្រោះយោបល់ជាមួយគណបក្សតូចៗដែលមិនទទួលបានអាសន្នៈក្នុងរដ្ឋសភា៕

 

 

 

Share

Image
Image
Image