en     km
en     km

មន្ត្រីក្រសួងយុត្តិធម៌៖ប្រទេសផ្សេងៗដាក់ប្រទេសគ្រាមានអាសន្នតឹងរ៉ឹងបែរជាមករិះគន់កម្ពុជា

Share

 លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានលើកឡើងថា ការរិះគន់របស់បណ្តាប្រទេស​លោកខាងលិច​ លើច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសស្ថិតក្នុងគ្រាមានអាសន្ន» នៃ​ប្រទេស កម្ពុជា គឺជាការរិះគន់បែបអយុត្តិធម៌បំផុត លើប្រទេសកម្ពុជា តែបែរជាបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក កំពុងអនុវត្តច្បាប់នេះយ៉ាងតឹងរឹងបំផុត ចំពោះប្រជាជនខ្លួនក្នុងគ្រាមានអាសន្នបែរជាមិនរងការរះគន់ទៅវិញ។

ការលើកឡើងបែបនេះ របស់លោក ជិន ម៉ាលីន ធ្វើឡើងនៅក្នុងឱកាសដែលលោកថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» នៅព្រឹកថ្ងៃទី២២ ខែមេសា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានពន្យល់និងបកស្រាយ ថា បញ្ញត្តិនៃអនុសញ្ញាអន្តរ​ជាតិ ក៏បានបើកផ្លូវអោយមានអនុវត្តច្បាប់បែបនេះ គឺអោយការពារផលប្រយោជន៍សាធារណៈ។

លោកបានបកស្រាយដូចនេះថា៖  « ក្នុងកាលៈទេសៈបែបនេះ បណ្តាប្រទេសមួយចំនួន បានដាក់ចេញនូវវិធានការដែលជាការរិតត្បិតសិទ្ធិសេរីភាព នៅពេលដែលប្រទេសរបស់គេត្រូវបានដាក់ នៅក្នុងភាពមានអាសន្ន អញ្ចឹងសួរថាតើ ការដាក់ចេញវិធានការរិតត្បិតរបស់ប្រទេសទាំងអស់នោះ ជារំលោភបំពានសន្ធិមនុស្សដែរ ឬទេ? ការអនុវត្តរបស់កម្ពុជា អត់មានអីខុសពី បណ្តាប្រទេសទាំងអស់នោះទេ ក្នុងកាលៈទេសៈបែបនេះ គឺតម្រូវឱ្យមានការដាក់ចេញនូវវិធានការមួយចំនួន ដែលជាការរិតត្បិតសិទ្ធិសេរីភាព ក៏ប៉ុន្តែ ដើម្បីបម្រើប្រយោជន៍សាធារណៈ ដើម្បីសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ អញ្ចឹងបណ្តាប្រទេសដទៃទៀត គេធ្វើបានដាក់ចេញវិធានការណ៍ ក្នុងការរិតត្បិតបានហេតុអីក៏កម្ពុជា មិនអាចមានច្បាប់ ហើយដាក់ចេញវិធានការណ៍រិតត្បិត ដើម្បីការពារអាយុជីវិត និងប្រយោជន៍របស់ជាតិកម្ពុជាបាន នេះជាការចោទប្រកាន់ដែលមានភាពលំអៀង និងអយុត្តិធម៌សម្រាប់កម្ពុជា»

លោក ជិន ម៉ាលីន អះអាងថា ការដាក់ចេញវិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺនៅមានភាពធូរស្រាលជាងបណ្តាប្រទេសមួយចំនួន ដែលកំពុងអនុវត្តន៍វិធានការណ៍ក្នុងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងស្ថានភាពប្រទេសមានគ្រាអាសន្ន។

លោក ជិន ម៉ាលីន បានហៅ ការរិះគន់របស់លោកស្រី រ៉ូណា ស្មីតថា អាចកើតចេញពីការព្រួយបារម្ភជ្រុល ដោយយល់មិនច្បាស់លាស់ពីខ្លឹមសារ នៃច្បាប់របស់កម្ពុជា ឬក៏លោកស្រីអាចយល់ខុស ពីខ្លឹមសារកម្ពុជា។ លោកថា ប្រទេសកម្ពុជា មានមូលដ្ឋានរបស់គ្រប់គ្រាន់ណាស់ ក្នុងការរៀបចំច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នេះ ដោយផ្អែកទៅលើច្បាប់សិទ្ធិមនុស្សជាតិ និងអន្ដរជាតិ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងទៀតថា មូលដ្ឋានបទពិសោធន៍របស់អន្ដរជាតិ ដែលជាអនុវត្ដនៅបណ្ដាប្រទេសដទៃ ជុំវិញពិភពលោក ដែលមានជាង៧០ ប្រទេសនោះ, ប្រទេសកម្ពុជា មិនមែនជាករណីដោយឡែកនោះទេ ហើយការរៀបចំច្បាប់គ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន សម្រាប់កម្ពុជា គឺមានការរៀបចំចាំបាច់ អនុលោមបញ្ញាត្ដិច្បាប់សិទ្ធិមនុស្សជាតិ និងអន្ដរជាតិ។

ក្រុមសិទ្ធិមនុស្ស ជាតិ និងអន្តរជាតិ រួមទាំងស្នងការសិទ្ធិមនុស្សអង្កការសហប្រជាជាតិ អង្គការសិទ្ធិ មនុស្ស  Human Rights Watch និងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដាក់ដោយឡែកពីគ្នាដោយរិះគន់ និងសម្ដែងការព្រួយបារម្ភ អំពីការ​អនុវត្តច្បាប់នេះ អាចប្រកាន់និន្នាការនយោបាយ ហើយក្លាយជាឧបករណ៍ ដើម្បី​បង្រ្កាប​ក្រុម​ប្រឆាំង ជាជាងបម្រើផល​ប្រយោជន៍សាធារណៈ។

ច្បាប់«ការគ្រប់គ្រងប្រទេសស្ថិតក្នុងគ្រាមានអាសន្នត្រូវបានសភានិងព្រឹទ្ធសភា អនុម័តហើយ បានបញ្ជូនដល់ ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ហើយកាលពីថ្ងៃទី២០មេសា ។ ក្រោយពីក្រុម​ប្រឹក្សានេះ ពិនិត្យអំពីធម្មនុញ្ញភាពហើយនោះ នឹងបញ្ជូនស្នើសុំការឡាយព្រហស្ថលេខា ពី​ព្រះមហាក្សត្រ ។

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានអោយដឹងថា បើទោះបីច្បាប់នេះចូលជាធរមានក៏ដោយ ប៉ុន្ដែមិនមែនមានន័យថា រាជរដ្ឋាភិបាលយកច្បាប់នេះមកប្រើនោះទេ ពោលប្រសិនបើស្ថានភាព ដូចពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលគ្មានការចាំបាច់ណាដើម្បីយកច្បាប់នេះមកប្រើប្រាស់នោះទេ។ ហើយច្បាប់នេះទៀតសោទ ក៏បានកំណត់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺធ្វើឡើងម្ដងរយៈពេល៣ខែម្តង ដោយមានសំណើពីឥស្សរជនកំពូលៗ៣រូប គឺប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ហើយនៅពេលបញ្ចប់វិញក៏ស្នើដោយឥស្សរជនកំពូលៗទាំង៣រូបដដែល។

សម្ដេច នាយករដ្ឋមន្ត្រី កាលពីដើមខែមេសា បានស្នើជាប​ន្ទាន់​សុំអោយព្រឹទ្ធសភា​នប្រជុំ​ដើម្បីអនុម័ត ដោយ​ប្រកាសថា កម្ពុជា កំពុងត្រូវការច្បាប់បែបនេះ ព្រោះស្ថានភាព នៃការ​ដាក់ប្រទេស គ្រាមាន​អាសន្នអាចនឹងកើតឡើង​ប្រសិនបើស្ថានភាពនៃការឆ្លងមេរោគកូរ៉ូណា នៅ​បន្តកើនឡើង។

តែបែប​នេះក្ដី សម្ដេច នាយករដ្ឋមន្ត្រី បានព្រមានថា ប្រសិនបើស្ថានភាពកាន់តែធ្ងន់ ធ្ងរ ការ​គ្រប់​​គ្រង​សណ្ដាប់​​ធ្លាប់កាន់តែលំបាក គឺត្រូវប្រើវិធានការសឹកទៀតផង។

តែយ៉ាងណា កម្ពុជា បានដាក់កំហិតនៃការធ្វើដំណើរ រយៈពេលខ្លី ដើម្បីកុំអោយពលរដ្ឋ ជួបជុំគ្នា ជាសាធារណៈ​នៅក្នុងឱកាសបុណ្យចូលឆ្នាំ នៅរវាង ថ្ងៃទី១៣-១៥មេសា ដែលពិធីនេះ ត្រូវបាន រាជរដ្ឋាភិបាល លុបចោល សម្រាប់ឆ្នាំ២០២០នេះ ដោយសារខ្លាចការឆ្លងមេរោគកូរ៉ូណា។

តែសូមជម្រាបថា នៅបណ្ដាប្រទេសមួយចំនួន គេមិនបានហោះច្បាប់នេះ ថាច្បាប់​ដាក់ប្រទេស​គ្រា​មានអាសន្ននោះ ទេ គេហៅថា ច្បាប់គ្រាមានអាសន្ន ផ្នែ​ក​សុខភាពសាធារណៈ ។ ប្រទេស​ទាំ​ងនោះ ដូចជា ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី បារាំង អង់គ្លេស អាល្លឺម៉ង់ អាមេរិក ជា​ដើម ៕

ដោយ៖ពៅនិកា

Share

Image
Image
Image