en     km
en     km

មន្ត្រីកម្ពុជា៖គោលនយោបាយការបរទេសមានហើយតែអ្នកវិភាគថាគួរឱ្យអ្នកការទូតដឹងថាតើកម្ពុជាដើរលើផ្លូវណា  

Share

អ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា កម្ពុជាមានគោលនយោបាយការបរទេសរបស់ខ្លួនជាក់លាក់ហើយ សម្រាប់អាណត្តិថ្មីនេះ។តែអ្នកវិភាគថា គួរធ្វើសន្និសីទជាមួយអ្នកការទូតនិយាយពីជំហរនយោ​បាយការបរទេសកម្ពុជា ព្រោះកម្ពុជាទើបមានសភានិងគណៈរដ្ឋមន្ត្រីថ្មី ខណៈ      ភាពស្របច្បាប់របស់រដ្ឋាភិបាល និងរដ្ឋសភា នៅឆាកអន្តរជាតិហាក់មានភាពចម្រូងចម្រាស់ ។

លោក សោម លាភ រាយការណ៍ជូន!

 

នៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី ៦ ដែលធ្វើឡើងកាលពីថ្ងៃពុធ ទី៥កញ្ញា បានប្រព្រឹត្តទៅយ៉ាងរលូនក្រោមព្រះរាជ ដ៏ខ្ពង់ខ្ពស់ពីអង្គព្រះមហាក្សត្រ ហើយក្នុងឱកាសនោះ តំណាងស្ថានទូតប្រទេសមួយចំនួនត្រូវបានអញ្ជើញអោយចូលរួមជាអ្នកសង្កេតការណ៍។ តែនៅក្នុងឱកាសនោះ អង្គទូត ឬតំណាងទូត ប្រទេសសេរី ជឿនលឿន ដូចសហរដ្ឋអាមេរិក សហភាពអឺរ៉ុបតំណាង ២៧ប្រទេស តំណាងស្ថានទូតអង់គ្លេស មិនបាន ចូលរួមនោះទេ។

អវត្តមានរបស់ស្ថានទូតនៃប្រទេសប្រជាធិបតេយ្យលោកខាងលិច​​នាំអោយមានការចោទសួរពីមូលហេតុនៃអវត្តមានរបស់ពួកគេ ខណៈប្រទេសទាំងនោះ មិនបានអោយតម្លៃការបោះឆ្នោតសភាកាលពីថ្ងៃទី ២៩កក្កដា។

នូវការអញ្ជើញរបស់អគ្គលេធិការដ្ឋារដ្ឋសភាឃើញថា បានអញ្ជើញតំណាងស្ថានទូត ៣១ប្រទេស។​ ក្នុងកិច្ចប្រជុំសភា ម្សិលមិញនេះ មានស្ថានទូត ចំនួន ២២បានចូលរួម ក្នុងនោះ មានតំណាងសា្ថនទូតជប៉ុនផងដែរ ។ 

នៅក្នុងការបោះឆ្នោតសភាអាណត្តិទី ៦នេះ ប្រទេសជប៉ុនមិនបានបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនោះទេ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការនៃរដ្ឋសភាមានប្រសាសន៍នៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីថា វត្តមានតំណាងស្ថានទូតជប៉ុន បានមកចូលរួមក្នុងកិច្ចប្រជុំសភាដំបូងនេះដែរ។ លោកថា វត្តមានតំណាងស្ថានទូតជប៉ុនក៏ធ្វើអោយកម្ពុជាមានមោទនភាពដែរ។ តែលោកមានការខកចិត្តដែលស្ថានទូតមួយចំនួនមិនចាត់តំណាងរបស់ខ្លួនមកចូលរួម។

ក្រោយពីសមាជិកគណៈរដ្ឋមន្ត្រីទទួលបានការអនុម័តយល់ព្រមពីរដ្ឋសភា ​និងបានស្បថរួចហើយ  គេរំពឹងថា សម្ដេចនាយករដ្ឋមន្ត្រីនឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយទៀតនោះ។

វត្តមានរបស់សម្ដេច ហ៊ុន សែន ត្រូវបានគេមើលឃើញថា ជាផ្នែកមួយដែលបង្ហាញឈ្មោះកម្ពុជាថ្មីទៀតនៅលើឆាកអន្តរជាតិ។  

នៅពេលវិទ្យុស្ត្រីសួរ ថាតើកម្ពុជាមានគំរោងធ្វើវេទិកា ឬក៏ធ្វើសន្និសីទជាមួយស្ថានទូតបរទេសប្រចាំនៅកម្ពុជាដើម្បីបង្ហាញពីគោលនយោបាយការបរទេសកម្ពុជាឬទេ?

លោក ផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជាមានសៀវភៅគោលនយោបាយកម្ពុជារួចហើយ។ លោកថា គោលនយោបាយរាជរដ្ឋា​ភិបាលអាណត្តិទី ៦ថ្មីនេះ ត្រូវបានផ្សព្វផ្សាយ និងចែកចាយអោយតំណាងស្ថានទូតដែលបានមកសង្កេតការណ៍នៅក្នុងសម័យរដ្ឋសភាដំបូងរួចរាល់ហើយ។ លោកបញ្ជាក់ថា ស្ថានទូតទាំងអស់ដែលតំណាងឱ្យប្រទេសខ្លួនប្រចាំនៅកម្ពុជាពុំមានឥទ្ធិពលអ្វីទៅលើការសម្រេចចិត្តរបស់កម្ពុជាទេ។

កាលពីថ្ងៃទី ៥ កញ្ញា ម្សិលមិញ មានការបើកសម័យប្រជុំដំបូងរបស់សភាកម្ពុជា ហើយសភាបានប្រកាសសុពលភាពតំណាងរាស្ត្រទាំង ១២៥ រូបរួចរាល់ហើយ។

សម្រាប់ការប្រជុំរដ្ឋសភានៅថ្ងៃទី ៦ កញ្ញានេះ មានរបៀបវារៈ ដូចជា ការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតំាងប្រធាន អនុប្រធានរដ្ឋសភា និង ប្រធាន អនុប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះសមាសភាពរាជរដ្ឋាភិបាលដែលនេះ ក៏ជាផ្នែកនៃរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋនៅកម្ពុជាមួយដែរ។ តែយ៉ាងនេះ គោលនយោបាយការណ៍បរទេស គឺកត្តាសំខាន់មួយនៃការបង្ហាញពីយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវអនុវត្តដោយកាន់ជំហរបែបណា ខណៈសហគមន៍អន្តរជាតិមួយចំនួនមិនទាន់បានអោយតម្លៃលើភាពស្របច្បាប់នៃរដ្ឋសមាជិកសភាថ្មីនោះឡើយ។

លោក ឯម សុវណ្ណរ៉ា អ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ថា ជាទូទៅក្រោយពេលដែលបង្កើតរដ្ឋាភិបាលថ្មី គឺរដ្ឋាភិបាលនោះត្រូវធ្វើលិខិតអញ្ជើញអគ្គរដ្ឋទូតតំណាងឱ្យប្រទេសរបស់ខ្លួនឱ្យមកចូលរួមក្នុងការសិក្សានយោបាយការបរទេសរបស់ខ្លួន។

លោក ឯម សុវណ្ណរ៉ា បញ្ជាក់ទៀតថា វត្តមានរបស់អ្នកការទូតបរទេស គឺមានសារៈសំខាន់ចំពោះការធ្វើអោយសភា និងគណៈរដ្ឋមន្ត្រីថ្មីកាន់តែមានភាពស្របច្បាប់លើឆាកអន្តរជាតិ។ លោកពន្យល់ថា បើអវត្តមានរបស់មន្ត្រីទូតទាំងនោះ គឺជាករណីផ្សេងទៀងទៀត។

ជាការកត់សម្គាល់ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាល និងរដ្ឋសភា ហាក់មានការប្រឈមនឹងវត្តមានរបស់ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេស អាសនៈកម្ពុជានៅក្នុងសហភាពអន្តរសភា IPU ដែលមកដល់ពេលនេះ មិនទាន់ច្បាស់ថា សភាIPU នៅបន្តទទួលស្គាល់អាណត្តិថ្មីនៃរដ្ឋសភានេះនៅឡើយទេ ខណៈសភាពិភពលោកនេះ ធ្លាប់ព្រមានថា មិនទទួលស្គាល់សភាថ្មីនេះ ហើយបែរជា នៅទទួលស្គាល់សមាជិកសភាបក្សសង្រ្គោះជាតិទៅវិញ។ តែបែបនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​ សុខ ឥសាន្ត បាននិយាយក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីថា  សហភាពអន្តរសភា IPU មិនមានសិទ្ធិអំណាចដកសមាជិកភាពរបស់សភាកម្ពុជានោះទេ៕

 

Share

Image
Image
Image