en     km
en     km

មន្ដ្រី​​អគ្គ​ស្នង​ការដ្ឋាន​​នគរបាល​​ជាតិ​ថា​​ ចំនួន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​មាន​ការ​​ថយ​​ចុះ​

Share

ភ្នំពេញ ៖ ​លោក​ ថី​ វិសាល​ មន្ដ្រី​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​ចំនួន​គ្រោះថ្នាក់​ ចរាចរណ៍​នៅ​ដើម​ខែមករា​ កុ​ម្ភះ​ និង​មីនា​ ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦​ គឺ​ចំនួន​គ្រោះថ្នាក់​ របួស​និង​ស្លាប់​មានការ​ថយ​ចុះ​។​ ​​

traffic-Jam100516
សកម្មភាព សិក្ខាសាលា​ស្ដី​ពី​ «​ការ​ពិនិត្យ​ឡើង​វិញ​ លើ​ការ​ជុំរុញ​ការ​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ព្រមទាំង​កុមារ​»​ នា​ថ្ងៃ​ទី​១០​ខែឧសភា​ឆ្នាំ​២០១៦​


លោក​វរសេនីយ៍ត្រី​ ថី​ វិសាល​ បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ «​ការ​ពិនិត្យ​ឡើង​វិញ​ លើ​ការ​ជុំរុញ​ការ​ពាក់មួក​សុវត្ថិភាព​ សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ព្រមទាំង​កុមារ​»​ នា​ថ្ងៃ​ទី​១០​ខែឧសភា​ឆ្នាំ​២០១៦​ ។


លោក​ ថី​ វិសាល​ ៖​ «​ចំពោះ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ យើងខ្ញុំ​សូម​លើក​ឡើង​ របាយការណ៍​ស្ដី​ពី​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ត្រីមាស​ទី​១​នៃ​ដើមឆ្នាំ​២០១៦​ធៀប​និង​រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​២០១៥​ឃើញ​ថា​ គ្រោះថ្នាក់​របួស​ហើយ​និង​ស្លាប់​នៅ​ក្នុង​ក្រា​ហ្វិ​ចនេះ​ សុទ្ធតែ​ថយ​ចុះ​ទាំងអស់​គ្រាន់តែ​ថា​តិច​ឬ​ក៏​ច្រើន​» ។​​

​បើ​តាម​លោក​ ថី​ វិសាល​ គឺ​ករណី​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​បី​ខែ​ នៃ​ត្រីមាស​ទី​១​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦​នេះ​ឃើញ​ថា​ រយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ​ចំនួន​គ្រោះថ្នាក់​ បាន​ថយ​ចុះ​ចំនួន​១១៤​ករណី​ប្រហែលជា​១០​ភាគរយ​ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​មានការ​ថយ​ចុះ​ប្រហែលជា​៧​នាក់​ ដោយ​ថយ​ចុះ​ប្រហែលជា​១​ភាគរយ​ ហើយ​របួស​គឺ​ថយ​ចំនួន​២១៧​នាក់​ដែល​ស្មើ​និង​ការ​ថយ​ចុះ​ប្រហែលជា​១០​ភាគរយ​ ។​​

​ទោះជា​បែប​នេះ​ក្ដី​ លោក​ គឹ​ម​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ AIP​ ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ការ​ប្រឡងប្រជែង​ស្នាដៃ​អត្ថបទ​របស់​អ្នក​សារព័ត៌មាន​ លើ​ការ​ពាក់មួក​សុវត្ថិភាព​ថា​ នៅ​ទូ​ទាំង​ពិភពលោក​ការ​អនុវត្ត​ច្បាប់​ដោយ​មន្ដ្រី​នគរបាល​ចរាចរណ៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ។​​

​លោក​ថា​ ថ្វីបើ​មានការ​អប់រំ​ផ្សព្វផ្សាយ​ជា​បន្ដបន្ទាប់​ ចាប់តាំងពី​ឆ្នាំ​២០០៦​ ក៏​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​ក្នុង​នោះ​បាន​កំណត់​ថា​ អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ ព្រមទាំង​កុមារ​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ ក៏​ការ​អនុវត្ត​នេះ​មិន​ទាន់​មាន​ប្រសិទ្ធភាព​។​ តាម​របាយការណ៍​របស់​ អង្គការ​នេះ​គឺ​លទ្ធផល​នៃ​ការ​អនុវត្ត​របស់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រមទាំង​កុមារ​ គឺគិត​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​ប្រមាណ​តែ​១៥​ភាគរយ​ប៉ុណ្ណោះ​ ។​​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ មូលហេតុ​ដែល​បង្ករ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ​ គឺ​កត្តា​បើកបរ​ហួស​ល្បឿន​កំណត់​ និង​កត្តា​ស្រវឹង​ ។​​

​ជាមួយ​គ្នា​នេះ​បើ​តាម​ លោក​ ថី​ វិសាល​ មន្ដ្រី​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​គឺថា​ មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ ៖​ កត្តា​ងងុយ​១​ភាគរយ​ កត្តា​យានយន្ដ​៣​ភាគរយ​ បត់​៩​ភាគរយ​ វ៉ា​ជែង​១១​ភាគរយ​ មិន​គោរព​សិទ្ធិ​អាទិភាព​១១​ភាគរយ​ មិន​ប្រកាន់​ស្ដាំ​១១​ភាគរយ​ ស្រវឹង​១៣​ភាគរយ​ កត្តា​ល្បឿន​៤០​ ភាគរយ​ ផ្សេងៗ​១​ភាគរយ​…៕

Share

Image
Image
Image