en     km
en     km

មន្ដ្រី​នាំពាក្យ​ ៖​ កម្ពុជា​នៅ​តែ​រក្សា​ជំហរ​នយោបាយ​បរទេស​ដោយ​ មិន​ងាករេ​ទៅ​រក​ប្រទេស​ណា​ទាំងអស់​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​នាំពាក្យ​បក្ស​កាន់​អំណាច​ បាន​អះអាង​ថា​ កម្ពុជា​ នៅ​តែ​រក្សា​ជំហរ​ កណ្ដាល​ ដោយ​មិន​ងាក​ទៅ​រក​ប្រទេស​ណាមួយ​ផ្ដាច់មុខ​ឡើយ​។​ តែ​កម្ពុជា​ ក៏​ពិចារណា​ដែរ​ ចំពោះ​ប្រទេស​ដែល​នៅ​តែ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​ សម្រាប់​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​ ឃើញ​ថា​ កម្ពុជា​នៅ​មិន​ទាន់​ច្បាស់​ថា​ត្រូវ​ ទៅ​រក​ប្រព័ន្ធ​គ្រប់គ្រង​ណា​ ជាក់លាក់​នោះ​ទេ​ ប៉ុន្ដែ​ត្រូវធ្វើ​យ៉ាងណា​រក​ដំណោះស្រាយ​ដើម្បី​ងាយ​សហការ​ជាមួយ​គ្រប់​ប្រទេស​ប្រយោជន៍​លំនឹង​នយោបាយ​ និង​សេដ្ឋកិច្ច​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ រាជរដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​កាលពី​ចុងខែ​កក្កដា​ ឆ្នាំ​២០១៨​ នឹង​ត្រូវ​បង្កើត​ឡើង​។​ នេះ​គឺជា​ការ​រៀបចំ​ឋា​នុ​ក្រុម​ប្រព័ន្ធ​គ្រប់គ្រង​ជា​ថ្មី​ និង​ការ​ដាក់​ផែនការ​នានា​ ដើម្បី​អភិវឌ្ឍន៍​ និង​ដឹកនាំ​ប្រទេស​ រយៈពេល​ ៥​ឆ្នាំទៅ​មុខ​ទៀត​។​

​ទន្ទឹម​នឹង​រដ្ឋាភិបាល​ថ្មី​កំពុង​ត្រៀម​បង្កើត​ឡើង​ លោក​ សុខ​ ឥ​សាន​ មន្ដ្រី​នាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​តែ​មួយ​គត់​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ទទួល​បាន​សំឡេង​គាំទ្រ​ដ៏​ច្រើន​លើសលប់​នោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​អាណត្ដិ​ថ្មី​ នៅ​តែ​រក្សា​ជំហរ​ អនុវត្ដន៍​គោលនយោបាយ​ការ​បរទេស​ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​ នឹង​នៅ​តែ​បន្ដ​កសាង​ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ឬ​ក៏​មនោគមន៍​របស់​ប្រទេស​ណាមួយ​ឡើយ​។​ កម្ពុជា​នៅ​តែ​ឈរ​លើ​គោលការណ៍​ ស្មើភាព​ និង​ គោរព​ដែន​អធិបតេយ្យ​ ទៅ​វិញ​ទៅ​មក​។​

​កន្លង​មក​កម្ពុជា​ ត្រូវ​បាន​គេ​គិត​ថា​ បាន​ងាកខ្លួន​ទៅ​រក​ចិន​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​ ដើម្បី​ឲ្យ​ចិន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស​។​ ករណី​នេះ​មន្ដ្រី​នាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​ បដិសេធ​ ដោយ​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​គ្រប់​ប្រទេស​ ដែល​ចូល​មក​ចងមេត្រី​ជាមួយ​កម្ពុជា​។​ ក៏​ប៉ុន្ដែ​កម្ពុជា​ មិន​ស្វាគមន៍​ប្រទេស​ណាមួយ​ដែល​ចូល​មក​ មាន​បំណង​ជ្រៀតជ្រែក​ កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។​

​លោក​ សុខ​ ឥ​សាន​ បន្ដ​ថា​ ជា​ការ​ពិត​កម្ពុជា​ហាក់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ ពីព្រោះ​តែ​ចិន​ជា​ប្រទេស​ដែល​តែងតែ​ជួយ​កម្ពុជា​ ដោយ​មិន​ដាក់​លក្ខខណ្ឌ​ ឬ​ក៏​គាបសង្កត់​កម្ពុជា​ឲ្យ​ធ្វើ​តាម​។​ ករណី​នេះ​ លោក​ស្នើ​ឲ្យ​ប្រទេស​ដែល​តែងតែ​ជ្រៀតជ្រែក​កិច្ចការ​នានា​របស់​កម្ពុជា​ ពិសេស​គឺ​កិច្ច​ផ្ទៃក្នុង​ គួរ​ពិនិត្យ​មើល​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​ ៖«​អ​ញ្ចឹ​ង​មិន​អាច​ចោទ​ថា​ កម្ពុជា​ហ្នឹង​លំអៀង​ទៅ​រក​ខាង​ណេះ​ខាង​ណោះ​បាន​ទេ​ ហើយ​សុំ​ឲ្យ​បណ្ដា​ប្រទេស​ដែល​មាន​ចរិត​ចូល​ចិត្ដ​ជ្រៀក​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ សូម​ឲ្យ​ពិនិត្យ​មើល​បញ្ហា​នេះ​ផង​»​។​

​មន្ដ្រី​នាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ អះអាង​ថា​ កម្ពុជា​នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ ប្រទេស​មួយ​ចំនួន​ដែល​នៅ​តែ​បន្ដ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ជុំវិញ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ លោក​ គឹ​ម​ សុខ​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ ទទួលស្គាល់​ថា​ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ពិតជា​មិន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ជាក់លាក់​ ងាក​ទៅ​រក​ប្រទេស​ណាមួយ​នៅឡើយ​ទេ​ គឺ​សូ​ម្បី​ប្រទេស​ចិន​ ។​ តែ​លោក​ថា​ នៅ​ពេល​នេះ​ រដ្ឋាភិបាល​កំពុង​ ព្យាយាម​បន្ធូរ​ស្ថានការណ៍​ ដើម្បី​ឲ្យ​អន្ដរជាតិ​ទាំង​សេរី​ និង​កុ​ម្មុ​យ​នី​ស​ ទទួលស្គាល់​ដូច​គ្នា​ អំពី​កិច្ចការ​ដែល​កម្ពុជា​កំពុង​ធ្វើ​ និង​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​។​

​យ៉ាងណា​ លោក​ គឹ​ម​ សុខ​ គិត​ថា​ ទំនង​មិន​បាន​ផល​នោះ​ទេ​ បើកាលណា​អន្ដរជាតិ​នៅ​តែ​ប្រកាន់​ជាប់​ ថា​ កម្ពុជា​ មិន​ទាន់​បាន​ធ្វើ​អ្វី​ដែល​ឆ្លើយ​តប​ពិតប្រាកដ​ស្រប​ទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ៖«​ខ្ញុំ​គិត​ថា​ ការ​ប្រឹងប្រែង​ទាំងឡាយ​ណា​ដែល​មិន​មាន​ភាព​ស្មោះត្រង់​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ជា​អ្វី​ដែល​សហគមន៍​អន្ដរជាតិ​ជួយ​ជ្រោមជ្រែង​តាម​រយៈ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ឆ្នាំ​១៩៩១​ ហើយ​សមិទ្ធផល​ទាំងឡាយ​ដែល​កើត​ចេញពី​កិច្ចព្រមព្រៀង​ហ្នឹង​ វា​មិន​ទាន់​បានឃើញ​ជា​ផល​ផ្លែ​ដល់​សង្គម​ជាតិ​ តែ​វា​ឃើញ​តែ​ដើរ​ថយក្រោយ​វិញ​នោះ​។​ រដ្ឋាភិបាល​ថ្មី​នេះ​ ពុំ​មាន​មូលដ្ឋាន​ឯណា​ ដែល​នឹង​អាច​ទទួលស្គាល់​ពី​សហគមន៍​អន្ដរជាតិ​បាន​ទេ​»​។​

​កម្ពុជា​ មាន​សន្តិភាព​ ក្រោម​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​បារី​ស​ ២៣​តុលា​ ១៩៩១​។​ ក្រោម​ស្មារតី​នេះ​ កម្ពុជា​ ទទួល​បាន​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ តាម​រយៈ​ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​បារី​ស​ កម្ពុជា​ ត្រូវ​បាន​បង្ខំ​អោយ​អនុវត្តន៍​ការ​គោរ​សិ​ទិ្ធ​មនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​មួយ​ដ៏​រឹង​មាំ​។​ តែ​ការ​បោះ​ឆ្នោត​សភា​ល​កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ដែល​អវត្តមាន​ បក្ស​ប្រឆាំង​ធំ​មួយ​ បាន​នាំ​ឲ្យ​មានការ​ចោទសួរ​ ពី​គុណ​តម្លៃ​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ខណៈ​ពួក​លោក​សេរី​ មើល​មក​ឃើញ​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​គ្រោះថ្នាក់​។​ តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ នៅ​តែ​អះអាង​ថា​ ប្រជាធិបតេយ្យ​នៅ​តែ​ត្រូវ​បាន​លើកតម្កើង​ ដោយ​មិន​ស្ថិត​នៅ​ក​ក្រោម​ ចំណាប់ខ្មាំង​របស់​ក្រុមប្រឆាំង​ និង​ប្រទេស​ណាមួយ​ឡើយ​៕

Share

Image
Image
Image