en     km
en     km

មន្ដ្រី​តុលាការ​នឹង​ទទួល​បាន​ប្រាក់ខែ​ចាប់ពី​ ១​ លាន​ប្រាំសែន​ ទៅ​ ១០​ លាន​រៀល​ក្នុង​មួយខែ​នៅ​ដើម​ខែមេសា​

Share

​ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដីសម្រេច​ផ្ដល់​ប្រាក់​បំណាច់​ខែ​ថ្មី​ទៅ​ដល់​ចៅក្រម​ ព្រះរាជអាជ្ញា​ និង​មន្ដ្រី​តុលាការ​ ដែល​នឹង​ត្រូវ​ទទួល​បាន​ប្រាក់ខែ​ចាប់ពី​១​លានប្រាំ​សែន​រៀល​ រហូត​ដល់ ​១០ ​លាន​រៀល​ក្នុង​មួយ​ខែ​ ដោយ​ផ្តើម​អនុវត្ដន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​តទៅ​។​

​នៅ​ដើមខែ​មេ​សា​ ឆ្នាំ ​២០១៦ ​ខាង​មុខ​នេះ​ ចៅ​ក្រុម​ ព្រះរាជអាជ្ញា​ មន្ត្រី​តុលាការ​នឹង​ទទួល​បាន​ប្រាក់ខែ​ថ្មី​ ​ចាប់ពី​ ១​លាន​ប្រាំ​សែ​ន​​រៀល​ រហូត​ដល់ ​១០ ​លាន​រៀល​ក្នុង​មួយ​ខែ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន​ នៅ​ថ្ងៃ​ទី​ ១២ ​ខែមីនា​នេះ​។​

VAV

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ ជិន​ ម៉ា​លី​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​សៅ​រិ៍​នេះ​ថា​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ក្នុង​ការ​តម្លើង​​ប្រាក់​បំណាច់​មុខងារ​ដល់​ចៅ​ក្រុម​ និង​ព្រះរាជអាជ្ញា​គ្រប់​ថ្នាក់​ គ្រប់​កម្រិត​ទាំងអស់​ ដោយ​ការ​ដំឡើង​នេះ​ផ្តោត​ទៅ​តាម​ថ្នាក់​ និង​តួនាទី​របស់​ពួក​គេ​។​

​លោក​ ជិន​ ម៉ា​លី​ន​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ជា​ទូទៅ​ក្រសួងយុត្តិធម៌​មាន​គោលដៅ​មួយ​ចំនួន​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ដើម្បី​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​បាន​ប្រសើរ​ជាង​មុន​។​

​លោក​ ជិន​ ម៉ា​លី​ន​ក៏​បាន​បញ្ជាក់​ថា​ ទន្ទឹម​នឹង​ការ​ដំឡើងប្រាក់ខែ​ជូន​មន្ត្រី​តុលាការ​នេះ​ ក្រសួងយុត្តិធម៌​បាន​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​យុត្តិធម៌​ ដូច​ជា​ការ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​តុលាការ , ​គុណធម៌ ,​ ក្រមសីលធម៌ ​, ការ​រៀបចំ​នៅ​ក្រប​ខណ្ឌ​ច្បាប់​ឱ្យ​បាន​គ្រប់គ្រាន់ ​, ការ​កែសម្រួល​នៅ​រចនាស​ម្ព័ន្ធ​ស្ថាប័ន​តុលាការ​ទ្បើ​ង​វិញ​ និង​រួម​ផ្សំ​យន្តការ​តាមដាន​ត្រួតពិនិត្យ​នៃ​ការ​អនុវត្ត​ច្បាប់​ របស់​ពួក​គេ​ទៅ​តាម​បទបញ្ញត្តិ​ដែល​ច្បាប់​បាន​ចែង​ឱ្យ​កាន់​មាន​ប្រសិទ្ធភាព​។​

«​ដើម្បី​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​នេះ​មាន​ប្រសិទ្ធភាព​វា​មិនមែន​សំដៅ​ទៅ​លើ​តែ​ប្រាក់ខែ​នេះ​មួយ​មុខ​នោះ​ទេ​ គឺ​វា​គួប​ផ្សំ​ជាមួយនឹង​ទិស​ដៅ​ផ្សេងៗ​ទៀត​ដូច​ជា​ការ​កែទម្រង់​រចនាសម្ព័ន្ធ​របស់​ប្រព័ន្ធ​តុលាការ​..»​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ ចាត់​ទុក​ថា​ ការដំឡើង​ប្រាក់ខែ​ជូន​ចៅ​ក្រុម​ ព្រះរាជអាជ្ញា​ ក៏​ដូច​ជា​មន្ត្រី​តុលាការ​នេះ​ គឺជា​ជំ​ហ៊ាន​វិជ្ជមាន​មួយ​របស់​រដ្ឋាភិបាល ។​ ទោះជា​យ៉ាងណា​លោក​ក៏​ចោទ​ជា​សំនួ​រថា​ តើ​មន្ត្រី​តូចតាច​ដែល​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ជា​ច្រើន​រូប​ផ្សេង​ទៀត​ អាច​ទទួល​បាន​នៅ​អ្វី​ដែល​រដ្ឋាភិបាល​បាន​កំណត់​ដែរ​ឬទេ​?​

លោក​ យឹ​ម​ សុវណ្ណ​ បាន​បន្ថែម​ទៀត​ថា​ ដើម្បី​ឱ្យ​ប្រព័ន្ធ​តុលាការ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​ គឺ​ចៅ​ក្រុម​ ព្រះរាជអាជ្ញា​ ក៏​ដូច​ជា​មន្ត្រី​តុលាការ​ផ្សេងៗ​ទៀត​ ត្រូវ​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ដោយ​មិន​ត្រូវ​លំអៀង​ទៅ​ភាគី​ដែល​មាន​អំណាច​នោះ​ទេ​។​ «​សំខាន់​បំផុត​គាត់​មិន​ត្រូវ​លំអៀង​ កុំឱ្យ​មាន​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ ជា​ពិសេស​អ្នកមាន​អំណាច​គាត់​ត្រូវ​តែ​ធ្វើ​សេចក្តីសម្រេច​ទៅ​តាម​ច្បាប់​ ធ្វើ​សេចក្តីសម្រេច​ទៅ​តាម​ស​ម្ប​ញ​ជ​ញ្ញៈ​ដែល​ស័​ក្ត​សមជា​ស្ថាប័ន​មួយ​ជា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​..​»​។​

​ជុំវិញ​រឿង​នេះ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ សាទរ​ចំពោះ​រដ្ឋាភិបាល​ ដែល​សម្រេច​ផ្តល់​ប្រាក់​បំណាច់​ខែ​ថ្មី​ជូន​ចៅក្រម​ ព្រះរាជអាជ្ញា​ ព្រមទាំងមន្ត្រី​តុលាការ​នេះ​។​ ប៉ុន្តែ​លោក​ថា​ ការដំឡើង​ប្រាក់ខែ​ថ្មី​ជូន​ដល់​មន្ត្រី​តុលាការ​ខាងលើ​នេះ​ មិន​អាច​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​បាន​ទេ​ ព្រោះ​នេះ​គ្រាន់តែ​ជា​ចំណែក​មួយ​អាច​ជួយ​ជំរុញ​ឱ្យ​ចៅ​ក្រុម​ ព្រះរាជអាជ្ញា​ និង​មន្ត្រី​តុលាការ​ព​ន្លឿ​ន​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​សំណុំរឿង​ជូន​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​។​

«ប្រាក់​បំណាច់​មុខងារ ​មិន​អាច​រួមចំណែក​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​ទេ​ ប៉ុន្តែ​វា​អាច​ចូលរួម​ចំណែក​ដល់​ការ​បង្កើន​នៅ​ភាព​សកម្ម​នៅ​ក្នុង​ការ​បំពេញការងារ​បាន​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​សំរាប់​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ឬ​ក៏​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ហ្នឹង​វា​ទាល់តែ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើភាព​គ្នា​ ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ស្តង់ដារ​ពីរ​ »​។​

​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ AKP​ បានឱ្យ​ដឹង​ថា​ ប្រាក់​បំណាច់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ត្រូវ​បាន​បើក​ប្រចាំខែ​តាម​ការ​កំណត់​ដោយ​ត្រូវ​បែងចែក​ជា​ ០៧ ​ក្រុម ​គឺ ​៖​ ១.​ប្រធាន​តុលាការ​កំពូល​និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ទទួល​បាន​ប្រាក់​ បំណាច់​១០​ លាន​រៀល​,​ ២.​ អនុប្រធាន​តុលាការ​កំពូល​ អគ្គ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​កំពូល​ ប្រធាន​សាលាឧទ្ធរណ៍​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ ៤.៥​ លាន​រៀល​,​ ៣.​ ចៅក្រម​តុលាការ​កំពូល​ ព្រះរាជអាជ្ញា​ អម​តុលាការ​កំពូល​ អនុប្រធាន​សាលាឧទ្ធរណ៍​ ប្រធាន​សភា​នៃ​សាលាឧទ្ធរណ៍​ និង​អគ្គ​ព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍​ ៤​ លាន​រៀល​,​ ៤.​ ចៅក្រម​សាលាឧទ្ធរណ៍​ ប្រធាន​សាលាដំបូង​ ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​ក្រសួងយុត្ដិធម៌​ ៣,៥​ លាន​រៀល​,​ ៥.​ អនុប្រធាន​សាលាដំបូង​ ប្រធាន​តុលាការ​ជំនាញ​នៃ​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ៣,២​ លាន​រៀល​,​ ៦.​ ចៅក្រម​សាលាដំបូង​ ៣​  លាន​រៀល​,​ ៧.​ ចៅក្រម​កម្មសិក្សា​ និង​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​ ១,៥​ លាន​រៀល​៕

Share

Image
Image
Image