en     km
en     km

មន្ដ្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ ៖​ កម្ពុជា​ប្រឈម​គ្រោះ​រាំង​ស្ងួត​ដូច​ឆ្នាំ​២០១៦

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​បញ្ជាក់​ថា​ ឆ្នាំ​២០១៩​ ចាប់ពី​ខែកុម្ភៈ​តទៅ​ អាកាសធាតុ​នៅ​កម្ពុជា​នឹង​ឡើង​កម្ដៅ​ ក្ដៅ​ខ្លាំង​ជាង​ឆ្នាំ​២០១៨​ ព្រោះតែ​បា​តុ​ភូ​ អែ​ល​នី​ណូ​ (El​ Nino)​ និង​ ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​អន្ដរកាល​ ដែល​ជា​បាតុភូត​នៅ​ចន្លោះ​ អែ​ល​នី​ណូ​ និង​ ឡា​នី​ណា​ (La​ Nina)​។​ មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​រៀបចំ​ស្ដុក​ទឹក​ទុក​ ព្រោះ​កម្ពុជា​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ដូច​កាលពី​ឆ្នាំ​២០១៦​។​

​មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ពី​គ្រោះ​រាំង​ស្ងួត​ ដែល​អាច​នឹង​កើត​មាន​ឡើងជា​ថ្មី​ទៀត​នៅ​កម្ពុជា​ ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​ ការ​ព្រួយបារម្ភ​នេះ​ គឺ​បន្ទាប់​ពី​ក្រសួង​ធនធានទឹក​ បាន​ជូនដំណឹង​ស្ដី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​លើក​ទី​១​ ប្រចាំឆ្នាំ​២០១៩​។​

​លោក​ កែវ​ វី​ មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ការណ៍​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​ឆ្នាំ​២០១៩​ អំឡុង​ខែកុម្ភៈ​តទៅ​ កម្ពុជា​អាច​ប្រឈម​និង​គ្រោះ​រាំង​ស្ងួត​ដូច​កាលពី​ឆ្នាំ​២០១៦​។​ លោក​បន្ដ​ថា​ តាំងពី​ខែវិច្ឆិកា​មក​ មន្ដ្រី​របស់​ក្រសួង​ធនធានទឹក​ បាន​ចុះ​តាម​មូលដ្ឋាន​ក្នុង​ខេត្ដ​គោលដៅ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ប្រាប់​ពួក​គាត់​ឲ្យ​មានការ​គ្រប់គ្រង​ទឹក​ និង​កុំ​បន្ដ​ដាំ​ស្រូវ​បន្ថែម​លើស​ផែនការ​ ៖«​ដល់​ឥឡូវ​ហ្នឹង​គឺ​មាន​លើស​ផែនការ​ច្រើន​ហើយ​នៅ​ក្នុង​ខេត្ដបាត់ដំបង​ នៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ​អី​ យើង​កំពុង​តែ​ទប់ស្កាត់​ក​រសិករ​កុំ​ឲ្យ​គាត់​ធ្វើ​លើស​ច្រើន​ពេក​ គ្រែង​វា​គ្មាន​ទឹក​ផ្គត់ផ្គង់​ដូច​ឆ្នាំ​២០១៦»​។​

​លោក​បន្ដ​ថា​ ចំពោះ​ស្រូវ​ដែល​កសិករ​ បាន​ដាំ​ដុះ​លើស​ផែនការ​ទៅ​ហើយ​ ក្រសួង​ធនធានទឹក​ នឹង​ធ្វើ​យ៉ាងណា​រិះរក​មធ្យោបាយ​ផ្ដល់​ទឹក​ ដើម្បី​ស្រោច​ស្រប​របស់​រហូត​ដល់​ទទួលផល​។​ ក៏​ប៉ុន្ដែ​លោក​ស្នើ​សុំ​ថា​ កសិករ​កុំ​បន្ដ​ដាំ​ស្រូវ​បន្ថែម​ទៀត​ ព្រោះ​អាច​ប្រឈម​នឹង​ការ​ខាតបង់​។​ ជាង​នេះ​លោក​ថា​ នៅ​ឆ្នាំ​២០១៩​ កម្ដៅ​ក៏​កើន​ខ្លាំង​ ហើយ​ភ្លៀង​កក់ខែ​ក៏​មាន​តិច​តូច​ថែម​ទៀត​។​

​បន្ថែម​លើ​នេះ​ លោក​ កែវ​ វី​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ ត្រូវ​តែ​រៀបចំ​ស្ដុក​ទឹក​ទុក​ ដើម្បី​ប្រើប្រាស់​ ពីព្រោះ​កម្ពុជា​ធ្លាប់​ជួប​ម្ដង​មក​ហើយ​ កាលពី​ឆ្នាំ​២០១៦​ ដែល​កាលនោះ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ជួប​កង្វះខាត​ទឹក​ដើម្បី​ប្រើប្រាស់​។​

​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ឆ្នាំ​២០១៩​ ចាប់ពី​ខែកុម្ភៈ​ ដល់​ខែឧសភា​ សីតុណ្ហភាព​នឹង​ឡើង​កម្ដៅ​ខ្លាំង​ ហើយ​បាតុភូត​ខ្យល់​កន្ដ្រាក់​ក៏​នឹង​ច្រើន​ជាង​ឆ្នាំ​២០១៨​ដែរ​។​ ក្រសួង​សង្កត់ធ្ងន់​ថា​ កម្ដៅ​អាច​មាន​ពី​ ៣៦​អង្សា​សេ​ ដល់​ ៤១​អង្សា​សេ​ ដែល​ជា​កម្រិត​កម្ដៅ​មួយ​ក្ដៅ​ខ្លាំង​ ព្រោះតែ​ឥទ្ធិពល​បាតុភូត​អែ​ល​នី​ណូ​ (El​ Nino)​ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ៦៥​ភាគរយ​ និង​ ៣៥​ភាគរយ​ទៀត​ ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត​អន្ដរកាល​ ដែល​ជា​បាតុភូត​នៅ​ចន្លោះ​ អែ​ល​នី​ណូ​ និង​ ឡា​នី​ណា​ (La​ Nina)​។​

​កាលពី​ឆ្នាំ​២០១៦​ ប្រទេស​កម្ពុជា​ បាន​ជួប​គ្រោះ​រាំង​ស្ងួត​ ក្ដៅ​ហួតហែង​ខ្លាំង​រយៈពេល​ ០៦​ខែ​ ចាប់ពី​ខែកុម្ភៈ​ ដល់​ខែកក្កដា​ ដែល​ជា​គ្រោះ​រាំង​ស្ងួត​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​ ហើយ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៥​ម៉ឺន​គ្រួសារ​នៅ​ទូ​ទាំង​ប្រទេស​។​ គ្រោះ​រាំង​ស្ងួត​កាលនោះ​ គឺ​បណ្ដាល​មក​ពី​រលក​កម្ដៅ​បាតុភូត​អែ​ល​នី​ណូ​ (El​ Nino)​។​ លោក​ ចាន់​ យុ​ត្ថា​ មន្ដ្រី​នាំពាក្យ​ ក្រសួង​ធនធានទឹក​ បាន​បញ្ជាក់​កាលពី​ពេល​នោះ​ថា​ ពលរដ្ឋ​បាន​ខ្វះ​ទឹក​ប្រើប្រាស់​ស្ទើរ​ទូ​ទាំង​ប្រទេស​។​ ក៏​ប៉ុន្ដែ​ខេត្ដ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ គឺ​ខេត្ដកំពង់ធំ​ និង​ខេត្ដឧត្ដរមានជ័យ​។​

​យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ ស្ដី​ពី​ហានិភ័យ​ឆ្នាំ​២០១៥​ បាន​ប្រាប់​ថា​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ទី​០៩​ ដែល​ងាយ​រង​គ្រោះ​ជាងគេ​ ដោយសារ​តែ​គ្រោះ​មហន្ដរាយ​នៅ​លើ​ពិភពលោក​ ដែល​ជា​ឧបសគ្គ​ដល់​ដំណើរការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​។​

​បន្ថែម​ពី​នេះ​ យោង​តាម​ការ​ព្យាករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO​ នៅ​ចន្លោះ​ឆ្នាំ​២០៣០​ ដល់​ឆ្នាំ​២០៥០​ ការ​ប្រែប្រួល​អាកាសធាតុ​ នឹង​អាច​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្ថែម​ប្រមាណ​ ២៥​ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំៗ​។​ ក្នុង​នោះ​មនុស្ស​ជិត​ ៤​ម៉ឺន​នាក់​ អាច​នឹង​ស្លាប់​ដោយសារ​ការ​ឡើងក​ម្កៅ​ខ្លាំង​ កុមារ​ជិត​ ១០​ម៉ឺន​នាក់​ អាច​ស្លាប់​ដោយសារ​កង្វះ​ចំណីអាហារ​ មនុស្ស​ជិត​ ៥​ម៉ឺន​នាក់​ ស្លាប់​ដោយសារ​ការ​រាករូស​ និង​មនុស្ស​ចំនួន​ជិត​ ៦​ម៉ឺន​នាក់​ អាច​នឹង​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​៕

Share

Image
Image
Image