en     km
en     km

មន្ដ្រី​ក្រសួង​ការងារ​ អះអាង​ថា​ ករណី​កម្មករ​ សន្លប់​នៅ​ខេត្ដតាកែវ​ មិនមែន​កំហុស​រោងចក្រ​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​របស់​ក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ករណី​ កម្មករ​ កម្មការិនី​ដួល​សន្លប់​ កាលពី​ថ្ងៃ​ទី​០៩-១១​ ខែកក្កដា​ ឆ្នាំ​២០១៨​ មិនមែន​ជា​កំហុស​របស់​រោងចក្រ​ ទាក់ទិន​ បញ្ហា​បច្ចេកទេស​នោះ​ទេ​។​ ការ​ដែល​អះអាង​ដូច្នេះ​ បន្ទាប់​ពី​មន្ដ្រី​ជំនាញ​របស់​ក្រសួង​ការងារ​បាន​ចុះ​ទៅ​ដល់​រោងចក្រ​នោះ​ ដោយ​បាន​ត្រួតពិនិត្យ​ ទាំង​បញ្ហា​បច្ចេក​ទេ​ បរិយាកាស​ការងារ​ អនាម័យ​ និង​ក្លិន​កាវ​ ។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ព័ត៌មាន​នេះ​៖​

 

​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ នៃ​ក្រសួង​ការងារ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ករណី​កម្មករ​ កម្មការិនី​ ដួល​សន្លប់​នៅ​ខេត្ដតាកែវ​ ប្រមាណ​ជាង​ ៣០០​នាក់​ ចន្លោះ​ពី​ថ្ងៃ​ទី​០៩​ ដល់​ថ្ងៃ​ទី​១១​ ខែកក្កដា​ មិនមែន​បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស​របស់​រោងចក្រ​នោះ​ទេ​។​

​លោក​ ប៉ុក​ វណ្ណ​ថា​ត​ ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​ បញ្ជាក់​ដូចនេះ​ បន្ទាប់​ពី​អង្គការ​ សង់​ត្រា​ល់​ (CENTRAL​ )​ ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ថា​ មាន​កម្មករ​ កម្មការិនី​ រហូត​ដល់​ ៦០០​នាក់​បាន​ដួល​សន្លប់​ ហើយ​កម្មការិនី​ទាំងនោះ​បាន​និយាយ​ថា​ ពួក​គាត់​មិនដឹង​ហេតុ​អី​នោះ​ទេ​។​ ប៉ុន្ដែ​ ពួក​គាត់​បាន​និយាយ​ថា​ នៅ​ពេល​នោះ​ពួក​គេ​ គឺ​ម្នាក់ៗ​ ធំក្លិន​យ៉ាង​ខ្លាំង​ និង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ក្នុង​រោងចក្រ​ បណ្ដាល​ឲ្យ​ពួក​គាត់​អស់កម្លាំង​ វិលមុខ​ ស្លេកស្លាំង​ ហើយ​ដួល​សន្លប់​តែ​ម្ដង​។​

​ជាង​នេះ​អង្គការ​ សង់​ត្រា​ល់​ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ថា​ ខ្លួន​មានការ​សោកស្ដាយ​ដែល​ទាំង​រោងចក្រ​ និង​អាជ្ញាធរ​ មិន​បាន​ចាត់វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ការពារ​កម្មករ​។​ អង្គការ​ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​ និង​កម្មករ​ មួយ​នេះ​បន្ដ​ទៀត​ថា​ អង្គការ​ សង់​ត្រា​ល់​ សូម​អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ជូន​ក្រុម​អធិការកិច្ច​ឲ្យ​ពិនិត្យ​មើល​រោងចក្រ​ផលិត​ស្បែកជើង​ ប៉ុន​តឺ​ស​ ហ្វ៊ូ​ត​វែ​រ​ (PONTUS​ FOOTWEAR)​ និង​លក្ខខណ្ឌ​សុវត្ថិភាព​ការងារ​ របស់​រោងចក្រ​នេះ​។​

​ឆ្លើយ​តប​នឹង​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​អង្គការ​ សង់​ត្រា​ល់​ លោក​ ប៉ុក​ វណ្ណ​ថា​ត​ មាន​ប្រសាសន៍​ថា​ បរិស្ថាន​ និង​ប្រព័ន្ធ​បច្ចេកទេស​របស់​រោងចក្រ​ ប៉ុន​តឺ​ស​ ហ្វ៊ូ​ត​វែ​រ​ គឺ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​ ពោល​គឺ​ស្ថានភាព​ខាងក្នុង​នោះ​ល្អ​ទាំងអស់​។​ លោក​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ សន្លប់​ គឺ​ដើមហេតុ​ដំបូង​បណ្ដាល​មក​ពី​កម្មការិនី​ម្នាក់​មុត​ដៃ​ ហើយ​ស្រែកយំ​ ហើយ​ក៏​បណ្ដាល​ឲ្យ​កម្មការិនី​ នៅ​ក្បែរ​នោះ​ភិតភ័យ​ ដួល​សន្លប់​ ២​នាក់​ភ្លាមៗ​ និង​បណ្ដាល​ឲ្យ​អ្នក​ផ្សេង​ទៀត​ដួល​សន្លប់​ជា​បន្ដបន្ទាប់​តែ​ម្ដង​ ៖«​ប៉ុន្មាន​ថ្ងៃនេះ​ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ចេញ​ គឺ​ខ្ញុំ​ពិបាក​ ពិបាក​ដោយសារ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​មាន​ប្រសាសន៍​ហ្នឹង​ គឺ​អត់​បាន​ទៅ​ឃើញ​ផ្ទាល់​ ចំពោះ​ពួក​ខ្ញុំ​ បាន​ទៅ​អង្កេត​ផ្ទាល់​បានដឹង​រឿង​ ហើយ​ចាត់វិធានការ​»​។​

​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​ បន្ដ​ទៀត​ថា​ ទាំង​កម្រិត​ខ្យល់​ កម្រិត​សីតុណ្ហភាព​ និង​ក្លិន​កាវ​ គឺ​សម​ស្រប​ទៅ​តាម​លក្ខខណ្ឌ​បច្ចេកទេស​។​ លោក​បន្ថែម​ទៀត​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ជា​បន្ដបន្ទាប់​ទៀត​ ពីព្រោះ​តែ​កម្មករ​ កម្មការិនី​ ដែល​ដែល​សន្លប់​នៅ​ថ្ងៃ​ដំបូង​នោះ​ បាន​ទៅ​រោងចក្រ​ជា​ថ្មី​ទាំង​កំពុង​ព្យួរសេរ៉ូម​ ដើម្បី​បើក​ប្រាក់ខែ​ទើ​បណ្ដាល​ឲ្យ​អ្នក​ផ្សេងៗ​ ភិតភ័យ​រហូត​ដល់​សន្លប់​ជា​បន្ដបន្ទាប់​ទៀត​។​

​ជុំវិញ​បញ្ហា​នៃ​ការ​ដួល​សន្លប់​នេះ​ លោក​ ឡេ​ង​ តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​រំ​ឮ​កថា​ កម្មករ​ កម្មការិនី​ គួរ​រក្សា​សុខភាព​ ដោយ​ការ​ហាត់ប្រាណ​ខ្លះៗ​ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។​ លោក​បន្ដ​ថា​ ប្រសិនបើ​មាន​អាការ​ មិន​ស្រួលខ្លួន​ ត្រូវ​តែ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​ កុំ​បណ្ដោយ​ឲ្យ​ជំងឺ​រាលដាល​រហូត​ដល់​សន្លប់​ ៖«​រឿង​សុវត្ថិភាព​ហ្នឹងឯង​ និង​រឿង​សុខភាព​ គាត់​ត្រូវ​យកចិត្ដទុកដាក់​ជា​ចម្បង​តែ​ម្ដង​ អ​ញ្ចឹ​ង​គឺ​កើត​ពី​ខ្លួនឯង​ គឺ​ត្រូវ​គិត​ពី​សុវត្ថិភាព​ទាំងអស់​ហ្នឹង​»​។​

​លើស​ពី​នេះ​ លោក​ក៏​ស្នើ​ឲ្យ​ក្រុម​ថៅកែ​ និយោជក​ ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ពី​ស្ថានភាព​ បរិយាកាស​ ក្នុង​អាគារ​រោងចក្រ​របស់​ខ្លួន​ ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីណែនាំ​ និង​សេចក្ដី​ប្រកាស​របស់​របស់​ក្រសួង​ការងារ​ ស្ដី​ពី​ការ​ទប់ស្កាត់​ករណី​ដួល​សន្លប់​។​

​រោងចក្រ​ផលិត​ស្បែកជើង​ ប៉ុន​តឺ​ស​ ហ្វ៊ូ​ត​វែ​រ​ (PONTUS​ FOOTWEAR)​ មាន​កម្មករ​ កម្មការិនី​ សរុប​ជាង​ ៤​ពាន់​នាក់​ រោងចក្រ​នេះ​ស្ថិត​ក្នុង​ឃុំ​តា​ភេ​ម​ ស្រុក​ត្រាំកក់​ ខេត្ដតាកែវ​៕

Share

Image
Image
Image