en     km
en     km

មជ្ឈមណ្ឌល​ ACE​ ផ្ដល់​ធុងសំរាម​ជាង​ ១៣០​ ដល់​អាជ្ញាធរ​ស្រុក​អូរ​រាំង​ឪ​

Share

ភ្នំពេញ​ ៖​ មជ្ឈមណ្ឌល​អូរ​ស្ដ្រា​លី​សម្រាប់​ការ​បណ្ដុះ​បណ្ឌា​ល​ បាន​ផ្ដល់​ធុងសំរាម​ចំនួន​ ១៣៤​ ដល់​សាលាស្រុក​ សាលាឃុំ​ សាលារៀន​នានា​ ស្ថិត​ក្នុងស្រុក​អូរ​រាំង​ឪ​ ខេត្ដ​ត្បូងឃ្មុំ​។​ ការ​ផ្ដល់​នេះ​គឺ​ទទួល​បាន​ពី​មូលនិធិ​រត់​ដើម្បី​បរិស្ថាន​កាលពី​ពេល​កន្លង​ទៅ​។​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​ការ​រក្សា​អនាម័យ​ និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លោក​ សោម លាភ​ ជូន​សេចក្ដីរាយការណ៍​ ៖

​ការ​ផ្តល់​ធុងសំរាម​នេះ​ ពីព្រោះ​តែ​ចង់​ផ្តល់​សារ​ដើម្បី​ឲ្យ​មានការ​គ្រប់គ្រង​សំរាម​ឱ្យ​បាន​ល្អ​ ហើយ​សំរាម​ទាំងអស់​ ត្រូវ​តែ​ដាក់​នៅ​ក្នុង​ធុងសំរាម​ និង​ការ​ញែក​សំណល់​សំរាម​ទៅ​ តាម​ប្រភេទ​សំរាម​ផ្សេងៗ​ពី​គ្នា​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិ​ស្ថា​លោក​ នេត្រ​ ភក្ត្រា​ បាន​ថ្លែង​ថា​ បច្ចុប្បន្ន​នេះ​ សំរាម​ប្រមាណ​មួយ​ម៉ឺន​តោន​ ត្រូវ​បាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​ ហើយ​សំរាម​ប្រមាណ​ ៣​ លាន​ ៦​ សែន​តោន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មួយ​ឆ្នាំ​។​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​ប្រមាណ​ ១០%​ ក្នុង​មួយ​ឆ្នាំ​ ដោយសារ​កំណើនប្រជាជន​ ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​រស់នៅ​ និង​ការ​វេច​ខ្ចប់​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ហើយ​ការ​យល់​ដឹង​ពី​ការ​ញែក​សំរាម​ តាម​ប្រភេទ​សំរាម​ ស្រប​តាម​គោលការណ៍​បច្ចេកទេស​ នៅ​មាន​កម្រិត​នៅឡើយ​។​

​តាម​ការ​សិក្សា​ នៅ​ក្នុង​សំរាម​ ១០០%​ ក្នុង​នោះ​ ៦៥%​ ជា​សំរាម​សើម​ ២០%​ ជា​ថង់​ប្លា​ស្ទិ​ក​ និង​ជាង​ ១០%​ ជា​សំណល់​រឹង​។​ ចំណែក​ការ​ការ​ច្នៃ​សំរាម​ មាន​ត្រឹមតែ​ ២០%​ ប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​អត្រា​សំរាម​ដែល​ត្រូវ​បោះចោល​នៅ​ទីលាន​ចាក់សំរាម​មាន​ពី​ ៧០​ ទៅ​ ៨០%​ និង​សំរាម​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បោះចោល​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ​ នៅ​ក្នុង​នោះ​យើង​ឃើញ​មានការ​បោះ​សំរាម​សំណល់​ប្លា​ស្ទិ​ក​ ចាន​ស្នោរ​ ស្បោង​ ថង់​ប្លា​ស្ទិ​ក​ នៅ​តាម​ទី​សាធារណៈ​ធ្វើ​ឲ្យ​សោភ័ណ​ភាព​ទីប្រជុំជន​ខ្លះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។​

​លោក​ នេត្រ​ ភក្ត្រា​ បាន​ថ្លែង​ថា​ ការ​គ្រប់គ្រង​សំណល់​រឹង​ សំរាម​ គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​។​ លោក​ស្នើ​ឲ្យ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ទាំងអស់​ ត្រូវ​ចាត់​ទុក​ភូមិឋាន​ សាលារៀន​ វត្ត​អារាម​ ទីក្រុង​ ទីប្រជុំជន​ កន្លែង​ផ្សេងៗ​ទៀត​ដែល​កំពុង​រស់នៅ​ កំពុង​សិក្សា​រៀនសូត្រ​ កំពុងធ្វើការ​ និង​កំពុង​ធ្វើ​អាជីវកម្ម​ថា​ ជា​ផ្ទះ​របស់​យើង​ទាំងអស់​គ្នា​ ដែល​ចាំបាច់​ត្រូវ​តែ​បោសសម្អាត​ជា​ប្រចាំ​ ដើម្បី​រក្សា​សោភ័ណ​ភាព​ និង​លើកតម្កើង​សុខុមាលភាព​សាធារណៈ​។​

​លោក​បន្ដ​ថា​ ការ​វេច​ខ្ចប់​ និង​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ​ បោះចោល​សំរាម​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ​ និង​តាម​បណ្តោយ​ផ្លូវ​នានា​ នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ជា​ច្រើន​ ដូច​ជា​ការ​ធ្វើ​ឲ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកលូ​ដែល​បង្ក​ឲ្យ​មាន​ជំនន់​ពេល​រដូវភ្លៀង​ ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ភូមិឋាន​របស់​យើង​ សាលារៀន​យើង​ វត្ត​អារាម​យើង​ ទីក្រុង​ និង​ទីប្រជុំជន​យើង​ និង​គំនរ​សំរាម​បង្កើត​ជា​ជម្រក​មេរោគ​ និង​បង្ក​ជាតិពុល​ថែម​ទៀត​ផង​។​

​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា​ ក្នុង​វិស័យ​អប់រំ​បរិស្ថាន​ ក្នុង​ក្របខ័ណ្ឌ​អន្តរក្រសួង​ យើង​បាន​រៀបចំ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​កម្មវិធី​អប់រំ​បរិស្ថាន​ជាមួយនឹង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដើម្បី​ធ្វើការ​បញ្ជ្រាប​ កម្មវិធី​អប់រំ​បរិស្ថាន​ និង​ការងារ​អប់រំ​ ជា​ពិសេស​កម្មវិធី​សាលា​មេត្រី​បរិស្ថាន​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​។​

​ឆ្នាំ​២០១៦​ កន្លង​មក​ ក្រសួងបរិស្ថាន​ បាន​សហការ​ជា​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំសេចក្តី​ប្រកាស​រួម​លើ​គោលការណ៍​ណែនាំ​ និង​លក្ខណ​វិនិច្ឆ័យ​សាលា​មេត្រី​បរិស្ថាន​ ដើម្បី​ផ្សព្វផ្សាយ​និង​អនុវត្ត​ នៅ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំង​កម្រិត​បឋម​សិក្សា​ និង​មធ្យមសិក្សា​។​ គោលការណ៍​សាលា​មេត្រី​បរិស្ថាន​ គឺជា​គោលការណ៍​ដ៏​ល្អ​មួយ​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​សាលា​មាន​អនាម័យ​ ជា​សាលា​ស្អាត​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ មាន​ភាព​ប៉ៃ​តង​ និង​គិតគូ​ដល់​ផល់​ប៉ះពាល់​បរិស្ថាន​នានា​ ដោយ​រាប់​បញ្ចូល​សកម្មភាព​ទាំងនោះ​ទៅ​ក្នុង​កម្មវិធី​បង្រៀន​ និង​រៀន​ផង​ដែរ​។​ ការ​គ្រប់គ្រង​សំណល់​ និង​ ញែក​សំណល់​ ជា​កត្តា​សំខាន់​ដែល​ត្រូវ​បង្រៀន​ឱ្យ​បាន​យល់​ និង​ត្រូវ​ចូលរួម​កាត់​បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ទាំងអស់​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​ ភូមិ​ឃុំ​ និង​សង្គម​របស់​យើង​មាន​បរិស្ថាន​ ល្អ​ស្អាត​។​

​រដ្ឋលេខាធិការ​ មាន​ប្រសាសន៍​ថា​ ការ​ប្រែក្លាយ​ចំណេះដឹង​បរិស្ថាន​ ឲ្យ​ទៅ​ជា​ការ​ប្រតិបត្តិ​បរិស្ថាន​ ចាំបាច់​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ រួម​គ្នា​បន្ត​ជំរុញ​ការ​ប្រតិបត្តិ​បរិស្ថាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ តាម​រយៈ​កម្មវិធី​ «​សាលា​មេត្រី​បរិស្ថាន​»​ និង​ «​អារាម​មេត្រី​»​ ដែល​ត្រូវ​អនុវត្ត​តាម​គ្រឹះស្ថានសិក្សា​ និង​ ទី​វត្ត​អារាម​នានា​ ដើម្បី​បំផុស​ចលនា​មហាជន​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និស្សិត​ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ កាន់តែ​សកម្ម​ថែម​ទៀត​នូវ​រាល់​ដោយ​យុទ្ធនាការ​បរិស្ថាន​បាន​ជាប់​ជា​ប្រចាំ​ ស្រប​តាម​ផែនការ​ និង​ប្រតិទិន​បរិស្ថាន​។​ ម្យ៉ាងវិញទៀត​ ការ​ប្រតិបត្តិ​បរិស្ថាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ គឺ​ពិតជា​មាន​ភាព​ចាំបាច់​ណាស់​ នៅ​ក្នុង​ការ​តម្រង់​ទិស​គ្រប់​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ឲ្យ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​បច្ចេកទេស​របស់​ក្រសួង​ជំនាញ​ ក៏​ដូច​ជា​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​បរិស្ថាន​គ្រប់​រូបភាព​ សំដៅ​ធានា​ឱ្យ​បាន​នូវ​គុណភាព​បរិស្ថាន​ តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ការ​រស់នៅ​ដោយ​ចីរភាព​។​

​នៅ​ចំពោះ​ មុខ​នៃ​ការ​កើនឡើង​នៃ​សំរាម​នេះ​ ក្នុង​នាម​ក្រសួងបរិស្ថាន​ រដ្ឋលេខាធិការ​ នេត្រ​ ភក្ត្រា​ បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​រួម​សហការ​គ្នា​សម្អាត​អនាម័យ​បរិស្ថាន​ និង​ធ្វើការ​វេច​ខ្ចប់​ និង​ញែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​មិន​ត្រូវ​មើលបំណាំ​គ្នា​នោះ​ទេ​ ព្រោះ​កម្ពុជា​ជា​ផ្ទះ​របស់​យើង​ទាំងអស់​គ្នា​ដែល​ត្រូវ​បោសសម្អាត​ និង​ ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​ល្អ​ និង​ធ្វើ​ឱ្យ​បរិស្ថាន​នៅ​កម្ពុជា​មាន​និរន្តរភាព​ ប្រកបដោយ​គុណភាព​៕

Share

Image
Image
Image