en     km
en     km

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បំភ្លឺ​រឿង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​

Share

cover-CCHR-&-Ministry-of-Environment-logo
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ នៅ​ថ្ងៃ​ពុធ​នេះ​ ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បំភ្លឺ​ជុំវិញ​រឿង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន​ពីរ​ គឺ​ក្រុមហ៊ុន​របស់​លោក​ ទ្រី​ ភាព​ និង​ក្រុមហ៊ុន​ លឹ​ម​ ប៊ុ​ណ្ណា​។​  មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ថា​ ក្រសួង​បាន​រំលោភ​ទៅ​លើ​បទបញ្ជា​ស្តី​ពី​ការ​ផ្អាក​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​បណ្តោះអាសន្ន​តាម​បទបញ្ជា​ ០១​ របស់​រាជរដ្ឋាភិបាល​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

​យោង​តាម​លិខិត​ចំហ​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ម្សិលមិញ​ ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ សុំ​ការ​បំភ្លឺ​អំពី​រឿង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា​ ទ្រី​ ភាព​ និង​ក្រុមហ៊ុន​ លឹ​ម​ ប៊ុ​ណ្ណា​ ស្ថិត​នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ បន្ទាប់​ពី​ក្រសួងបរិស្ថាន​បាន​ដកហូត​ពី​ក្រុមហ៊ុន​ កសិកម្ម​ខ្មែរ​អង្គរ​ និង​ក្រុមហ៊ុន​ ដាយ​ណា​ម​ ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​រំលោភ​លក្ខខណ្ឌ​ការងារ​នៃ​អាជីវកម្ម​របស់​ខ្លួន​។​

​មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ក្រសួងបរិស្ថាន​មិន​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​ថ្មី​ទៀត​ទេ​ ក្រសួង​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​អំពី​សិទ្ធិ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​ និង​ធានា​ថា​ ក្រុមហ៊ុន​មិន​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ឡើយ​។​
​មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​ (CCHR)​  បាន​ស្នើ​ឱ្យ​ក្រសួងបរិស្ថាន​ត្រូវ​តែ​ពិនិត្យ​អនុលោម​ទៅ​តាម​នីតិវិធី​ច្បាប់​រាល់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ ប្រកបដោយ​ការ​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ និង​សង្គម​នៅ​មុន​ពេល​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។​

​ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិបាយ​ពី​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​នៅឡើយ​ទេ​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​

​ចំណែក​ លោក​ សៅ​ សុភាព​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​ទទួល​បាន​លិខិត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅឡើយ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។​ លោក​បញ្ជាក់​ថា​ ក្រសួងបរិស្ថាន​មិន​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ ទ្រី​ ភាព​ និង​ក្រុមហ៊ុន​ លឹ​ម​ ប៊ុ​ណ្ណា​ ទេ​ ពោល​គឺ​ក្រសួង​គ្រាន់តែ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ទៅ​ប្រមូល​អនុ​ផល​ព្រៃឈើ​ដែល​នៅ​សេសសល់​ពី​ក្រុមហ៊ុន​ចាស់​ប៉ុណ្ណោះ​។​

​លោក​ សៅ​ សុភាព​និយាយ​ថា​៖​ «​មានការ​ភាន់ច្រឡំ​ មិនមែន​មានការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ទៅ​ឱ្យ​ក្រុមហ៊ុន​ ទ្រី​ ភាព​ និង​ក្រុមហ៊ុន​ លឺ​ម​ ប៊ុ​ណ្ណា​ ទេ​។​ អ្វី​ដែល​យើង​ចេញ​លិខិតអនុញ្ញាត​ឱ្យ​ក្រុម​ទាំង​ពីរ​គឺ​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ដែល​សេសសល់​ពី​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចាស់​»​។​

​សូម​បញ្ជាក់​ថា​ យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ ឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន​ ៧១​ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង​ ៦​ សែន​ហិ​កតា​ នៅ​ក្នុង​ខែមករា​ ឆ្នាំ​ ២០១៥​កន្លង​ទៅ​៕

Share

Image
Image
Image