en     km
en     km

ភ្នាក់​ងារ​បក្ស​នយោបាយ​ជិត៨ម៉ឺន​នាក់​ចូល​រួម​សង្កេត​មើល​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត(គឃ.សប) បានអនុញ្ញាតទទួលស្គាល់ភ្នាក់ងារគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ សរុប ៧ម៉ឺន ៩ពាន់ ៧៨១ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ៥ម៉ឺន ១៥០៦នាក់ និងភ្នាក់ងារបម្រុងមានចំនួន ២ម៉ឺន ៨ពាន់ ២៧៥នាក់។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលផ្សព្វផ្សាយនៅថ្ងៃទី ១៧ ខែកក្កដា បានឱ្យដឹងបន្ដថា ក្នុងចំណោមគណបក្សនយោបាយទាំង ២០ មានគណបក្សនយោបាយចំនួន ៦ មិនបានដាក់ភ្នាក់ងារគណបក្សនយោបាយនៅតាមការិយាល័យបោះឆ្នោតនោះទេ។

យោងតាមប្រការ ៣.១.៤ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ គណបក្សនយោបាយដែលចុះបញ្ចីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ក្នុងមណ្ឌលបោះឆ្នោតរាជធានី ខេត្តណាមួយមានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន​មួយរូប និងភ្នាក់ងារបម្រុង ១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយា ល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំ សង្កាត់។

ភ្នាក់ងារគណបក្សនយោបាយមានសិទ្ធិចុះហត្ថលេខាលើទម្រង់បែបបទកំណត់ហេតុនៃការបោះឆ្នោត និងទម្រង់បែបបទកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដើម្បីដឹងលឺថា គណបក្សរបស់ខ្លួនទទួលបានសន្លឹកឆ្នោតតាមការរាប់សន្លឹកឆ្នោតពិតប្រាកដមែន។

សូមបញ្ជាក់ថា បើតាមច្បាប់បោះឆ្នោត ការដាក់ភ្នាក់ងារគណបក្សនយោបាយ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ ការសម្រេចដាក់ ឬមិនដាក់ភ្នាក់ងារគណបក្សនយោបាយ គឺអាស្រ័យទៅលើលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ៕

Share

Image
Image
Image