en     km
en     km

ភរិយា​លោក​ ​នី​ សុខា​ ស្វែងរក​ការ​ដាក់​ប្តី​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​(មានសំឡេង)

Share

ភ្នំពេញ៖ពីរថ្ងៃក្រោយពីលោក នី សុខា បានដួលសន្លប់ក្នុងមន្ទីរឃុំឃាំងព្រៃស នៅជាយរាជធានីភ្នំពេញ ភរិយារបស់លោកបានស្វែងរកការដាក់ស្វាមីរបស់ខ្លួនឲ្យព្យាបាលក្រៅមន្ទីរឃុំឃាំង។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ថា ការសម្រេចលើសំណើរនេះស្ថិតលើសមត្ថកិច្ចរបស់តុលាការ។

ប្រធានស៊ើបអង្កេតនៃសមាគម អាដហុក លោក នី សុខា

ប្រធានស៊ើបអង្កេតនៃសមាគម អាដហុក លោក នី សុខា

កញ្ញាជុំ ជោគជាតា រាយការណ៍ជូនដូចតទៅ៖

 

អ្នកស្រី ម៉ែន លក្ខិណា បានប្រាប់វិទ្យុស្ត្រីFM 102 នៅថ្ងៃអង្គារនេះថា លោកស្រីចង់ឲ្យស្វាមីទទួលបានការព្យាបាលពេញលេញនៅខាងក្រៅមន្ទីរឃុំឃាំង។

អ្នកស្រី ម៉ែន លក្ខិណា៖ «ដោះលែងគាត់នៅក្រៅឃុំទៅ ដើម្បីខ្ញុំយកគាត់ទៅព្យាបាលជំងឺ»។

សំណើរនេះ ធ្វើឡើងក្រោយពីលោកនី សុខា បានដួលសន្លប់ក្នុងមន្ទីរឃុំឃាំងកាលពីរសៀលថ្ងៃអាទិត្យទី ១៨ ខែមិថុនា នេះ ខណៈដែលដាច់ចរន្តអគ្គិសនីក្នុងបន្ទប់ឃុំឃាំង និងការថមថយកម្លាំងកាយ។

លោក នី សុខា ត្រូវចាប់ខ្លួនជាមួយមន្ត្រី និងអតីតមន្ត្រីសមាគមអាដហុកចំនួនបួននាក់ផ្សេងទៀតក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្ស៊ីក្នុងសំណុំរឿងស្នេហារបស់នាងខុមចាន់តារាទីហៅស្រីមុំអស់រយៈពេលជាងមួយឆ្នាំមកហើយ។

យោងតាមអ្នកស្រី ម៉ែន លក្ខិណា ស្វាមីរបស់អ្នកស្រី គឺ លោកនី សុខា មានជំងឺប្រចាំកាយជាច្រើនទៀតដូចជា ក្រពះ ពោះវៀត គ្រោះតម្រងនោម និងជំងឺសំរាន្តមិនលក់ជាដើម។ អ្នកស្រីបញ្ជាក់ថា ស្ថានភាពសុខភាពស្វាមីរបស់អ្នកស្រីបានចុះដុនដាបក្រោយពីស្ថិតក្នុងមន្ទីរឃុំឃាំង។

ឆ្លើយតបទៅនឹងសំណើរចង់ឲ្យលោក នី សុខា ស្ថិតនៅក្រៅឃុំដើម្បីទទួលការព្យាបាលពេញលេញ អ្នកនាំពាក្យពន្ធនាគារ និងអគ្គនាយករងនាយកដ្ឋានពន្ធនាគារ លោកឧត្តមសេនីយ៍ នុត សវនា មានប្រសាសន៍ថា ការសម្រេចដាក់លោកនី សុខា ឲ្យស្ថិតនៅក្រៅឃុំគឺជាសមត្ថកិច្ចរបស់តុលាការ។

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ នុត សវនា បញ្ជាក់ថា ស្ថានភាពសុខភាពរបស់ លោក នី សុខា បានធូរស្រាលហើយមកទល់នឹងថ្ងៃ អង្គារនេះ។

លោក នុត សវនា ៖«អនុញ្ញាតឱ្យនៅក្រៅឃុំ វាគឺជាការសម្រេចរបស់តុលាការ មិនមែនជាការសម្រេចមកខាងយើងទេ ។ ចឹងសុំនៅក្រៅឃុំនេះ គាត់ប្រហែលជាត្រូវឡើងតុលាការ»។

នៅរសៀលថ្ងៃ អង្គារនេះ វេជ្ជាបណ្ឌិតមួយរូបរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូត្រូវបានអនុញ្ញាតឲ្យចូលពិនិត្យស្ថានភាពជំងឺរបស់លោក នី សុខា ក្នុងមន្ទីរឃុំឃាំងនៃពន្ធនាគារព្រៃស។ នេះបើតាមសេចក្តីអះអាងរបស់លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ។ប៉ុន្តែលោកអំ សំអាត មិនអាចផ្តល់ព័ត៌មានពិស្តារបន្ថែមឡើយ ខណៈនៃការផ្សាយរបស់យើងនេះ៕

 

Share

Image
Image
Image