en     km
en     km

ព្រះ​មហាក្សត្រី​ជំរុញ​លើកកម្ពស់​តួនាទី​ស្ត្រី​ចំ​ពេល​ពិភពលោក​អបអរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​

Share

ភ្នំពេញ៖នៅ​ក្នុង​ពិធី​អបអរសាទរ​ ខួប​១០៧​នៃ​ទិវា​អន្តរជាតិ​នារី​ ៨​មីនា​នៅ​ឆ្នាំ​២០១៨​នេះ​ រាជរដ្ឋាភិបាល​ បាន​ដាក់​ឱ្យ​ ស្ដា​ប័ន​រដ្ឋ​ និង​ក្រសួង​នានា​ ត្រូវ​ ដាក់​ប្រធានបទ​រួម​គ្នា​ និង​ដូច​គ្នា​ គឺ​៖«​ «​ស្ដ្រី​រួម​គ្នា​ថែរក្សា​សន្ដិភាព​ ដើម្បី​អភិវឌ្ឍន៍​ជាតិ​»​។​ ក្រោម​ប្រធានបទ​នេះ​ គេ​សង្កេត​ឃើញ​ មេដឹកនាំ​ស្ថាប័ន​បាន​នាំ​គ្នា​ចុះ​ធ្វើ​ពិធី​នេះ​ នៅ​ទីតាំង​សាធារណៈ​ ហើយ​នៅ​ដង​វិ​ថី​វិញ​ក៏​មានការ​ចង​បដា​ លើក​ឡើង​ពី​ប្រធានបទ​នេះ​ដែរ​។​ ដោយ​ ឆ្នាំ​នេះ​ ព្រះ​មហាក្សត្រី​ ក៏​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ដើម្បី​ អបអរសាទរ​ផង​ដែរ​ ដោយ​ព្រះ​អង្គ​ ជំរុញ​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​សង្គម​។​


​ឆ្លៀត​ក្នុង​ឱកាស​ទិវា​«​អន្តរជាតិ​នារី​ ៨​ មិ​នា​»​ខួប​លើក​ទី​១០៧​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ បាន​ចេញ​ព្រះរាជ​សារ​ រំលឹក​អំពី​វីរភាព​នៃ​ការ​តស៊ូ​របស់​នារី​នៅ​ទូ​ទាំង​សកលលោក​ ដើម្បី​ទាមទារ​លើកកម្ពស់​ស្ថានភាព​ ជីវភាព​ សិទ្ធិ​សេរីភាព​ ឋានៈ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម​។​

​ក្នុង​ព្រះរាជ​សារ​នេះ​ អង្គ​ព្រះ​មហាក្សត្រី​ បាន​អំពាវនាវ​ឱ្យ​មាតាបិតា​ទាំងអស់​ ប្រឹងប្រែង​លើកកម្ពស់​សីល​ធម៌​ វប្បធម៌​អហិង្សា​នៅ​ក្នុង​គ្រួសារ​តាម​រយៈ​ការ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​។​ ជាង​នេះ​ទៀត​ព្រះ​អង្គ​ទទូច​ឱ្យ​កូនចៅ​ជា​ពលរដ្ឋ​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ គ្រឿង​ស្រ​វឹក​ ការ​ប្រើ​ហិង្សា​ ដោយ​ប្រកាន់​យក​ដូ​វ​សីលធម៌​ល្អ​ សុជីវធម៌​ និង​រួមចំណែក​រក្សា​ការពារ​សន្តិភាព​ សណ្តាប់ធ្នាប់​ល្អ​ ដើម្បី​រស់នៅ​ក្នុង​សង្គម​មួយ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​ សម្បូរ​សប្បាយ​ និង​សុខដុម​រម្យ​ជា​រៀង​រហូត​។​

​សម្តេច​មហាក្សត្រី​ សូម​គាំទ្រ​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ក្រសួង​កិច្ចការ​នារី​និង​គ្រប់​ក្រសួង​ស្ថាប័ន​ផ្នែក​ឯក​ជន​និង​ដៃគូ​អភិវឌ្ឍន៍​ ដែល​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​ ដើម្បី​ស្ត្រី​ទទួល​បាន​កិច្ច​ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​តាម​រយៈ​ការ​ជំរិញ​សមាជិកគ្រួសារ​ឱ្យ​ទទួលស្គាល់​ និង​ចាត់​ទុក​ស្ត្រី​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​

​ជា​ចុង​ក្រោយ​នៃ​ព្រះរាជ​សារ​របស់​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​អង្គ​បាន​លើក​សរសើរ​ពី​ស្នាដៃ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​សម្តេច​ ហ៊ុន​ សែន​ ដែល​ដឹកនាំ​ប្រទេស​នាំ​មក​នូវ​សុខ​សន្តិភាព​។​

​នៅ​ក្នុង​ទិវា​អន្តរជាតិ​ នារី​៨​មីនា​ ខួប​១០៧​ នៃ​ឆ្នាំ​២០១៨​នេះ​ គេ​សង្កេត​ឃើញ​ ស្ថាប័នរដ្ឋ​និង​រដ្ឋមន្ត្រី​មួយ​ចំនួន​បាន​ធ្វើ​ពិធី​អបអរសាទរ​ ក្នុង​នោះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន​សំ​អន​ និង​ស្ថាប័ន​តាម​បណ្ដា​ខេត្ត​ក៏​ចូលរួម​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​។​

​ចំពោះ​ ឆ្នាំ​២០១៨​នេះ​ រាជរដ្ឋាភិបាល​ កម្ពុជា​បាន​ ដាក់​ប្រធានបទ​ថា​ «​ស្ដ្រី​រួម​គ្នា​ថែរក្សា​សន្ដិភាព​ ដើម្បី​អភិវឌ្ឍន៍​ជាតិ​»​។​

​សារលិខិត​របស់​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​ ដែល​ ថា្វ​យ​ព្រះ​ពរ​ សម្ដេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១០៧​ ទិវា​អន្ដរជាតិ​នារី​ ៨​មីនា​ ឆ្នាំ​២០១៨​ ក៏​បាន​ដាក់​ប្រធានបទ​ «​ស្ដ្រី​រួម​គ្នា​ថែរក្សា​សន្ដិភាព​ ដើម្បី​អភិវឌ្ឍន៍​ជាតិ​»​នេះ​ដែរ​។​

​សារលិខិត​សម្ដេច​ ហ៊ុន​ សែន​ រៀបរាប់​ថា​៖«​តាង​នាម​សមាជិក​ សមាជិកា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ទូលព្រះបង្គំ​ខ្ញុំ​ និង​ភរិយា​ សូម​ព្រះ​បរម​រាជានុញ្ញាត​សម្ដែង​ថា្វ​យ​នូវ​ព្រះ​សព្វ​សាធុការពរ​ជ័យ​ បវរ​សួស្ដី​ សិរី​មង្គល​ វិបុល​សុខ​ មហាប្រសើរ​គ្រប់យ៉ាង​ ចំពោះ​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សូម​ព្រះ​អង្គ​ទ្រង់​ ប្រកបដោយ​ព្រះ​កាយពល​មាំមួន​ខ្លាំងក្លា​ ព្រះ​បញ្ញាញាណ​ភ្លឺ​ថា្ល​ត្រចះត្រចង់​ ព្រះរាជ​សុខភាព​ល្អ​បរិបូរ​ណ៌​ ព្រះ​ជន្មាយុ​យឺនយូរ​ ចាក​ផុត​ពី​ព្រះ​រោគាព្យាធិ​នានា​ជា​អង្វែង​តរៀង​ទៅ​»​។​

​សារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​ដឹងគុណ​ព្រះ​មហាក្សត្រី​ដែល​បាន​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​និង​ផែនការ​សកម្មភាព​ជាតិ​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សុខ​សន្តិភាព​ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ចំណែកឯ​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ មាន​ប្រសាសន៍​ក្នុង​វិ​ដេ​អូ​ខ្លី​ របស់​ក្រសួង​កាលពី​ថ្មីៗ​នេះ​ ដោយ​បញ្ជាក់​ថា​ ស្ដ្រី​ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​មានការ​រីក​ចម្រើន​។​

​លោកស្រី​រដ្ឋមន្ត្រី​ បន្ដ​ថា​ ដំណើរ​នៃ​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រី​កម្ពុជា​ គឺ​នៅ​វែង​ឆ្ងាយ​ទៀត​ ទោះបី​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ ក៏​ដោយ​ក្នុង​ការ​ធ្វើ​ឲ្យ​បុរស​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ភាព​មិន​អាច​ខ្វះ​បាន​ នូវ​ការ​រួមចំណែក​របស់​ស្ដ្រី​ ដើម្បី​ឲ្យ​សង្គម​ពោរពេញ​ទៅ​ដោយ​ភាព​រុងរឿង​ សិរី​សួស្ដី​ និង​សុភមង្គល​។​

 

​រីឯ​ សម្តេច​ ទៀ​ បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​ទទូច​ក្នុង​ពិធី​អបអរសាទរ​ ទិវា​អន្តរជាតិ​នារី​៨​មីនា​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ មេបញ្ជាការ​ គ្រប់​កង​អង្គភាព​ ត្រូវ​ចូលរួម​លើកកម្ពស់​ស្ត្រី​ រួម​គ្នា​អភិវឌ្ឍន៍​ជាតិ​ ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​ ដល់​ស្ត្រី​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​ ដោយ​ត្រូវ​ផ្តល់​ឱកាស​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ ឲ្យ​នារី​បង្កើន​សមត្ថភាព​ ចំណេះដឹង​ជំនាញ​លើកទឹកចិត្ត​ និង​ត្រូវ​ផ្តល់​ឱកាស​ក្នុង​ការ​ទទួល​ឋាន​ន្តរសក្តិ​តួនាទី​ សម​ស្រប​ទៅ​តាម​សមត្ថភាព​ បទ​ពិសោធន៍​ដោយ​មិន​រើសអើង​ឡើយ​។​

​ដោយឡែក​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ក្នុង​ឱកាស​ប្រារព្ធ​ទី​វា​អន្តរជាតិ​នារី​៨​មីនា​នេះ​ដែរ​ ក៏​បាន​ណែនាំ​ កម្មករ​-​កម្មការិនី​ និង​លោកស្រី​មេ​ភូមិ​ មេឃុំ​ ចៅសង្កាត់​ ក្រុមប្រឹក្សា​ថា​ នៅ​ពេល​មាន​ជំងឺ​ហើយ​ ត្រូវ​ចូល​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​រដ្ឋ​ គឺ​នឹង​មិន​ត្រូវ​បង់​ថវិកា​ឡើយ​។​

ក្នុង​ពិធី​អបអរសាទរ​មិ​ទ្ទិញ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ ខួប​ទី​១០៧​ ក្រោម​វិធាន​បទ​ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​”​ នា​រសៀល​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​អគ្គ​​​ស្នង​ការ​នគរបាល​ជាតិ​ ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ បាន​ស្នើ​ឲ្យ​នាយកដ្ឋាន​បុគ្គលិក​ពិនិត្យ​លទ្ធភាព​ស្ត្រី​ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​ អង្គភាព​ និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ ខណៈ​ដែល​អភិបាលខេត្ត​ជា​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​បាន​មាន​ហើយ​នោះ​ ។​

​នាយ​ឧត្តមសេនីយ៍​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី​ ហើយ​រាល់​កិច្ច​ការងារ​ដែល​បុរស​ធ្វើ​បាន​ស្ត្រី​ក៏​ធ្វើ​បាន​ដែរ​នោះ​ ។​នាយ​ឧត្តមសេនីយ៍​ បាន​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ នគរ​បាល​ជា​ស្ត្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សុវត្ថិភាព​ សុខ​សន្តិភាព​ សណ្តាប់ធ្នាប់​ ជូន​ដល់​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​ ហើយ​នៅ​ក្នុង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មាន​ស្ត្រី​ជិត​មួយ​​ពាន់​នាក់​ បាន​កំពុង​បម្រើ​ការ​ជា​នគរបាល​៕

Share

Image
Image
Image