en     km
en     km

ព្រះសង្ឃ​ និង​អ្នកវិភាគ​សង្គម​យល់​ថា​ សីលធម៌​ពលរដ្ឋ​កម្ពុជា​ចំពោះ​ព្រះសង្ឃ​មានការ​ធ្លាក់​ចុះ​

Share

month-got-beaten
រូបតំណាង៖ ហ្វេសប៊ុក

​ភ្នំពេញ​៖​ នៅ​ក្នុង​បាតុកម្ម​ទាមទារ​ដក​តំណែង​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ពី​លោក​ កឹ​ម​ សុខា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​ ២០១៥​ មាន​បាតុករ​ម្នាក់​រុញច្រាន​ បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ដែល​និមន្ត​ថតរូប​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​នោះ​ ។​

​ករណី​នេះ​ អ្នកវិភាគ​សង្គម​យល់​ឃើញ​ថា​ ការ​ប្រើ​ពាក្យពេចន៍​ពុំគប្បី​ទៅ​លើ​ព្រះសង្ឃ​ គឺជា​ទ​ង្វើ​គ្មាន​សីលធម៌​និង​ជា​សញ្ញា​បញ្ជាក់​ថា​ សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​ កំពុង​ធ្លាក់​ចុះ​ ដែល​បញ្ហា​ត្រូវ​បាន​នេះ​អ្នកវិភាគ​សង្គម​ ក៏​ដូច​ជា​ព្រះសង្ឃ​យល់​ឃើញ​ថា​ សីលធម៌​ក្នុង​សង្គម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​កំពុង​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ប្រទេស​កម្ពុជា​ជា​ប្រទេស​គោរព​ព្រះពុទ្ធ​សាសនា​។​

​លោកស្រី​ ជា​ វ​ណ្ណាត អ្នកវិភាគ​ឯករាជ្យ​
​លោកស្រី​ ជា​ វ​ណ្ណាត អ្នកវិភាគ​ឯករាជ្យ​

​អ្នកវិភាគ​ឯករាជ្យ​លោកស្រី​ ជា​ វ​ណ្ណាត​ មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​សកម្មភាព​របស់​ព្រះសង្ឃ​ ធ្វើ​កិច្ចការ​ផ្សេងៗ​នៅ​ក្នុង​សង្គម​ ដើម្បី​សង្គម​ មិនមែន​ជា​ទ​ង្វើ​ខុសឆ្គង​សម្រាប់​ព្រះសង្ឃ​ ឬ​ជា​ទ​ង្វើ​បង្ក​ឱ្យ​មាន​ប៉ះពាល់​ដល់​សង្គម​នោះ​ទេ​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ បាន​បន្ត​ថា​ នៅ​ក្នុង​សង្គម​មួយ​ដែល​មានឈ្មោះ​ថា​ជា​សង្គម​ល្អ​ ជា​សង្គម​ត្រឹមត្រូវ​ ការ​គោរព​ ការ​ប្រកាន់​សីលធម៌​ បុគ្គល​គ្រប់​រូប​តែង​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច​។​ លោកស្រី​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ព្រះសង្ឃ​មាន​សិទ្ធិ​ដូច​ជា​ពលរដ្ឋ​ធម្មតា​ដែរ​ ក្នុង​ការ​ទាមទារ​ ឬ​តវ៉ា​ក្នុង​រឿង​អ្វីមួយ​ ដើម្បី​ភាព​យុត្តិធម៌​ ហើយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ក៏​បានការ​ពារ​សិទ្ធិ​របស់​ពលរដ្ឋ​ ក៏​ដូច​ជា​សិទ្ធិ​របស់​ព្រះសង្ឃ​ផង​ដែរ​។​

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ធម្មទាន​សង្គម​ព្រះ​ភិក្ខុ​ ងិ​ត​ សៅ​សំខាន់​ មាន​សង្ឃដីកា​ជាមួយ​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ ខែតុលា​នេះ​ថា​ ការ​ប្រើប្រាស់​ពាក្យ​អសុរោះ​ ពាក្យ​ពុំគប្បី​របស់​ពលរដ្ឋ​ កំឡុង​ពេល​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ ទៅ​លើ​ព្រះសង្ឃ​ ខណៈ​ព្រះសង្ឃ​កំពុង​បំពេញ​តួនាទី​នា​ពេល​ថ្មីៗ​នេះ​ ជា​ទ​ង្វើ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ សីលធម៌​របស់​មនុស្ស​នៅ​សង្គម​ខ្មែរ​មួយ​ចំនួន​កំពុង​មានការ​ធ្លាក់​ចុះ​ ដែល​ផ្ទុយ​ពី​សីលធម៌​របស់​មនុស្ស​ សីលធម៌​សង្គម​ និង​ការ​គោរព​ប្រត្តិបត្តិ​ក្នុង​ពុទ្ធសាសនា​។​

​ព្រះ​តេជគុណ​ ងិ​ត​ សៅ​សំខាន់​ មាន​សង្ឃដីកា​បន្ត​ថា​ រាល់​ទ​ង្វើ​របស់​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​ពុំគប្បី​ទៅ​លើ​ព្រះសង្ឃ​ក្នុង​ពេល​កន្លង​ទៅ​ មិន​ស័ក្តិ​សមជា​មន្ត្រី​របស់​រដ្ឋាភិបាល​ ដែល​ធ្វើការ​បម្រើ​សង្គម​ជាតិ​នោះ​ទេ​។​ ព្រះ​តេជគុណ​ចាត់​ទុក​រាល់​ទ​ង្វើ​អ​សីលធម៌​ទៅ​លើ​ព្រះសង្ឃ​ថា​ ជា​ការ​ប្រព្រឹត្ត​មួយ​ កំពុង​នាំ​សង្គម​ជាតិ​ទៅ​រក​ការ​បាត់បង់​តម្លៃ​សីលធម៌​ ជា​ពិសេស​តម្លៃ​នៃ​ការ​គោរព​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សង្គម​កម្ពុជា​ ហើយ​នា​ពេល​នេះ​ ក្រសួង​ធម្មការ​ និង​សាសនា​ ក៏​ហាក់​មិន​បាន​អើពើ​ចំពោះ​ការ​ប្រមាថ​ដល់​ព្រះសង្ឃ​នេះ​ដែរ​ ។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​ នៅ​ជំពូក​ទី​៥​ ត្រង់​មាត្រា​ ៥១៦​ បាន​កំណត់​ពី​បទល្មើស​ប្រមាថ​ចំពោះ​ព្រះសង្ឃ​ ដូនជី​ និង​តាជី​ បាន​ចែង​ថា​ ការ​ប្រមាថ​ដែល​ប្រព្រឹត្ត​ឡើង​ចំពោះ​ព្រះសង្ឃ​ ដូនជី​ ឬ​តាជី​ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ​ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ថ្ងៃ​ដល់​ ៦​ ថ្ងៃ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០០​ រៀល​ ដល់​ ១​ សែន​រៀល​។​

​ផ្អែក​តាម​មាត្រា​ ៥០២​ នៃ​ក្រម​ដដែល​នេះ​ ការ​ប្រមាថ​ចំពោះ​ព្រះសង្ឃ​ ដូនជី​ ឬ​តាជី​ គឺ​សំដៅ​ទៅ​លើ​ការ​ប្រើ​ វាចា​ កាយវិការ​ សំ​ណេ​រ​ គំនូរ​ ឬ​វត្ថុ​ ដែល​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​នៃ​បុគ្គល​មាន​ព្រះសង្ឃ​ ដូនជី​ តាជី​ជាដើម​។​

​មាត្រា​ ៥១៣​ នៃ​ក្រមព្រហ្មទណ្ឌ​ដដែល​បាន​ចែង​ថា​ ជន​ណា​ដែល​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ចំពោះ​ ព្រះសង្ឃ​ ដូនជី​ ឬ​តាជី​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ ឆ្នាំ​ ដល់​ ៥​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤​ លាន​ទៅ​ ១០​ លាន​រៀល​។​ ប្រសិនបើ​មាន​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​ចេតនា​ ចំពោះ​ព្រះសង្ឃ​ ដូនជី​ ឬ​តាជី​ ឈាន​ដល់​មានការ​កាត់​អវយវៈ​ ឬ​ពិការ​ភាព​អចិន្ត្រៃយ៍​ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ ឆ្នាំ​ ទៅ​ ១៥​ ឆ្នាំ​។​ ជាង​នេះ​ទៅ​ទៀត​មាត្រា​ ៥១៤​  និង​មាត្រា​ ៥១៥​ ចែង​ថា​ អ្នក​ប្រព្រឹត្ត​ត្រូវ​ជាប់​ទោស​ពី​ ១០​ ដល់​ ២០​ ឆ្នាំ​ កាលបើ​អំពើ​ហិង្សា​នេះ​ បណ្តាល​ឱ្យ​ព្រះសង្ឃ​សុគត​ បើ​ទោះ​គ្មាន​ចេតនា​សម្លាប់​ក៏​ដោយ​៕​

Share

Image
Image
Image