en     km
en     km

ព្រះមហាក្សត្រលើកលែងទោសលោកហុងសុខហួរក្រោយសុំទោសសម្តេចហ៊ុនសែន

Share

ភ្នំពេញ ៖ លោកហុងសុខហួរអតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ីនៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នេះត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យព្រះរាជទានការលើកលែងទោសដើម្បីឱ្យមានសេរីភាពឡើងវិញ។ការដោះលែងនេះ គឺបន្ទាប់ពីលោកហុងសុខហួរ​បានធ្វើលិខិតសុំទោសសម្តេចហ៊ុនសែនចំពោះកំហុសឆ្គងរបស់ខ្លួន។

មន្រ្តីគណបក្សសង្គ្រោះជាតិយល់ថាការដោះលែងនេះ អាចជាពន្លឺឈានទៅរកដំដោះស្រាយជាតិមួយ ដែលអ្នកនយោបាយគួរត្រូវចេះអត់អោនគ្នា និងជាវប្បធម៌ចេះជជែកគ្នាដោយសន្តិវិធី។

តាមរយៈលិខិតសុំទោសរបស់លោកហុងសុខហួរសមាជិកព្រឹទ្ធសភាពីគណបក្សសមរង្ស៊ី សរសេរទៅកាន់នាយករដ្ឋមន្រ្តីសម្ដេច ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០១៧ លោកបានសរសេរថា ៖«លោកមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះនយោបាយរបស់សម្តេច ហ៊ុន សែនក្នុងដំណើរការបោះបង្គោលព្រំដែនដូចជាយកឯកសារមិនត្រឹមត្រូវមកប្រើប្រាស់ក្នុងបញ្ហាព្រំដែនជាហេតុនាំឱ្យមានការភាន់ច្រឡំក្នុងមតិសាធារណៈលើគោលនយោបាយនិងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល»។

លិខិតរបស់លោកហុងសុខហួរសរសេរបន្តដោយសុំក្តីយោគយល់ពីសម្តេចនាយករដ្ឋមន្រ្តីឱ្យមេត្តាពិចារណា ដើម្បីស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសដល់រូបលោកឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារនិងបានចេញទៅព្យាបាលជំងឺប្រចាំកាយនៅប្រទេសបារាំងដោយក្តីអនុគ្រោះ។

ទាក់ទិនករណីនេះ លោកមេធាវីការពារក្តីជូនលោក ហុង សុខហួរ គឺលោក សំ សុខគង់ បានប្រាប់វិទ្យុស្រ្តីថា លិខិតសុំទោសនាយករដ្ឋមន្រ្តីរបស់លោក ហុង សុខហួរ គឺក្រុមមេធាវីមិនបានដឹងនោះទេ។​ តែយ៉ាងណាលោកមេធាវី​ ពន្យល់ថាយោងតាមអង្គហេតុដែលលោក ហុង សុខហួរ បានប្រព្រឹត្តជាមួយនឹងការអនុវត្តទោស ស្របពេលមានការសុំទោសនេះ គឺមានភាពសមស្របដែលអាចឱ្យអង្គព្រះមហាក្សត្រអាចប្រោសលើកលែងដល់លោក ហុង សុខហួរ បាន។

ដោយឡែកលោក ម៉ៅ មុន្នីវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ យល់ថា ការដោះលែងលោក ហុង សុខហួរ នេះ គឺអាចបង្ហាញពីភាពចាស់ទុំរបស់អ្នកនយោបាយ ដែលចេះប្រើប្រាស់វប្បធម៌ជជែកគ្នា ចេះអត់អោនគ្នា ដែលអាចជាពន្លឺមួយឈានទៅរកដំដោះស្រាយជាតិមួយនៅថ្ងៃអនាគត។

ឆ្លើយតបនឹងសំនួររបស់វិទ្យុស្រ្តីដែលសួរថា តើគណបក្សសង្គ្រោះជាតិ នឹងផ្តល់យោបល់ដល់លោក កឹម សុខា សុំទោសសម្តេច ហ៊ុន សែន ដើម្បីទទួលបានសេរីភាពឡើងវិញឬទេ?

លោក ម៉ៅ មុន្នីវណ្ណ តបថា៖

លោកហុងសុខហួរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីពាក់កណ្តាលខែសីហាឆ្នាំ២០១៥បន្ទាប់ពីលោកបានបង្ហោះនូវឯកសារក្លែងក្លាយមួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមនៅលើទំព័រFacebook របស់លោកសមរង្ស៉ី។

លោកហុង​សុខ​ហួរត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើសរួមមាន​​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈបទ​ប្រើប្រាស់​ឯកសារ​សាធារ​ណៈ​ក្លែងនិងបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាមបង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​លោកសមរង្ស៊ី។

កាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៧សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោកហុងសុខហួរដាក់ពន្ធនាគារ​៧ឆ្នាំ​ហើយមិន​ពិន័យ​ជា​ប្រាក់​ទេ។

នៅល្ងាចថ្ងៃ ទី ២៥ ខែ តុលា ឆ្នាំ ២០១៧ នេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ៕

Share

Image
Image
Image