en     km
en     km

ព្រះមហាក្សត្រមានបន្ទូលថា សម័យប្រជុំសភាដំបូងនីតិកាលទី៦ស្របរដ្ឋធម្មនុញ្ញ

Share

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទួលនៅក្នុងពីធីបើកសម័យប្រជុំដំបូងនៃសភានីតិកាលទី ៦ ថា សម័យប្រជុំនេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ហើយព្រះអង្គអបអរសាទរយ៉ាងកក់ក្ដៅចំពោះកិច្ចប្រជុំនេះ។ លោក សោម លាភ រាយការណ៍ !

 

ព្រះមហាក្សត្រកម្ពុជាសម្ដែងនូវអំណរសាទរជាខ្លាំងលើពិធីបើកសម័យប្រជុំសភានីតិកាលទី៦ ដែលធ្វើឡើងនៅថ្ងៃទី ៥ សីហានេះ គឺមិនខុសគ្នាពី នេះទេ ព្រះអង្គក៏បានសាទរយ៉ាងកក់ក្ដៅចំពោះសមាជិកសមាជិការរដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តកាលពីថ្ងៃទី ២៩កក្កដាកន្លងមក។

ក្នុងកិច្ចប្រជុំសភានោះ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា រដ្ឋសភាមានតួនាទីធ្វើឱ្យមាននិរន្តរភាពនយោបាយ សេដ្ឋកិច្ច សង្គម ពង្រឹងប្រទេសកម្ពុជាឱ្យរឹងមាំ ជឿនលឿន និងធានាឱ្យមានការអនុវត្តច្បាប់ស្មើភាពគ្នា និងការគោរពសិទ្ធិមនុស្ស។ ជាងនេះទៅទៀត តំណាងរាស្ត្រដែលជាតំណាងឱ្យប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅស្មើភាពគ្នាផ្នែកជំនឿ សាសនា ការសិក្សារៀនសូត្រ និងមានការងារសមរម្យតាមសមត្ថភាព ចំណេះ និងជំនាញ។

សម្ដេច ព្រះបាទនរោត្តម សីហមុនី សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី នឹងបន្តកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនគ្រប់វិស័យ ដោយត្រូវជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងប្រព័ន្ធការពារសង្គម អភិរក្សវប្បធម៌ និងថែរក្សាអត្តសញ្ញាណជាតិឱ្យគង់វង្ស។

«ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដំណ្ដប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអតសញ្ញាណជាតិ ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»

ព្រះអង្គបន្ថែមថា ប្រជាជាតិកម្ពុជាត្រូវមានឯកភាពនិងសាគ្គីជាតិខ្ពស់ ដើម្បីបង្រួបបង្រួមជាតិ ដោយប្រកាន់ខ្ជាប់នូវព្រហ្មវិហាធរទាំងបួន គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។

ពាក់ព័ន្ធនឹងការបើកសម័យប្រជុំសភានីតិកាលទី ៦នេះ មិនមានតំណាងស្ថានទូតរបស់ប្រទេសសេរីធំៗចូលរួម​ដូចជាសហភាពអឺរ៉ុប ស្ថានទូតអាមេរិក អូស្ត្រាលី និងអាឡឺម៉ង់។

យ៉ាងណាមិញ មន្តី្របក្សកាន់អំណាចថា ការមិនចូលរួមរបស់ប្រទេសទាំងនេះ គឺជាការសម្រេចចិត្តរបស់ភ្ញៀវតែប៉ុណ្ណោះ ហើយវាមិនប៉ះពាល់សម័យប្រជុំសភានោះទេ។

ស្របគ្នានេះដែរ អនុប្រធានអតីតគណបក្សប្រឆាំង លោក អេង ឆៃអៀង បានសរសេរក្នុងទំព័រហ្វេសបុករបស់លោកថា តំណាងប្រទេសលោកខាង លិចមិនចូលរួមថ្ងៃបង្កើតសភាក្លែងក្លាយឬសភាឯកបក្ស កំពុងបង្ហាញពិធីបង្កើតសភាឯកបក្សឲ្យមើលឃើញហ៊ឹកហ៊ាក់ ដែលប្រាំអាណត្តិមុន មិនមានរៀបចំបែបនេះ។

ចំណែកសម្ដេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសបុករបស់សម្ដេចថា បន្ទាប់ពីសម័យប្រជុំដំបូងនេះរួចរាល់ សម្តេច ហេង សំរិន និងព្រឹទ្ធសមា ជិករដ្ឋសភា សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

បន្ទាប់មកតំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា​មុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដោយឡែក នៅថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន គណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

សូមជម្រាបថា សភានីតិកាលទី ៦នេះ មានតែសភាបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជាដែលបានដណ្ដើមអាសនៈទាំងអស់គឺ ១២៥អាសនៈ។ នៅក្នុងការបោះឆ្នោតសភានីតិកាលទី៥ ឆ្នាំ ២០១៣ មានពីរគណបក្ស គឺបក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ៕

 

Share

Image
Image
Image