en     km
en     km

ពេញមួយខែឧសភា៖ រោងចក្របើកថ្មីចំនួន ៧ ផ្តល់ការងារដល់កម្មករជិត ៦ពាន់នាក់

Share

ភ្នំពេញ៖ រយៈពេលពេញ​ ១​ខែ​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០១៨ នេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC)​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ចំនួន​ ៧ ​ក្រុមហ៊ុន ដែល​មាន​ទុនវិនិយោគ​សរុប​ ២១,១៣ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការចេញ​ផ្សាយ​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​​នៅកំឡុង​ខែ​ឧសភានេះ​។

 

                                                                         ​គំរូរោងចក្រកាត់ដេរមួយកន្លែង។រូបភាពហ្វេសប៊ុក

 

យោង​តាម​ការចេញ​ផ្សាយដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC ការវិនិយោគក្នុងរយៈពេញមួយខែនៅក្នុងខែឧសភា ឆ្នាំ ២០១៨ នេះ ​ទុនវិនិយោគក្នុងការបង្កើតរោងចក្រសហគ្រាសមានទឹកប្រាក់ ២១,១៣លានដុល្លារ និង​បានផ្តល់​ការងារ​សរុប​ដល់កម្មករចំនួន​ ៥៥៤០​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាននៅលើ​ទំព័រ​ហ្វេសប៊ុករបស់ CDC ​គម្រោង​ដែល​ត្រូវ​បាន​អនុម័តយល់ព្រមនោះ​មាន​​ចំនួន​ ៧ក្រុមហ៊ុន រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​ ៣ មាន​ទីតាំង​នៅ​ភ្នំពេញ និងខេត្តកណ្តាល និងរោងចក្រចំនួន៤ ផ្សេងទៀត គឺរោងចក្រផលិតជីវម៉ាសឥន្ធនៈ រោងចក្រផលិតប្រអប់ផ្លាស្ទិក រោងចក្រផលិតទឹកបរិសុទ្ធ និងរោងចក្រផលិតប្រដាប់ដាក់បំពុងទឹក។ រោងចក្រទាំង ៤ នេះមានទីតាំងនៅខេត្តព្រះសីហនុ ៣កន្លែង និងខេត្តបន្ទាយមានជ័យមួយកន្លែង។

សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ភាគច្រើន​បំផុត​លើ​វិស័យ​កាត់ដេរ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​ជាង​ ៨០​ម៉ឺន​នាក់ និង​រក​បាន​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ វិស័យវាយនភណ្ឌ ត្រូវបានចាត់ទុកជាវិស័យស្នូរមួយដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧ %ក្នុងមួយ ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ហើយអតិភរណាបន្តមានកម្រិតទាបអាចគ្រប់គ្រងបាន គួបផ្សំនឹងស្ថានភាពទូទាត់អន្តរជាតិមាននិរន្តភាព។

បច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដោយចំណូលក្នុងមនុស្សម្នាក់បានកើនប្រមាណ ៥ដង ពោលគឺពី ២៥០ដុល្លារកាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មកដល់១៤២៣ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា។

របាយការណ៍បង្ហាញទៀតថា កំណើនសេដ្ឋកិច្ចបន្តរឹងមាំនេះ គួបផ្សំនឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាជាលំដាប់។ ចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រខ្លាំងបានថយចុះត្រឹម២,២%នៅឆ្នាំ២០១២ ដែលជាអត្រាទាបជាងប្រទេសនៅអាស៊ានមួយចំនួនដែលមានចំណូលខ្ពស់ជាងកម្ពុជា ដូចជាឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។

                                                             កម្មករកាត់ដេរសម្លៀកបំពាក់កំពុងបំពេញការងារ។

 

របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ ពី​ក្រសួង​ការងារ​ចេញ​ផ្សាយ​កាលពី​ខែ​មីនា​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ថា​ «​សហគ្រាស និង​គ្រឹះស្ថាន​» កាត់ដេរ​នៅ​កម្ពុជា​សរុប​មាន ១ ១៤៧ ដែល​ប្រតិបត្តិការ​កាលពី​ឆ្នាំ​ ២០១៧។

ចំណែកក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ បាន​ផ្តល់​សិទិ្ធ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​សរុប​ទាំង​ក្នុង​ស្រុក និង​បរទេស មាន​តម្លៃ​ជា​ទឹកប្រាក់ ៦,៣ ពាន់​លាន​ដុល្លារ​កើនឡើង​យ៉ាង​ខ្លាំង​ពី ៣,៦ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៦​។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​សេដ្ឋកិច្ច​ជប៉ុន Nikkei Asian Review​។

របាយការណ៍សារព័ត៌មានជប៉ុននេះ បាន​បង្ហាញ​ពី​និន្នាការ​នៃ​ការអនុម័ត​លើ​គម្រោង​ស្នើសុំ​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៣ មក​តាមរយៈ​ក្រាហ្វិក​នៃរបាយការណ៍នេះ។ របាយការណ៍ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ទឹកប្រាក់​សរុប​នៅ​ឆ្នាំ ២០១៧ វិនិយោគ​ដែល​ស្នើឡើង​ដោយ​ពាណិជ្ជករ​ក្នុង​ស្រុក​មាន​ពាក់កណ្តាល ខណៈ​ពាក់កណ្តាល​ផ្សេង​ទៀត​ជា​គម្រោង​ស្នើសុំ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) ដែល​ភាគច្រើន​ជា​គម្រោង​វិនិយោគិន​ជនជាតិ​ចិន​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក សុខ ចិន្តាសោភា ក្នុង​សេចក្តី​រាយការណ៍​របស់ Nikkei Asian Reviewនេះ កម្ពុជា​ចាប់ផ្តើម​មាន​ឯករាជភាព​ផ្នែក​ថាមពល​អគ្គិសនី​ចាប់ពី​ឆ្នាំ ២០១៨ នេះ​តទៅ ហើយ​តម្លៃ​អគ្គិសនី​នឹង​បន្ត​ធ្លាក់​ចុះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ប៉ះប៉ូវ​ទៅ​ដល់​កំណើន​ថ្លៃឈ្នួល​អប្បបរមា​ដែល​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​

ស្របជាមួយកំណើនថ្មីៗនៃរោងចក្រសហគ្រាសនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលត្រូវបានគេមើលឃើញថា បានយកចិត្តទុកដាក់លើជីវភាពកម្មករ-កម្មាការិនីខ្លាំងតាមរយៈការផ្តល់សេវាគាំពារសង្គមដោយឥតគិតថ្លៃនោះ សម្តេចបានបង្ហើបពីចក្ខុវិស័យបង្កើនចំនួនរោងចក្រតាមផ្លូវជាតិលេខ៤ ដែលជាយុត្ថិសាស្រ្តផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទី ១ របស់ក្រុងភ្នំពេញជាមួយប៉ូលសេដ្ឋកិច្ចទី ២ គឺខេត្តព្រះសីហនុ។

សម្តេចនាយករដ្ឋមន្រ្តីប្រកាសបន្ថែមថា សម្តេចនឹងខិតខំគៀកគរអ្នកវិនិយោគឱ្យបោះទុនបង្កើតរោងចក្រសហគ្រាសតាមបណ្តាយផ្លូវជាលេខ៤ ដែលជាផ្លួវមួយមានសក្តានុពលដឹកទំនិញងាយស្រួលព្រោះមានកំពង់ផែខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍អានដោយសម្តេច ហ៊ុន សែន កាលពីចុងខែឧសភាពនេះបានឱ្យដឹងថា ចំនួនរោងចក្រចាប់ផ្តើម មានវត្តមានតាំងពីឆ្នាំ១៩៩៧មក ដែលកាលណ្ណោះមានចំនួនរោងចក្រចំនួន ៦៤រោងចក្រ ហើយប្រាក់ខែកម្មករពេលនោះត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០០៣ រោងចក្របានកើនចំនួន១៩២ រោងចក្រ ហើយប្រាក់ខែបានឡើងចំនួន ៥០ដុល្លារក្នុងមួយខែ។ មកដល់ឆ្នាំ២០០៨ កម្មករកាត់ដេរបានកើនប្រាក់ខែចំនួន ៦១ដុល្លារក្នុងមួយខែ ចំណែកចំនួនរោងចក្រវិញកើនឡើង ៤៣២រោងចក្រ។ នៅឆ្នាំ២០១៣ រោងចក្របានកើនឡើងចំនួន ៧៣៣ ហើយប្រាក់ឈ្នួលកម្មករកាលនោះមានចំនួន៨០ដុល្លារក្នុងមួយខែ។ ចំណែកឆ្នាំ២០១៧ ចំនួនរោងចក្របានកើនឡើង១១០៧ ហើយប្រាប់ខែកម្មករបានឡើងដល់១៥៣ដុល្លារក្នុងមួយខែ។ រហូតមកដល់ឆ្នាំ២០១៨នេះ ប្រាក់ឈ្នួលរបស់កម្មករបានកើនឡើងរហូតដល់ ១៧០ដុល្លារ ហើយចំនួនរោងចក្រវិញបានកើនឡើងដល់ទៅ១១៥០រោងចក្រ៕

 

Share

Image
Image
Image