en     km
en     km

ពលរដ្ឋ​សុំ​ឲ្យ​សប្បុរសជន​បន្ដ​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្រោយ​វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ ធ្វើ​មរណកាល​

Share

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​បាន​នាំ​កូន​-​ចៅ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ មរណភាព​ លោក​វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ព្យាបាល​កុមារ​រាប់​ម៉ឺន​សែន​នាក់​ ដោយ​ឥត​គិតថ្លៃ​។​ ពួក​គាត់​សំណូម​សប្បុរសជន​ បន្ដ​ជួយ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បន្ត​ទោះបី​អត់​លោក​ វេជ្ជបណ្ឌិត​រូប​នេះ​ក៏​ដោយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​បាន​នាំ​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​ ដែល​វិទ្យុ​ស្ដ្រី​បាន​ជួប​សម្ភាស​ បាន​និយាយ​ដូចៗ​គ្នា​ថា​ ពួក​គាត់​មាន​អារម្មណ៍​ក្ដុកក្ដួល​ ពេល​ដែល​ឮដំណឹង​ថា​ ស្ថាបនិក​ របស់​មន្ទីរពេទ្យ​សប្បុរសធម៌​ គន្ធ​បុប្ផា​ទទួលមរណភាព​។​

​អ្នកស្រី​ ស៊ីនួន​ ទីលំនៅ​បច្ចុប្បន្ន​នៅ​ខេត្ដរតនគិរី​ ដែល​បាន​មក​រង់ចាំ​ផ្ដល់​ឈាម​ឲ្យ​ក្មួយ​ប្រុស​ នៅ​ខាងក្រៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​០២​ ក្បែរ​ព្រះ​បរមរាជវាំង​ បាន​និយាយ​ថា​ អ្នកស្រី​ បើ​ទោះជា​មិន​ធ្លាប់​បានឃើញ​មុខ​លោក​វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ ក្ដី​ ក៏​ប៉ុន្ដែ​អ្នកស្រី​មាន​អារម្មណ៍​សោកស្ដាយ​ ចំពោះ​មរណភាព​ស្ថាបនិក​រូប​នេះ​ ៖«​មាន​អារម្មណ៍​ថា​ សោកស្ដាយ​គ្រាន់តែ​ថា​ ខ្ញុំ​មិន​ដែល​ឃើញ​មុខ​គាត់​ មិន​ដែល​បាន​មក​ពេទ្យ​ហ្នឹង​មែន​ គ្រាន់តែ​គិត​ថា​ សម្រាប់​គេ​ឧ​ប​ត្ថ​ម​ក្នុង​មន្ទីរពេទ្យ​ង​ហ្នឹង​ ដូច​ថា​ ក្នុង​មនុស្ស​ម្នាក់​ដែល​គេ​ឧ​ប​ត្ថ​ម​អ​ញ្ចឹ​ង​ វា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ប្រជារាស្ដ្រ​យើង​ក្រីក្រ​»​។​

​មន្ទីរពេទ្យ​គន្ធ​បុប្ផា​គឺជា​មន្ទីរពេទ្យ​សប្បុរ​ធម៌​ ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​ តែងតែ​នឹក​ដល់​មុនគេ​ នៅ​ពេល​ដែល​កូនៗ​ ឬ​ក៏​ពួក​គេ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ​។​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​កម្ពុជា​មាន​ ៣​កន្លែង​ នៅ​ភ្នំពេញ​ និង​នៅ​ខេត្តសៀមរាប​។​

​អ្នកស្រី​ ស៊ី​និ​ត​ វ័យ​ ២៨​ឆ្នាំ​ ដែល​បាន​នាំ​កូន​មក​ពី​ខេត្ដកណ្ដាល​ដើម្បី​ព្យាបាល​ជំងឺ​ បាន​និយាយ​ថា​ ជា​សំណាង​របស់​កុមារ​កម្ពុជា​ ដែល​មាន​មន្ទីរពេទ្យ​សប្បុរសធម៌​ គន្ធ​បុប្ផា​ ព្យាបាល​ដោយ​មិន​គិត​ប្រាក់​ដូច្នេះ​។​ អ្នកស្រី​ត្រេកអរ​ ចំពោះ​វត្ដមាន​មន្ទីរពេទ្យ​មួយ​នេះ​។​ អ្នកស្រី​ សំណូមពរ​ឲ្យ​អ្នកមាន​ទ្រព្យសម្បត្ដិ​ ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​សប្បុរ​ធម៌​មួយ​នេះ​ ដើម្បី​បន្ដ​បេស​កម្ម​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​ ដែល​មាន​ជំងឺ​បន្ដ​ទៀត​ ៖«​ចាស​ ខ្ញុំ​សូម​សំណូមពរ​អស់លោក​ ដូច​ថា​ អ្នកមានៗ​ទាំងឡាយ​ណា​ ដែល​មាន​សទ្ធា​ជ្រះថ្លា​ មានចិត្ដ​ បរិ​ច្ចាក​ មក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ហ្នឹង​ឲ្យ​បាន​ច្រើន​ផង​ ព្រោះ​អី​ប្រជាជន​មាន​ជំងឺ​ច្រើន​ណាស់​»​។​

​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ បាន​ដាក់​សេចក្ដី​ទុក្ខ​ចិត្ដ​ទៅ​លើ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​យ៉ាង​មុតមាំ​ ពីព្រោះ​តែ​បទ​ពិសោធន៍​ និង​គុណភាព​វិ​ជ្ជ​ជីវៈ​ បុគ្គលិក​របស់​មន្ទីរពេទ្យ​មួយ​នេះ​។​ ប្រជាពលរដ្ឋ​កម្ពុជា​ រាប់​លាន​នាក់​បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ពួក​គាត់​ចាត់​ទុក​លោ​វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ ជា​ព្រះ​ដែល​បាន​មក​ស្រ​ង្គ្រោះ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។​

​មិន​ថា​តែ​ពលរដ្ឋ​នោះ​ទេ​ សូ​ម្បី​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ក៏​បាន​បង្ហាញ​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ផង​ដែរ​ ចំពោះ​ការ​បាត់បង់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​

​លោក​វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ ស្ថាបនិក​មន្ទីរ​ព​ទ្យ​គន្ធ​បុប្ផា​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​ប្រ​ទស​ស្វី​ស​ បន្ទាប់​ពី​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ក្នុង​ខែមីនា​ ឆ្នាំ​២០១៧​។​

​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គឺជា​កេរ្ដិ៍​មរតក​របស់​លោក​ វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ ដែល​មាន​សញ្ជាតិ​ស្វី​ស​។​ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ បាន​ចាត់​ទុក​លោក​វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ ជា​ព្រះ​ដែល​បាន​ជួយ​ដល់​កុមារ​ក្រីក្រ​ នៅ​កម្ពុជា​រាប់​លាន​នាក់​។​ លោក​វេជ្ជបណ្ឌិត​ ប៊ីត​ រី​ច​ច្នឺ​ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ នៅ​ឆ្នាំ​១៩៩២​ ដើម្បី​ជួយ​ព្យាបាល​កុមារ​ និង​ស្ដ្រី​កម្ពុជា​ ដែល​មាន​ជីវភាព​ ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​។​ ក្នុង​មួយ​ថ្ងៃៗ​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​កុមារ​ និង​ស្ដ្រី​ ក្រីក្រ​ មក​ពី​គ្រប់​ច្រកល្ហក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ យ៉ាង​ហោច​ណាស់​ ១៥០​ ទៅ​ ២០០​នាក់​។​ គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ដំណើរការ​ជាង​ ២៥​ឆ្នាំ​។​ ក្នុង​រយៈពេល​នេះ​ កុមារ​ និង​ស្ដ្រី​មាន​ផ្ទៃពោះ​ជិត​ ១៨​លាន​នាក់​ បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​។​

​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្នុង​មួយ​ឆ្នាំៗ​ ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា​ ៤០​លាន​ដុល្លារ​។​ ការ​ចំណាយ​លើ​ដំណើរការ​មន្ទីរពេទ្យ​ទាំងមូល​ គឺ​មានការ​ចូលរួម​ពី​រដ្ឋាភិបាល​ស្វី​ស​ចំនួន​ ៤​លាន​ហ្វ្រ​ង់​ស្វី​ស​ ឬ​ប្រហាក់ប្រហែល​ ៤​លាន​ដុល្លារ​ វិភាគទាន​ពី​រដ្ឋាភិបាល​កម្ពុជា​ ១២​លាន​ដុល្លារ​ និង​ថវិកា​ប្រមាណ​ជា​ ២៤​លាន​ដុល្លារ​ទៀត​ បាន​ពី​ការ​ជួយ​ឧ​ប​ត្ថ​ម​ ពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​។​ យោង​តាម​របាយការណ៍​របស់​អគ្គ​កុងស៊ុល​ស្វី​ស​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ស្វី​ស​ បាន​ចាប់ផ្ដើម​ផ្ដល់​ការ​គាំំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ឆ្នាំ​១៩៩៤​ ដែល​រហូត​មក​ដល់​ពេល​នេះ​ បាន​ចំណាយ​ថវិកា​សរុប​អស់​ប្រមាណ​ជា​ ៦០​លាន​ស្វី​ស​ហ្វ្រ​ង់​។​

​សម្ដេច​ ហ៊ុន​ សែន​ កាលពីដើម​ខែមីនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ បាន​ចុះហត្ថលេខា​បង្កើត​ជា​ផ្លូវការ​ នូវ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដើម្បី​បន្ដសកម្មភាព​ របស់​មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ​ ឲ្យ​មាន​វត្ដ​មាននៅ​កម្ពុជា​បន្ដ​ទៀត​ ដើម្បី​ការ​រស់រាន​របស់​កុមារ​ក្រីក្រ​ រាប់​លាន​នាក់​នៅ​កម្ពុជា​។​ សម្ដេច​បន្ដ​ថា​ កន្លង​មក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ មាន​មូលនិធិ​នៅ​ក្រៅប្រទេស​ ហើយ​នៅ​ពេល​នេះ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ នឹង​មាន​មូលនិធិ​នៅ​ក្នុង​ប្រទេស​បន្ថែម​ទៀត​ ដើម្បី​ប្រមូល​ធនធាន​ក្នុង​ប្រទេស​ ជួយ​ដល់​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​

​យ៉ាងណា​ក្នុង​បទ​សម្ភាសន៍​ផ្ដាចមុខ​ ជាមួយ​វិទ្យុ​ស្ដ្រី​ លោកស្រី​ Rahel​ Boesch​ ប្រធាន​អគ្គ​កុងស៊ុល​ស្វី​ស​ ប្រចាំ​ប្រទេស​កម្ពុជា​ បង្ហាញ​ក្ដី​សង្ឃឹមថា​ មន្ទី​ពេទ្យ​គន្ធ​បុប្ផា​នឹង​ក្លាយជា​មន្ទីរពេទ្យ​ដែល​មានគុណ​ភាព​ខ្ពស់​ ប្រកបដោយ​ទំនុកចិត្ដ​ ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ សម្រាប់​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។​ ទន្ទឹម​នឹង​នេះ​ លោកស្រី​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាព​ ចួ​ល​រួម​ផ្ដល់​ការ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ផង​ដែរ​៕​

Share

Image
Image
Image