en     km
en     km

ពលរដ្ឋ​សាទរ​ចំពោះ​ការ​កែសម្រួល​តម្លៃ​សាំង​ ចុះ​ទាប​ជាង​មុន​

Share

​រាជរដ្ឋាភិបាល​សម្រេច​កែសម្រួល​ឱ្យ​តម្លៃ​សាំង​ចុះ​តម្លៃ​មក​ត្រឹម​ ៣០៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​ សម្រាប់​តម្លៃ​សាំង​ធម្មតា​ ហើយ​សាំង​ស៊ុប​ពែរ​ចុះ​មក​ត្រឹម​ ៣១៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​។​ តាម​អង្កេត​ឃើញ​ថា​ ស្ថានីយ​ប្រង​សាំង​មួយ​ចំនួន​នៅ​ភ្នំពេញ​ចាប់ផ្ដើម​អនុវត្ត​ភ្លាមៗ​ ហើយ​ ស្ថានីយ​ប្រេងសាំង​ខ្លះ​ទៀត​ ចុះ​តម្លៃ​ក្រោម​តម្លៃ​ដែល​រដ្ឋាភិបាល​ដាក់ចុះ​នោះ​ទៀត​។​

អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ បាន​ចុះ​ជួប​ពួក​គាត់​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ​។​ ពួក​គាត់​ជា​ សិស្ស​ និស្សិត​ អ្នក​រត់​ម៉ូតូឌុប​ និង​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​។​ ពួក​គាត់​បាន​សម្ដែង​ការ​សាទរ​ ចំពោះ​ វិធានការ​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​បារម្ភ​ខ្លាច​ ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ យូរអង្វែង​។​

​ព័ត៌មាន​នេះ​រាយការណ៍​លម្អិត​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ៖

​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​កែសម្រួល​តម្លៃ​លក់​ប្រេងឥន្ធនៈ​ ឱ្យ​ចុះ​ទាប​ជាង​មុន​ ដោយ​ក្នុង​នោះ​ម្លៃ​ប្រេងសាំង​ស៊ុប​ពែរ​ គឺ​ពី​តម្លៃ​ ៣៦៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​ បាន​ ចុះ​មក​ត្រឹម​ ៣១៥០​ រៀល​។​ រីឯ​ប្រេងសាំង​ធម្មតា​ ពី​ ៣៣៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​ ចុះ​ត្រឹម​ ៣០៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​។​ ជាមួយ​គ្នា​នេះ​ ប្រេងម៉ាស៊ូត​ពី​តម្លៃ​ ៣១០០​ រៀល​ ក្នុង​មួយ​លី​ត្រ​ ចុះ​ត្រឹម​ ២៧០០​ រៀល​ ក្នុង​មួយ​លី​ត្រ​។​

ហេតុផល​នៃ​ការ​កែសម្រួល​រូបមន្ដ​តម្លៃ​ប្រេងសាំង​ តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ ក្រសួង​រ៉ែ​ និង​ថាមពល​ នៅ​ពេល​នេះ​ គឺ​ដើម្បី​ ឱ្យ​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​ ត្រូវ​លក់​តាម​តម្លៃ​ឡើង​ចុះ​នៃ​ទីផ្សារ​អន្តរជាតិ​។​ ទន្ទឹម​នឹង​ការ​ធ្លាក់​ថ្លៃ​ប្រេងឥន្ធនៈ​នៅ​ពេល​នេះ​ ពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​ បាន​សាទរ​។​

យុវជន​ ឡុ​ន​ សុភៀ​ង
យុវជន​ ឡុ​ន​ សុភៀ​ង (ឆ្វេង) និងកញ្ញា​ ជុំ​ ជោគ​ជាតា​ (អ្នករាយការណ៍ព័ត៌មាន)

ចាប់អារម្មណ៍​ជាមួយនឹង​យុវជន​មួយ​រូប​ដំបូង​គេ​នោះ​គឺ​យុវជន​ ឡុ​ន​ សុភៀ​ង​។​ សុភៀ​ង​  បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​លោក​ជា​និស្សិត​ឆ្នាំ​ទី​៣​ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជា​អ្នកបម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​ យុវជន​ ឡុ​ន​ សុភៀ​ង​ និយាយ​ថា​ សាំង​ដែល​គេ​ទើបតែ​ចុះ​ចាក់​យានជំនិះ​នោះ​ មាន​តម្លៃ​ ៣០៥០​ ក្នុង​ មួយ​លី​ត្រ​ ដែល​គេ​អាច​ទទួលយក​បាន​។​

លោក​ ឡុ​ន​ សុភៀ​ង​៖​ «​ខ្ញុំបាទ​ឈ្មោះ​ សុភៀ​ង​ ខ្ញុំ​ជា​និស្សិត​រៀន​នៅ​ សាកលវិទ្យាល័យ​…..»​ បើ​ សិន​ជា​អាច​សាំង​ចុះ​បន្ដ​ទៀត​ក៏​ល្អ​ដែរ​ ព្រោះ​អី​ខ្ញុំ​ក្នុង​ម្ង៉ៃ​ ខ្ញុំ​ចាក់​សាំង​អស់​ ៣​ លី​ត្រ​ ក្នុង​មួយ​ថ្ងៃ​ ចឹ​ង​ខ្ញុំ​ ត្រូវ​ចំណាយ​ទឹកប្រាក​អស់​ច្រើន​»​។​

មាន​ចំណាប់អារម្មណ៍​មិន​ខុស​ពី​យុវជន​ខាងលើ​ កញ្ញា​ ប៊ុ​ន​ ចាន់​លី​ណា​ ដើរ​ឈរ​មិន​ឆ្ងាយ​ពី​ កន្លែង​យុវជន​ខាងលើ​ប៉ុន្មាន​ បាន​និយាយ​ថា​ តម្លៃ​សាំង​ដែល​កញ្ញា​បាន​ចាក់​មុន​នេះ​ប​ន្ថិ​ច​ គឺ​ បាន​ធ្លាក់​ថ្លៃ​ និង​អាច​ទទួលយក​បាន​។​ កញ្ញា​ ប៊ុ​ន​ ចាន់​លី​ណា​៖​ «​ធ្លាក់​ចុះ​ ទទួលយក​បាន​ អត់​អី​ »​។​

លោក​ ជន​ ផល្លា
លោក​ ជន​ ផល្លា

មក​ចាប់​រម្ម​ណ៍​ជាមួយ​មតិយោបល់​ អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​ ឈរ​ចាំ​ដឹក​អ្នកដំណើរ​នៅ​ម្ដុំ​ស្ថានីយ​ប្រេងសាំង​ គឺ​លោក​ ជន​ ផល្លា​។​ លោក​ ជន​ ផល្លា​ បានឱ្យ​ដឹង​ថា​ តម្លៃ​សាំង​នៅ​លើ​ ទីផ្សារ​រាល់ថ្ងៃ​ គឺ​មានការ​ចុះថ្លៃ​គួរ​ទទួលយក​បាន​។​ ប៉ុន្ដែ​លោក​ថា​ បើ​រាជរដ្ឋាភិបាល​កំណត់​បាន​ តម្លៃ​ប្រេងសាំង​ឱ្យ​នៅ​ត្រឹម​ ក្រោម​ ៣​ពាន់​រៀល​ ក្នុង​មួយ​លី​ត្រ​ គឺ​លោក​ ថា​ ទាំង​អ្នក​រត់​រ៉ឺ​ម៉ក់​ កង់​បី​ និង​អ្នក​រត់​ម៉ូតូ​ទាំងអស់​ គឺ​សប្បាយចិត្ត​។​ លោក​ ជន​ ផល្លា​៖​ «​បើ​រាជរដ្ឋាភិបាល​យើង​ បន្ទាប​តម្លៃ​សាំង​ទៀត​រឹតតែ​ល្អ​។​ អ្នក​ខាង​ម៉ូតូ​ កង់​បី​ អ្នក​រត់​ម៉ូតូ​អី​  និយាយ​ទៅ​ ទូទៅ​ គឺ​សប្បាយចិត្ត​ »​។​

តម្លៃ​សាំង​មានការ​ឡើង​ចុះ​ជា​ញឹក​ញ​ប់​តែ​ ទោះជា​យ៉ាងណា​តម្លៃ​សាំង​ ៣០៥០​ រៀល​ ក្នុង​ មួយ​លី​ត្រ​ នៅ​ពេល​នេះ​ គឺ​អាច​ទទួលយក​បាន​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ចាន់​ សា​វុន​ អ្នក​រត់​ម៉ូតូ​មួយ​រូប​ទៀត​ ដែល​ឈរ​មិន​ឆ្ងាយ​ពី​ស្ថានីយ​ចាក់​ប្រេង​។​

លោក​ ចាន់​ សា​វុន​
លោក​ ចាន់​ សា​វុន​

លោក​ ចាន់​ សា​វុន​៖​ «​ខ្ញុំ​ចាក់​សាំង​ពីរ​លី​ត្រ​ ៦១០០​រៀល​ ប៉ុណ្ណឹង​វា​អត់​អី​ ខ្ញុំ​អាច​ទប់​បាន​ប៉ុន្ដែ​ បើ​ តម្លៃ​សាំង​លើស​ពី​នេះ​ ខ្ញុំ​អត់​អាច​ទទួលយក​បាន​ទេ​ ព្រោះ​អី​ដឹង​ស្រាប់​ហើយ​ អ្នក​រត់​ម៉ូតូ​ …»​។​

លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​ រាជបណ្ឌិត្យសភា​ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ជា​ការ​ពិត​ ចំណាត់ការ​របស់​រដ្ឋាភិបាល​ គួរ​ឱ្យ​សាទរ​ ព្រោះ​ជា​ផលប្រយោជន៍​រួម​។​ ប៉ុន្តែ​ លោក​ឱ្យ​ដឹង​ថា​នៅ​ប្រទេស​ជិតខាង​កម្ពុជា​ ដូច​ជា​ប្រទេស​វៀតណាម​  គឺ​តម្លៃ​ប្រេងសាំង​ ប្រហែលជា​ ១៦០០​ រៀល​ លុយ​ខ្មែរ​។​

លោក​ គី​ សេរី​វឌ្ឍន៍​ ថា​៖​ «​បើ​យើង​គិត​តាម​តម្លៃ​ ខ្ញុំ​យល់​ថា​ នៅទេ​ ព្រោះ​ អាទិត្យ​មុន​ ខ្ញុំ​ទើបតែ​មក​ពី​វៀតណាម​។​ ប្រេងសាំង​ ស៊ុប​ពែរ​ នៅ​វៀតណាម​ មួយ​លី​ត្រ​តែ​ ១​ពាន់​ប្រាំមួយ​រយ​ រៀល​លុយ​ខ្មែរ​ទេ​ យើង​នេះ​យើង​ថ្លៃ​ជាងគេ​ ពីរ​ដង​។​ ដោយសារ​យើង​នាំ​ចូល​ ចឹ​ង​កាលណា​យើង​នាំ​ចូល​ ទី​មួយ​ ប្រេង​មានការ​បង់ពន្ធ​ ចំណែកឯ​នៅ​ វៀតណាម​ គេ​មាន​រោងចក្រ​ផលិត​ប្រេង​ខ្លួនឯង​ ទី​ពីរ​ ដោយសារ​តែ​ ក្រុមហ៊ុន​ប្រេង​នៅ​ស្រុក​ខ្មែរ​ គឺ​សហការ​គ្នា​ គឺ​មាន​ន័យ​ថា​ មិន​ប្រកួតប្រជែង​គ្នា​កំណត់​តម្លៃ​លក់​ដូច​គ្នា​ និង​កាត់​ចំណែក​ថ្លៃ​ចំណេញ​ ស្មើៗ​គ្នា​ ដូចៗ​គ្នា​»​។​

តាម​ការ​អង្កេត​ ស្ថានីយ​ប្រេងសាំង​នៅ​រាជ​ធា​នៅ​ភ្នំពេញ​ មាន​តម្លៃ​ខុសៗ​គ្នា​កន្លែង​ខ្លះ​ លក់​ ក្នុង​តម្លៃ​ ៣០៥០​ រៀល​ និង​សាំង​ស៊ុប​ពែរ​ ៣១៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​។​  តែ​ស្ថានីយ​ខ្លះ​ ដាក់​លក់​ ត្រឹម​ ២៩០០​ រៀល​  ទៅ​ ២៨០០​ រៀល​ និង​ខ្លះ​ទៀត​ ២៧៥០​ រៀល​ ក្នុង​មួយ​លី​ត្រ​៕​

Share

Image
Image
Image