en     km
en     km

ពលរដ្ឋ​សហគមន៍​ផ្លូវដែក​គ្រោង​នឹង​ដាក់​ញត្ដិ​នៅ​សាលាក្រុង​ភ្នំពេញ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ ពលរដ្ឋ​សហគមន៍​ផ្លូវដែក​គ្រោង​នឹង​ដាក់​ញត្ដិ​ស្នើ​ឲ្យ​សាលាក្រុង​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ករ ណី​ការ​ពង្រីក​ផ្លូវ​រថភ្លើង​ទាំង​សងខាង​ ដែល​អ្នក​ភូមិ​បាន​អះអាង​ថា​ ប្រសិនបើ​មានការ​ ពង្រីក​ផ្លូវ​ដូច​ទៅ​នឹង​គម្រោង​ដែល​ប្រកាស​មែន​ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​បាត់បង់​ផ្ទះសម្បែង​។​

 

rob-pler

​អ្នកស្រី​ ម៉ែ​ន​ សា​រ៉ាត​ ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​១​ ខណ្ឌ​ទូល​គោក​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​អង្គា​រ៍​ ទី​១៤​ មីនា​នេះ​ថា​ ការ​ដាក់​ញត្ដិ​នៅ​ថ្ងៃ​ទី​១៥​ ស្អែក​នេះ​ គឺ​ដើម្បី​ស្នើ​ឲ្យ​សាលាក្រុង​អនុវត្ដន៍​ការ​ពង្រីក​ផ្លូវ​ត្រឹមតែ​ម្ខាង​៧​ម៉ែត្រ​ ពី​ផ្លូវ​រថភ្លើង​ហើយ​ ស្នើ​ឲ្យ​ចេញ​ប្លង់​កម្ម​សិទ្ធ​ និង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​។​ គម្រោង​ដាក់​ញត្ដិ​នៅ​សាលាក្រុង​ភ្នំពេញ​អាច​នឹង​មាន​ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ចូលរួម​ប្រមាណ​ជាង​ ១៥០​នាក់​។

​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​មាន​គ្នា​ប្រមាណ​ជាង​ ២៥៧​គ្រួសារ​។​ ពួក​គេ​ទាំងអស់​សុទ្ធសឹងតែ​គ្មាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​នោះ​ទេ​។​ តែ​យ៉ាងណា​អ្នកស្រី​ ម៉ែ​ន​ សា​រ៉ាត​ សង្ឃឹមថា​ សាលាក្រុង​ភ្នំពេញ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​មុន​ពេល​ដែល​ចាប់​ដំណើរការ​សកម្មភាព​ផ្សេងៗ​។​ ជាង​នេះ​អ្នកស្រី​អះអាង​ថា​ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ជាក់ស្ដែង​ ស្រប​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ពួក​គាត់​ទេ​ ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​នឹង​មិន​ចាក​ចេញពី​ទីលំនៅ​បច្ចុប្បន្ន​នេះ​ឡើយ​។​ អ្នកស្រី​ ម៉ែ​ន​ សា​រ៉ាត​៖«​បើ​អត់​ដំណោះស្រាយ​ បើ​ត្រូវ​តែ​រើ​ចេញ​ ខ្ញុំ​អត់​រើ​ទេ​ អត់​រើ​ទេ​ ឲ្យ​ខ្ញុំ​ទៅ​នៅឯណា​ បើ​ខ្ញុំ​អត់​មាន​កន្លែង​នៅ​ផង​»​។​

rodd

​បន្ថែម​ពី​នេះ​អ្នកស្រី​ ម៉ែ​ន​ សា​រ៉ាត​ ចង់​ឲ្យ​សាលាក្រុង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​ពលរដ្ឋ​ចាក​ចេញពី​លំនៅ​ឋាន​ ឬ​ក៏​ផ្ដល​ដី​សមរម្យ​ណាមួយ​ដល់​ពួក​គាត់​ ឆ្ងាយ​បំផុត​ត្រឹមតែ​ ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កន្លែង​រស់នៅ​ចាស់​។​

​តាម​ការ​អះអាង​របស់​ស្ដ្រី​រូប​នេះ​ ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​តាំង​តែ​ពី​ឆ្នាំ​១៩៩២​ មក​ម្លេះ​។​ អ្នកស្រី​ ម៉ែ​ន​ សា​រ៉ាត​៖«​នាង​ខ្ញុំ​នៅ​ទី​នេះ​ រហូត​អត់​មាន​ផ្លាស​ប្ដូរ​ទៅ​កន្លែង​ណា​ទេ​ តាំងពី​ឆ្នាំ​១៩៩២​ មក​ម្លេះ​»​។​

​យ៉ាងណា​ ក៏​ដោយ​ មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ មេ​ត​ មាស​ភក្ដី​ មិន​បាន​ឆ្លើយ​តប​នឹង​សំណូមព​របស់​ អ្នកស្រី​ ម៉ែ​ន​ សា​រ៉ាត​ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​នៅ​សង្កាត់​ទឹកល្អក់​១​ នោះ​ទេ​ដោយ​អះអាង​ថា​ លោក​កំពុង​ជាប់​ប្រជុំ​។​

​បើ​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ច្បាប់​នេះ​មាន​គោលដៅ​កំណត់​ របប​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ទាំងឡាយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គោលបំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ​និង​សិទ្ធិ​ផ្សេងៗ​ទៀត​ លើ​អចលនវត្ថុ​ស្រប​តាម​បទបញ្ញត្ដិ​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Share

Image
Image
Image