en     km
en     km

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ខេត្ដកោះកុង​ ទទូច​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ជួយ​អន្ដរាគមន៍​🔊

Share

តំណាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ដកោះកុង​ដែល​កំពុង​មាន​ជម្លោះ​ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ Sugar​ industry​ company​ limited​ និង​ក្រុមហ៊ុន​ស្ករអំពៅ​ Koh​ kong​ Plantation​ company​ limited​ ថ្លែង​ថា​ ប្រសិនជា​ ក្នុង​ស​ប្ដា​ហ៍​នេះ​អាជ្ញា​ខេត្ដ​មិន​អាច​ដោះស្រាយ​ឲ្យ​ក្រុមហ៊ុន​ព្រម​បើកផ្លូវ​វិញ​បាន​ទេ​ ពួក​គេ​នឹង​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​ខុ​ទ្ទ​ការ​ល័យ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ។​ ប៉ុន្ដែ​អា​ជ្ងា​ធរ​ខេត្ដ​ថ្លែង​ថា​ អា​ជ្ងា​ធរ​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ក្នុង​រវាង​ថ្ងៃនេះ​និង​ថ្ងៃស្អែក​ ។​ រាយការណ៍​ដោយ​ លោក​ លៀ​ ស៊ី​ណា​៖

 

koh-kong1
ក្រុមហ៊ុន​ស្ករអំពៅ​ Sugar​ industry​ company​ limited​ និង​ក្រុមហ៊ុន​ស្ករអំពៅ​ Koh​ kong​ Plantation​ company​ limited​ ធ្វើផ្លូវបិទចំការប្រជាពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ស្ថិត​ក្នុងភូមិ​ ត្រពាំង​កណ្ដោល​ ស្រុកស្រែ​អំបិល​ខេត្ដកោះកុង​ម្នាក់​ អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ ច័ន្ទ​ ទី​ ០៤​ កក្កដា​ នេះ​ថា​ អ្នក​ភូមិ​ដែល​ជា​ម្ចាស់​ចំការ​ ម្ចាស់​ស្រែ​ស្ថិត​នៅ​ខាងក្រោយ​ចំការ​ស្ករអំពៅ​ទាំង​២​គឺ​  ពេល​នេះ​ដំណាំ​របស់​ពួក​គាត់​កំពុង​តែ​ស្វិត​ជិត​ងាប់​ និង​ ជ្រុះ​ផ្លែ​ស្ទើរ​ អស់​ទៅ​ហើយ​ ។​

​ដំណាំ​ទាំងនេះ​មាន​ដូច​ជា​ សា​ម៉ា​វ​ ធុ​រ៉េ​ន​ និង​ ឪឡឹក​ ដែល​កំពុង​តែ​ទុំ​ខូច​ ។​ អ្នកស្រី​ថា​ ព្រោះ​មិន​មាន​ផ្លូវ​ដើម្បី​ដឹក​ដំណាំ​កសិផល​ ហើយ​ពលរដ្ឋ​ ដែល​បាន​ខ្ចីបុល​ធនាគារ​មក​ធ្វើ​ចំការ​ ប្រហែលជា​ត្រូវ​លក់​ដីចម្កា​ដើម្បី​យក​លុយ​សង​ធនាគារ​ វិញ​បើ​ថ្ងៃនេះ​ និង​ថ្ងៃ​ ស្អែក​ពលរដ្ឋ​នៅ​តែ​មិន​មាន​ផ្លូវ​ដើម្បី​ ដឹក​ដំណាំ​ទាំងនោះ​ចេញពី​ចំការ​ទៅ​លក់​ទេ​នោះ​ ។​

​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ ទទូច​សុំ​ឲ្យ​រាជរដ្ឋាភិបាល​មេត្ដា​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ជាង​ ៣២​ គ្រួសារ​ ដោយសារ​តែ​ក្រុមហ៊ុន​ស្ករអំពៅ​ទាំង​ពីរ​នេះ​បាន​ បិតផ្លូវ​ ។​ អ្នកស្រី​បន្ដ​ថា​ប្រសិនជា​ អាជ្ញាធរ​នៅ​តែ​មិន​អាច​អន្ដរាគមន៍​ឲ្យ​ក្រុមហ៊ុន​បើកផ្លូវ​វិញ​ទេ​ អ្នកស្រី​នឹង​លើកគ្នា​មក​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​អន្ដរាគមន៍​ពី​នាយក​រដ្ឋមន្ដ្រី​ ។​

​អ្នកស្រី​ ផាវ​ ញ៉ឺ​ង​៖«​ដូច្នេះ​ពួក​យើង​កំពុង​តែ​ប្រមូលផ្ដុំ​កំលាំង​យើង​ ប្រមូលផ្ដុំ​ទៅ​មុខ​អន្ដរក្រសួង​ មុខ​ខុ​ទ្ធ​ការ​ល័យ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ឲ្យ​លោក​ជួយ​ ព្រោះ​គេ​រំលោភ​យក​ដី​របស់​ពួក​យើង​ហើយ​ ហើយ​ដី​ដែល​នៅ​សល់​បន្ដិចបន្ដួច​ក្រុមហ៊ុន​ នៅ​ធ្វើ​របង​ហ៊ុំ​ព័ន្ធ​យក​ទៀត​ »​ ។​

​អ្នកស្រី​ កាន់​ នាង​ ដែល​ជា​ម្ចាស់​ចំការ​ ស្ថិត​នៅ​ខាងក្រោយ​ដីចំការ​ស្ករអំពៅ​របស់​ក្រុមហ៊ុន​  Sugar​ industry​ company​ limited​ និង​ក្រុមហ៊ុន​ស្ករអំពៅ​ Koh​ kong​ Plantation​ company​ limited​ បាន​ឲ្យ​ដឹង​ថា​ គ្រួសារ​អ្នកស្រី​ប្រសិនជា​មិន​បាន​ប្រមូល​ កសិផល​ដែល​មាន​ទាំង​ធុ​រ៉េ​ន​ និង​ សា​ម៉ា​វ​នោះ​ដើម្បី​លក់​ទេ​ គ្រួសារ​អ្នកស្រី​អាច​ប្រឈម​នឹង​លក់​ចម្កា​ដើម្បី​សងបំណុល​គេ​ ។

​ស្រី​ម្ចាស់​ចំការ​ បញ្ជាក់​ថា​ បើសិន​ ថ្ងៃនេះ​ និង​ថ្ងៃស្អែក​អាច​មាន​ផ្លូវ​ដើម្បី​ដឹក​ដំណាំ​កសិផល​ទាំងនោះ​ ចេញពី​ចំការ​ ប្រហែលជា​អាច​ស្រោចស្រង់​បាន​ ២០​ ទៅ​ ៣០%​ ប៉ុន្ដែ​បើ​លើស​ថ្ងៃ​ទៅ​មុខ​ទៀត​ គឺ​អស់សង្ឃឹម​ហើយ​ ។​

​អ្នកស្រី​ កាន់​ នាង​៖​ «​ ខ្ញុំ​ខាត​ណាស់​មួយ​ឈុត​នេះ​ ខ្ញុំ​ខ្ចី​លុយ​អង្គការ​ដល់​ ៥​ពាន់​ហើយ​អត់​អី​មួយ​រៀល​ ដោយសារ​ឆ្នាំទៅ​វា​ រីង​ខ្លាំង​ពេក​ ៥​ពាន់​យក​មក​សង្ឃឹមថា​រួច​ ហើយ​ប្រមូល​ផល​សង​គេ​វិញ​តែ​ ឥឡូវ​អស់ហើយ​ខ្ញុំ​ នៅ​មួយ​គ្រាប់​ពី​គ្រាប់​ យក​ធ្វើ​អី​ គេ​មិន​មក​យក​ទេ​ មួយ​ដើម​ពីរ​បី​គីឡូ​ហ្នឹង​ តែ​បើកផ្លូវ​បាន​ថ្ងៃនេះ​ និង​ ស្អែក​អាច​ប្រមូល​បាន​មួយ​ដើម​ពីរ​បី​គីឡូ​អី​ តែបើ​ផុត​ទៅ​លែង​ហើយ​ »​ ។​

​ជុំវិញ​រឿង​នេះ​លោក​ តេ​ង​ នាវ​ ប្រធាន​ការិយាល័យ​ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់​នៃ​សាលាស្រុក​ស្រែអំបិល​ ខេត្ដ​ កោះកុង​ មាន​ប្រសាសន៍​ថា​ អា​ជ្ងា​ធរ​បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុន​ ទាំង​២​នេះ​ហើយ​ ដោយ​រដ្ឋបាល​ក្រុម​ ហ៊ុន​ នេះ​បាន​សន្យា​ថា​ និង​ មក​ជួប​អា​ជ្ងា​ធរ​ខេត្ដ​ រួម​ជាមួយ​ប្រជា​ព​រដ្ឋ​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ថ្ងៃ​ចន្ទ​ ទី​ ០៤​ កក្កដា​នេះ​ ប៉ុន្ដែ​បែរជា​មិនឃើញ​តំណាង​ក្រុមហ៊ុន​មក​ជួប​តាម​សន្យា​ឡើយ​ ហើយ​និយាយ​ថា​ អ្នកគ្រប់គ្រង​ទូទៅ​មាន​ភារៈកិច្ច​ទៅ​ប្រទេស​ថៃ​ ។​

​ប្រធាន​ការិយាល័យ​ផែនការ​រូប​នេះ​បន្ដ​ថា​ លោក​ជា​អា​ជ្ងា​ធរ​ខេត្ដ​នៅ​ពេល​ល​ឃើញ​ពលរដ្ឋ​រង​ទុក្ខ​ដូចនេះ​លោក​ពិតជា​លំបាក​ណាស់​ ហើយ​លោ​ក៏​ប្រឹងប្រែង​ជួយ​ដល់​ពលរដ្ឋ​ដែរ​ប៉ុន្ដែ​ភាគី​ក្រុមហ៊ុន​ ហាក់​បង្ហាញ​ជំហរ​ដូច​មិន​ចង់​ចរចា​រណ៍​ដើ​ម្បើ​បើកផ្លូវ​សម្រួល​ដល់​ពលរដ្ឋ​ឡើយ​ ។​

​លោក​ តេ​ង​ នាវ​ បន្ដ​ថា​លោក​នឹង​បន្ត​ឃ្លាំមើល​ទៀត​ ហើយ​បើ​ ក្រុមហ៊ុន​ មិន​ព្រម​បញ្ជូន​អ្នក​ដោះស្រាយ​មក​ទេ​លោក​ នឹង​ ផ្ដល់​ដំណឹង​ទៅ​ថ្នាក់លើ​លោក​ជា​ថ្មី​ដើម្បី​សុំ​អន្ដរាគមន៍​នៅ​ថ្ងៃស្អែក​ ។​

​លោក​ តេ​ង​ នាវ​៖​ «​ខ្ញុំ​នឹង​ខំប្រឹង​ប្រែ​មួយ​ល្ងាច​នេះ​ទៀត​ ហើយ​បើ​ការ​និយាយ​របស់ខ្ញុំ​វា​មិន​បាន​ផល​អ្វី​ទេ​ ខ្ញុំ​នឹង​ជួន​ដំណឹង​ទៅ​មេ​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​ហាមឃាត់​ពួក​គាត់​ដែរ​ (​ទៅ​តវ៉ា​នៅ​ភ្នំពេញ​)​ ព្រោះ​ការ​ប្រមូល​ផល​របស់​ពួក​គាត់​គឺជា​រឿង​សំខាន់​»​ ។​

​សូម​ជម្រាប​ថា​ ទំនាស់​បិតផ្លូវ​រវាង​ក្រុមហ៊ុន​ស្ករអំពៅ​ Sugar​ industry​ company​ limited​ និង​ក្រុមហ៊ុន​ស្ករអំពៅ​ Koh​ kong​ Plantation​ company​ limited​ ជាមួយនឹង​ពលរដ្ឋ​ស្ថិត​ក្នុង​ ភូមិ​ ត្រពាំង​កណ្ដោល​ ស្រុក​ ស្រែអំបិល​ ខេត្ដកោះកុង​ ចាប់​តាំង​តែ​ពី​ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ ដោយ​ក្រុមហ៊ុន​ ចោទ​ថា​ មាន​សត្វ​គោ​ ក្របី​របស់​ពលរដ្ឋ​បាន​ចូល​ស៊ី​ដំណាំ​លើ​ដី​របស់​ក្រុមហ៊ុន​ ៕​

Share

Image
Image
Image