en     km
en     km

ពលរដ្ឋ​នៅ​ស្រុក​រតន​មណ្ឌល​ ខេត្ដបាត់ដំបង​ ប្រទះ​មីនតោន​ក្នុង​ចំការពោត​

Share

​ភ្នំពេញ​ ៖​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ លោក​ ហេង​ រតនា​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ មាន​កសិករ​បាន​ជួប​មីនតោន​មួយ​គ្រាប់​ ស្ថិត​ក្នុង​ចម្ការពោត​របស់​គាត់​។​ លោក​បន្ដ​ថា​ មីនតោន​នោះ​គឺជា​ប្រភេទ​ TM46​ ។​

​ជាង​នេះ​លោក​ ហេង​ រតនា​ បន្ដ​ថា​ កសិករ​ម្ចាស់​ចម្ការពោត​រូប​នោះ​ ស្ថិត​នៅ​ភូមិ​បា​ដាង​ត្បូង​ ឃុំ​រស្មី​សង្ហា​ ស្រុក​រតន​មណ្ឌល​ ខេត្ដបាត់ដំបង​។​ កសិករ​បាន​ភ្ជួរដីចម្ការ​របស់​គាត់​ និង​បាន​បង្កបង្កើន​ផល​ជា​ ច្រើន​ដង​មក​ហើយ​ ក៏​ប៉ុន្ដែ​លោក​ថា​ កសិករ​មិន​ដែល​ឃើញ​គ្រាប់​មីនតោន​នោះ​ទេ​។​ លោក​បន្ដ​ថា​ កសិករ​ក្រោយ​ពី​ប្រមូល​ផល​ពោត​ហើយ​ ក៏​បាន​ភ្ជួរ​ដី​នោះ​ដើម្បី​ហាល​ លុះដល់​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ កសិករ​ ក៏​បាន​ទៅ​ភ្ជួរ​ម្ដងទៀត​ ក៏​ស្រាប់តែ​ប្រទះ​មីនតោន​នោះ​តែ​ម្ដង​។​

​យ៉ាងណា​ការ​ប្រទះ​ឃើញ​ មុន​ពេល​ដែល​ភ្ជួរ​ដី​នេះ​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ចាត់​ទុក​ថា​ គឺជា​សំណាង​ខ្លាំង​ណាស់​សម្រាប់​កសិករ​រូប​នោះ​ ព្រោះ​មីនតោន​ ឬ​គ្រាប់បែក​ផ្សេងៗ​ មិន​ថា​ កប់​ក្នុង​ដី​ ឬ​រក្សា​ទុក​យូរ​ប៉ុណ្ណោះ​នោះ​ទេ​ ក៏​វា​នៅ​តែ​មាន​ឥទ្ធិពល​អាច​បង្ក​គ្រោះថ្នាក់​បាន​។​

​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ផ្ទៃដី​ នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​ ក្នុង​ឆ្នាំ​២០១៧​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​បាន​ ៨​ពាន់​ ៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​ គឺ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​បាន​ចំនួន​ ៣​ម៉ឺន​ ៧​ពាន់​ ៤៤៨​គ្រាប់​។​

​តាម​រយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ដ្រី​ កាលពី​ពេល​កន្លង​ទៅ​ លោក​ ហេង​ រតនា​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ សូមកុំ​ប៉ះពាល់​ ឬ​យក​ទៅ​កែ​ច្នៃ​ នូវ​គ្រប់​មីន​ គ្រាប់បែក​ គ្រប់​ប្រភេទ​ បើ​ទោះជា​ឃើញ​សភាព​ចាស់​ច្រែះ​ចាប់​យ៉ាងណា​ក៏​ដោយ​ ត្រូវ​រូតរះ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ ឬ​អង្គភាព​ស៊ី​ម៉ាក់​ដើម្បី​ទៅ​កម្ទេច​ចោល​៕

Share

Image
Image
Image