en     km
en     km

ពលរដ្ឋខ្មែរក្រោម ប្រារព្វពិធីប្រណាំងទូក ង ដើម្បីការពារវប្បធម៌ដូនតា

Share

ខណៈនៅប្រទេសកម្ពុជា កំពុងប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ  នៅកម្ពុជាក្រោម គេក៏សង្កេតឃើញមាន ពលរដ្ឋខ្មែរកម្ពុជាក្រោមក៏បានរៀបចំ ពិធីប្រណាំងទូក ង ដើម្បីចូលរួមអំណរបុណ្យ នេះដែរ។ នេះបើតាមលោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

បើតាមលោក សឺន ជុំ ជួន ពិធីបុណ្យអុំទូកឆ្នាំ២០១៦ដែលពលរដ្ឋខ្មែរក្រោមនៅខេត្តនានា ទូទាំងដែនដីកម្ពុជាក្រោម បានប្រារព្ធនេះមានឈ្មោះថាអំណរបុណ្យអកអំបុក។

តាមលោក សឺន ជុំជួន ដដែល នៅក្នុងពិធី “បុណ្យអកអំបុក” នេះ ពលរដ្ឋខ្មែរក្រោម បានរៀបចំនូវកម្មវិធីមួយចំនួនដូចជា ពិធីប្រណាំងទូក ង, ពិធីអកអំបុក សំពះព្រះខែ, ពីធីបណ្ដែតប្រទីប, ពិធីបង្ហោះគោម និងពិធីតាំងពិព័រណ៍វប្បធម៌ខ្មែរ ជាដើម។ ក្រៅពីនេះ នៅតាមវត្តអារាមវិញ ពលរដ្ឋកម្ពុជាក្រោម ក៏បានយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃសម្ដែងធម៌ទេសនាផងដែរ ។

តាមការបញ្ជាក់ ពី នាយកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រូបនេះ  នៅក្នុងពិធី “បុណ្យអកអំបុក” នេះ ក្រុមទូក ង តំណាងឲ្យខេត្តនានានៅដែនដីកម្ពុជាក្រោម នឹងមកជួបជុំគ្នា ប្រណាំងនៅខេត្តចំនួន ២ គឺខេត្តព្រះត្រពាំង និងខេត្តឃ្លាំង ក្រោមការចាត់តាំងរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ ក្រៅពីនេះ ទូក ង របស់ ខ្មែរក្រោម ក៏បានចូលរួមប្រណាំងនៅមុនព្រះបរមរាជវាំងនៅឆ្នាំនេះ ផងដែរ។

លោក សឺន ជុំ ជួន  បញ្ជាក់ថា ទូកង ខ្មែរកម្ពុជាក្រោមមានឈ្មោះថា «ខ្មែរកម្ពុជាក្រោមមានជ័យ»  ដែលមានចំណុះ មនុស្ស ២៥នាក់ មកចូលរួមនឹងការប្រណាំងទួក នៅរាជធានីភ្នំពេញ។

សូមជម្រាបដែថា បើតាមបណ្ដាញផ្សាយព័ត៌មានVOKK សម្លេងរបស់ខ្មែរកម្ពុជាក្រោម គឺ ក្រៅពីពិធីប្រណាំងទូក ង ខ្មែរកម្ពុជាក្រោម ក៏នៅមានកម្មវិធីសិល្បៈកម្សាន្តផ្សេងៗជាច្រើន សម្ដែងនៅក្បែរច្រាំងមាត់ទន្លេកំពង់ ដើម្បីមនុស្សម្នាបានទស្សនា ផងដែរ ។
ចំណែក នៅតារមណីយដ្ឋានស្រះគូ ក្បែរវត្តអង្គវិញ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមកពីស្រុកទាំង ៨ បានរួមគ្នា ប្រារព្ធ “បុណ្យអកអំបុក” រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃ ១៤ និង ១៥ កើត ខែកត្តិក ត្រូវ នឹងថ្ងៃទី ១៣ និងទី ១៤ ខែវិច្ឆិកា ដោយមានការចាត់តាំងកម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍វប្បធម៌របស់ស្រុកនីមួយៗ និងពិធីបណ្ដែតប្រទីប នៅក្នុងស្រះគូជាដើម។

ដោយឡែកនៅខេត្តឃ្លាំងវិញ ពិធីប្រណាំងទូក ង នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យ អកអំបុក នៅដងទន្លេម៉ាស់ស្ប៉េរ៉ូ  ឬទន្លេបាសាក់ ឋិតនៅក្នុងសង្កាត់ទី ៨ ទីក្រុងឃ្លាំង ។ ការប្រណាំងទូក ង នៅខេត្តឃ្លាំង ក្រៅពីក្រុមទូក ង មកពីតាមបណ្តាវត្តអារាម និងមកពីភូមិស្រុកនានា ទូទាំងខេត្ត ។ ខេត្តឃ្លាំង ក៏ជាទីកន្លែង ដែលប្រមូលផ្តុំទៅដោយក្រុមទូកងល្បីៗ តំណាងឲ្យខេត្តនីមួយៗ មកចូលរួមប្រណាំងផងដែរ ដូចជា ទឹកខ្មៅ, ពលលាវ , ក្រមូនស , ហូវយ៉ាង, ព្រះត្រពាំង, លង់ហោរ, ទីក្រុងព្រែកឫស្សីជាដើម ដែលគេហៅថា ប្រណាំងលំដាប់ថ្នាក់ខេត្ត ។

ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម តែងតែប្រារព្ធពិធីបុណ្យអកអំបុក លយប្រទីប សំពះព្រះខែ និងបង្ហោះគោមនៅតាមវត្តអាមរាម និងទីកម្សាន្តនានា នៅថ្ងៃ ១៥ កើត ខែកក្ដិត រៀងរាល់ឆ្នាំ ទៅតាមប្រណីជាតិមិនដែលអាក់ខានឡើយ បើទោះបីបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមយ៉ាណាក៏ដោយ៕

Share

Image
Image
Image