en     km
en     km

ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​នៅ​ថៃ​ប្រឈម​មុខ​នឹង​ការ​បណ្តេញចេញ​

Share

​ភ្នំពេញ​៖​អាជ្ញាធរ​ថៃ​នឹង​ចាប់ផ្តើម​បណ្ដេញ​ពលករ​បរទេស​ធ្វើការ​ដោយ​ខុសច្បាប់​ទាំ​ង​អស់​ក្នុង​នោះ​រួម​ទាំង​ពលករ​កម្ពុជា​បន្ទាប់​ពី​អាជ្ញាធរ​ប្រកាស​បិទ​ការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ធ្វើការ​បណ្តោះអាសន្ន​ឬ​ប័ណ្ណ​ស៊ី​ជម្ពូនិង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ​និង​ពលករ​នៅ​ថ្ងៃទី៣១ ខែ ​មីនា​នេះ​។ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​អះអាង​ថា​យន្តការ​នេះ​មិន​ប៉ះ​ដល់​យុទ្ធនាការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលរដ្ឋ​កម្ពុជា​ទេ​។​


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៩​ មីនា​ថា​ អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​យ៉ាង​តឹង​រឹង​តាម​ច្បាប់​ចំពោះ​ពលករ​បរទេស​ទាំងអស់​រួម​ទាំង​ពលករ​ខ្មែរ​ដែល​ស្នាក់​នៅ​និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​។​ករណី​នេះ​អាជ្ញាធរ​ថៃ​នឹង​លែង​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ធ្វើការ​បណ្តោះអាសន្ន​ឬ​ប័ណ្ណ​ស៊ី​ជម្ពូ​និង​លិខិត​ទំនាក់ទំនង​រវាង​ថៅកែ​និង​ពលករ​។​ការ​អនុវត្ត​ច្បាប់​តឹងតែង​ចំពោះ​ពលករ​បរទេស​នឹង​ចាប់​អនុវត្ត​នៅ​ថ្ងៃ​ទី​១​ ខែមេសា ឆ្នាំ​ ២០១៨​ខាង​មុខ​នេះ​។​

​ជុំវិញ​ការ​រឹត​បន្តឹង​ពលករ​បរទេស​នេះ​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​លិខិត​របស់​លោក​​និយាយ​ថាសុ​ព​ភាព​នៃ​ការ​ផ្តល់​ប័ណ្ណ​មិនមែន​សញ្ញា​តិ​ថៃ​ពុំពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ផ្តល់​ភាព​ស្របច្បាប់​របស់​គណៈកម្មាធិការ​ផ្តល់​ភាព​ស្រប​ប​ច្បាប់​សម្រាប់​ពលករ​ខែ្ម​រ​ដែល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​លោក​ ហេង​ សួរ​ ពន្យល់​ថា​ ការ​អនុវត្ត​ច្បាប់​តឹងតែង​ចំពោះ​ពលករ​បរទេស​ធ្វើ​នៅ​ប្រទេស​ថៃ​នេះ​ គ្រាន់តែ​ជា​ការ​ក្រើនរំលឹក​និង​ជូនដំណឹង​ដល់​ពលករ​ខ្មែរ​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ថៃ​មិន​ទាន់​មាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​។​

លោក​ ហេង​ សួរ​ បញ្ជាក់​ថា ​ពលករ​ខ្មែរ​អាច​មក​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ជាក់​អត្តសញ្ញាណ​ជាមួយ​គណៈកម្មាធិការ​ផ្តល់​ភាព​ច្បាប់​ក្រោយ​ពី​ពលករ​ខ្មែរ​ទទួល​បាន​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូពីអាជ្ញាធរថៃ​។​

​អ្នកនាំពាក្យ​រូប​នេះ​ អះអាង​ថា​ គិត​ត្រឹម​ថ្ងៃ​​ចន្ទ​ ទី១៩​ មីនា​នេះ​ គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ខ្មែរ​បាន​ផ្តល់​ភាព​ស្របច្បាប់​ពលករ​ខ្មែរ​សរុប​ជាង​៣​សែន​៩​ពាន់​នាក់​។​លោក​ថា​យុទ្ធនាការ​ផ្តល់​ភាព​ស្របច្បាប់​សម្រាប់​ពលករ​ខ្មែរ​នៅ​បន្ត​សុពលភាព​ជា​ធម្មតា​។​

​ជាមួយ​គ្នា​នេះ​ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​ម​មិន​ទាន់​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ​និង​ធ្វើការ​បណ្តោះអាសន្ន​ត្រូវ​ប្រញាប់​រួសរាន់​មក​បន្ត​សុពលភាព​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១​ ខែ​ មីនា​នេះ​។​

​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​ការ​បទេស​និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​បង្ហាញ​ថា​យ៉ាងតិច​ពលករ​ខ្មែរ​ជិត​១​ពាន់​នាក់​ត្រូវ​បាន​និរទេស​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​៕​

Share

Image
Image
Image