en     km
en     km

ពលករខ្មែរ ៣នាក់ធ្វើការលើទូកនេសាទថៃស្លាប់ក្នុងហេតុការណ៍នាវាដឹកទំនិញបើកបុក

Share

ភ្នំពេញ៖ យ៉ាងតិចណាស់ពលរដ្ឋ ៣នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍នាវាដឹកទំនិញបើកបុកទូកនេសាទរបស់ពួកគេ នៅដែនសមុទ្រប្រទេសថៃ ។

តាមសមត្ថកិច្ចប្រចាំការនៅខេត្តបន្ទាយមានជ័យដែលបណ្ដាញសារព័ត៌មាន Fresh News ស្រង់សំដី នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ ថា ពួកគេទាំង៤នាក់នេះ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នាវាដឹកទំនិញបើកបុកទូកនេសាទ នៅដែនសមុទ្រថៃ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ហើយក្នុងចំណោមពលករស្លាប់ទាំង៤នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ និងស្រុកកំណើត នៅខេត្តណាច្បាស់នោះទេ តែក្នុងនោះមានម្នាក់ មានស្រុកកំណើត ក្នុងភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។

ជុំវិញរឿងនេះដែរវិទ្យុស្រ្ដីមិនអាចសុំការឆ្លើយតបបន្ថែមពី លោក អាត់ ខែម​ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាននៅឡើយទេ ចំពោះអត្ដសញ្ញាណពលរដ្ឋខ្មែរ ៣នាក់ដែលទៅធ្វើការលើទូកនេសាទថៃ ហើយស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នាវា ដឹកទំនិញបើកបុកទូកនេសាទនេះ ដោយលោកកំពុងជាប់រវល់។ តែបើតាមការស្រង់សម្ដីសមត្ថកិច្ចខេត្តបន្ទាយមានជ័យពីសារព័ត៌មាន Fresh News  គឺ បច្ចុប្បន្នសពពលករខ្មែរទាំង ៣រូបខាងលើ ត្រូវបានអាជ្ញាធរថៃ កំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីរៀបចំបញ្ជូនមកកាន់ស្រុកកំណើតវិញ៕

Share

Image
Image
Image