en     km
en     km

ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុក្នុងគំរោងវិនិយោគ១ពាន់៨៧លានដុល្លារ

Share

ភ្នំពេញ៖គម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជាពីភ្នំពេញ-ព្រះសីហនុ ត្រូវបាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់CDC អនុម័ត ក្រោមទុនវិនិយោគ ១ពាន់ ៨៧លានដុល្លារ ដែលនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ។

គេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយនៅថ្ងៃទី ១៥មិថុនា ឆ្នាំ២០១៨នេះ បានបង្ហាញថា គម្រោងសាងសង់ប្រតិបត្តិការ និងធ្វើអាជីវកម្មផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានអនុម័យហើយក្រោមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ តាមបែបប្រព័ន្ធបចេ្ចកទេស(BOT) ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងបន្ដទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះ អាចបង្កើតការងារបាន ៩៥១៥កន្លែង។

គួរបញ្ជាក់ដែរថា គម្រោងសាងសង់នេះធ្វើឡើងដោយក្រុមហ៊ុនចិនមួយឈ្មោះ  CAMBODIAN PPSHV EXPRESSWAY CO.,LTD ។

ជុំវិញគម្រោងសាងសង់ខាងលើនេះដែរ  សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានបង្ហាញពីចក្ខុវិស័យដែលចង់ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទី១ របស់ក្រុងភ្នំពេញ ជាមួយប៉ូលសេដ្ឋកិច្ចទី២គឺខេត្តព្រះសី ហនុ តាមរយៈការគៀងគរអ្នកវិនិយោគទុនឱ្យបោះទុនវិនិយោគបង្កើតរោងចក្រ សហគ្រាសតាមបណ្តាយផ្លូវជាលេខ៤។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការនីនៅក្រុងច្បារមនខេត្តកំពង់ស្ពឺនៅថ្ងៃទី២៣ ឧសភានេះ ។ ទាក់ទិនប្រសាសន៍របស់ប្រមុខដឹកនាំនេះមេសហជីពម្នាក់សាទរចំពោះការលើកឡើងនេះ តែចង់ឱ្យរដ្ឋាភិបាលគិតគូរពីការបង្កើតរោងចក្រតាមបណ្តាខេត្តផ្សេងទៀតផងដែរ ព្រោះងាយស្រួលដល់កម្មករពុំចាំបាច់ចំណាកស្រុកទៅរកការងារនៅទីក្រុងភ្នំពេញ។

ថ្លែងចំពោះមុខកម្មករជិត ២ម៉ឺននាក់នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ដែលចង់តភ្ជាប់តំបន់សេដ្ឋកិច្ចចំនួនពីរ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយសម្តេចថា នឹងបង្កើនរោងចក្រសហគ្រាស ពិសេសគឺរោងចក្រកាត់ដេរតាមបណ្តោយផ្លូវជាតិលេខ៤អោយមានចំនួនកាន់តែច្រើនជាប្រយោជន៍នៃការជួយផ្ដល់ការងារអ្នកស្រុក។

សម្តេចបន្តថា ការភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំងពីបញ្ជូលគ្នានេះ គឺជាយុទ្ធសាស្រ្តពង្រាយរោងចក្រតាមបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច។ សម្តេចបន្ថែមថា ការពង្រីកបន្ថែមនូវរោងចក្រសហគ្រាសតាមបណ្តោយផ្លូវជាតិលេខ៤ គឺជាយុទ្ធសាស្រ្តដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាលូតលាស់ទៅ មុខ៕

Share

Image
Image
Image