en     km
en     km

ប​.​ស​.​ស​ ផ្ញើ​សារ​រំលែក​ទុក្ខ​បុគ្គលិក​អង្គការ​សង្គ្រោះ​កុមារ​ ដែល​ស្លាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

Share

​ភ្នំពេញ​ ៖​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ នៅ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ នេះ​បាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ របស់​បុគ្គលិក​អង្គការ​សង្គ្រោះ​កុមារ​ ដែល​បង្ក​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ និង​របួសស្រាល​ ហើយ​បាន​បណ្ដាល​បុគ្គលិក​ចំនួន​ ០៣​នាក់​របស់​អង្គការ​នេះ​បាត់បង់​ជីវិត​។​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ ប​.​ស​.​ស​ ក៏​បង្ហាញ​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ផង​ដែរ​។​

​កាលពី​រសៀល​ម៉ោង​ ១៥​ និង​ ៣០​នាទី​ ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៨​ ម្សិលមិញ​ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ដ​ទេសចរណ៍​ដឹក​បុគ្គលិក​អង្គការ​សង្គ្រោះ​កុមារ​ មួយ​បាន​កើតឡើង​ ស្ថិត​នៅ​ក្នុងភូមិ​ កំ​សី​ ឃុំ​ ញ៉ែងញ៉ង​ ស្រុក​ ត្រាំកក់​ ខេត្ដតាកែវ​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ ដោយសារ​តែ​អ្នក​បើករថយន្ដ​បាន​បើក​ក្នុង​ស្ថានភាព​ងងុយ​ ហើយ​ក៏​បណ្ដាល​ឲ្យ​រេច​ង្កួ​ត​ធ្លាក់​ពី​ផ្លូវ​ទៅ​បុក​ដើម​ស្វាយ​ពេញទំហឹង​។​ ក្នុង​រថយន្ដ​មាន​មនុស្ស​ទាំងអស់​ចំនួន​ ១៥​នាក់​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​បណ្ដាល​ឲ្យ​បុគ្គលិក​អង្គការ​សង្គ្រោះ​កុមារ​ ០៣​នាក់​ស្លាប់​បាត់បង់​ជីវិត​ ។​ អ្នក​ស្លាប់​ទាំង​បី​នាក់​នេះ​ មាន​ស្ដ្រី​ពីរ​នាក់​ ម្នាក់​ជា​ជនជាតិ​ខ្មែរ​ និង​ម្នាក់​ទៀត​ជា​ជនជាតិ​អូស្ដ្រាលី​។​ ចំណែក​បុគ្គលិក​របស់​អង្គការ​សង្គ្រោះ​កុមារ​ចំនួន​ ១១​នាក់​ផ្សេង​ទៀត​ មាន​ ៤​នាក់​រង​របួសស្រាល​ និង​ ៧​នាក់​រង​របួសធ្ងន់​។​

​គិត​មក​ដល់​ថ្ងៃ​ទី​២៣​ មិថុនា​នេះ​ បុគ្គលិក​របស់​អង្គការ​សង្គ្រោះ​កុមារ​ ទាំង​ ១១​នាក់​ ត្រូវ​បាន​អង្គភាព​របស់​ពួក​គាត់​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​។​

​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ តាម​រយៈ​សេចក្ដី​ប្រា​កាស​ព័ត៌មាន​នេះ​ ក៏​បាន​បង្ហាញ​ពី​ទុក្ខ​ក្រៀមក្រំ​ និង​សោកស្ដាយ​ជា​ខ្លាំង​ សម្រាប់​ការ​បាត់​បង់ជីវិត​អ្នក​ទាំង​បី​រូប​នេះ​។​ ជាមួយ​គ្នា​នេះ​ ប​.​ស​.​ស​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ នឹង​បន្ដ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ទៅ​តាម​គោលការណ៍​របប​សន្ដិសុខ​សង្គម​ របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​

​សូម​ជម្រាប​ថា​ អង្គការ​ សង្គ្រោះ​កុមារ​ បាន​ចុះបញ្ជី​កម្មករ​ និយោជិត​ ដែល​បម្រើ​ការ​ក្នុង​អង្គភាព​របស់​ខ្លួន​ ក្នុង​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ មាន​ចំនួន​ ១៨៦​នាក់​ ហើយ​មាន​ ៧៥​នាក់​ជា​ស្ដ្រី​ បុគ្គល​ទាំងអស់​របស់​អង្គការ​សង្គ្រោះ​កុមារ​គឺជា​ជនជាតិ​ខ្មែរ​៕

Share

Image
Image
Image