en     km
en     km

ប្រវតិ្តសាស្ត្រ៖មហាក្សត្រីអង្គម៉ីជាស្ដេចខ្មែរក្រោមឥទិ្ធពលរបស់ស្ដេចយួនច្រើនជាងស្ដេច ផ្សេងៗទៀត

Share

នៅឆ្នាំបន្ទាប់ពេលដែលព្រះរាជាអង្គច័ន្ទសុគតទៅប្រទេសអាណ្ណាមឬប្រទេសយួនគិតឃើញថា ព្រះរាជាណាចក្រកម្ពុជាពេលនេះច្បាស់ជាត្រូវធ្លាក់ក្នុងដៃស្តេចមិញម៉ាងរបស់ខ្លួន ដែលបានឡើងសោយរាជ្យបន្តពីព្រះស្តេចយ៉ាឡុងតាំងពីឆ្នាំ ១៨១១។

ដោយគោរពតាមបញ្ជារបស់ស្តេចមិញម៉ាង គឺឧបរាជអុងខាំម៉ាង បានកោះប្រជុំនាម៉ឺនសព្វមុខមន្រ្តីរដ្ឋមន្រ្តី ព្រះសង្ឃរាជ និង ពួកបារគូផងដែរដើម្បីធ្វើការជ្រើសរើសព្រះរាជាថ្មីមួយអង្គនេះគឺក្សត្រីអង្គម៉ី។

តាមច្បាប់ទំម្លាប់របស់រាជាណាចក្រកម្ពុជាពីបុរាណកាលមកគឺបុត្រីមិនអាចឡើងសោយរាជ្យបានទេ។

តើប្រទេសយួនមានកលល្បិចអ្វីខ្លះលើស្ដេចអង្គស្រីខ្មែររូបនេះ?

កញ្ញាច្រឹក ស្រីអូន ជូនអត្ថាធិប្បាយដូចតទៅ៖

ព្រះបាទអង្គច័ន្ទ គ្មានព្រះរាជបុត្រាទេ។ បុត្រាមួយព្រះអង្គដែលប្រសូតនៅឯឧត្តុង្គបានសុគតទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីប្រសូតរួច។

និយាយអំពីព្រះអនុជរបស់ព្រះអង្គ មានព្រះឧបរាជអង្គឯម អ្នកអង្គម្ចាស់អង្គឌួង និង អង្គស្ងួនវិញ ពួកអាណ្ណាមមិនយល់ព្រមឲ្យឡើងសោយរាជ្យទេ ព្រោះអ្នកទាំង៣បានចេញព្រះភ័ក្រប្រយុទ្ធប្រឆាំងនឹងរាជ ចូលដៃជាមួយសៀម និងទៅរស់នៅស្រុកសៀម។ ដូច្នេះ គ្មានអ្នកស្នងរាជ្យជាបុរសទេ។

ក្រុមប្រឹក្សាមិនយល់ព្រមប្រគល់ព្រះរាជបល្ល័ង្កទៅឲ្យព្រះរាជបុត្រីច្បងរបស់ព្រះអង្គច័ន្ទព្រះនាមបែនឡើយ ព្រោះព្រះនាងត្រូវជាចៅរបស់ចៅហ្វ៊ាបែន ដែលបានលើកកូនស្រីថ្វាយព្រះរាជា ក្រោយពីបានប្រគល់ដីបាត់ដំបងឲ្យទៅសៀមរួច ។ណាមួយព្រះនាងប្រឆាំងនឹងអាណ្ណាមខ្លាំងណាស់ទៀត។ ទើបគេបានឯកភាពគ្នាលើកព្រះអង្គម្ចាស់ក្សត្រីអង្គម៉ីឡើងសោយរាជ្យវិញ។

ព្រះក្សត្រីអង្គម៉ី ជាបុត្រីរបស់ព្រះរាជាអង្គច័ន្ទជាមួយព្រះជាយទី ៣ មានឈ្មោះថា អ្នកម្នាងក្រចាន់ ពេលនោះទ្រង់មានព្រះជន្ម២១ ព្រះវស្សហើយ។

ព្រះអនុជក្សត្រីរបស់ព្រះនាង គឺព្រះអង្គម្ចាស់ពៅត្រូវបានលើកឲ្យឡើងធ្វើជាព្រះឧបរាជ ដែលតាំងតែពីពេលណាមកមិនដែលមាននារី ទទួលនូវឋានៈនេះ។ ព្រះក្សត្រីដែលតូចជាងគេនេះ បានគង់នៅជាមួយព្រះរាមទាំង២ អង្គ ហើយទទួលបានឋានៈនេះទេ។ ព្រះក្សត្រីស្ងួនដែលតូចជាងគេ បានគង់នៅជាមួយព្រះរាមទាំង ២ អង្គហើយទទួលឋានៈជាព្រះកែវហ៊្វា។

ប្រជាជនហាក់ដូចជាមិនមានការភ្ញាក់ផ្អើលអ្វីទេ ចំពោះការដែលគេជ្រើសរើសព្រះក្សត្រីមួយអង្គ ឲ្យឡើងគង់លើរាជបល្ល័ង្កដូច្នេះ ពីព្រោះថាថ្វីបើកន្លងមកគេមិនដែលឃើញមានព្រះមហាក្សត្រីសោយរាជ្យសម្បត្តិក៏ដោយ ក៏ប៉ុន្តែគេធ្លាប់ប្រទះឃើញព្រះរាជាដាក់រាជសម្បត្តិថ្វាយព្រះអគ្គមហេសី ឬព្រះមាតាជាញឹកញយដែរ ដើម្បីទ្រង់អាចយាងចូលសាងព្រះផ្នួសបាន។

ម្លោះហើយប្រជាជនហាក់ដូចជាត្រូវបង្វឹកបង្ហាត់ឲ្យចេះទទួលយស្ថានការណ៍នេះ ជាបណ្តើរៗ មកហើយ។

ក៏ប៉ុន្តែមានអ្នកខ្លះបានអះអាងប្រកបដោយទោសៈដោយមូលហេតុត្រឹមត្រូវថាការជ្រើសរើសយកក្សត្រីមួយអង្គឲ្យឡើងសោយរាជ្យដូច្នេះ ត្រូវចាត់ទុកជាមោឃៈ ពីព្រោះថា បើតាមទំនៀមទំលាប់ពីបុរាណ កាលកន្លងមកគ្មាននរណាម្នាក់ចាប់អារម្មណ៏ដល់នេះទេ គឺថាប្រសិនណាបើគ្មានរជ្ជទាយាទជាបុរស ដើម្បិបន្តវេនពីព្រះរាជាទេ រដ្ឋមន្ត្រី និង អ្នកមុខអ្នកការទាំងអស់ត្រូវជ្រើសរើសព្រះរាជាចេញពីក្នុងចំណោមមមេក្រុមបារគូ។ អ្នកខ្លះទៀតនិយាយថា ពីទំនៀមទំលាប់បុរាណនោះមិនមែននិយាយថា គ្មានរជ្ជទាយាទបុរស នោះទេ តែថា ក្នុងករណីដែលគ្មានរាជវង្សានុវង្សបន្តវេនតែម្តង។

ឥឡូវនេះគេនៅមានសល់អ្នកអង្គម្ចាស់ក្នុងរាជវង្សានុវង្សនៅឡើយដូចនេះគេមិនអាចនិយាយថាគ្មានរាជវង្សានុវង្សបន្តវេនបានទេ។

ពួកមន្រ្តីធំៗមួយចំនួនបានប្រជុំគ្នាជាសម្ងាត់នៅលើកំពូលភ្នំព្រះរាជទ្រព្យពិភាក្សារឿងនេះហើយមានមន្រ្តីម្នាក់ហ៊ានរហូតដល់និយាយថាបើគេរើសក្សត្រាមួយអង្គមិនបានទេការជ្រើសតាំងនេះចាត់ទុកជាមោឃៈ។បើសិនជារើសបានក្សត្រាមួយអង្គក៏ប៉ុន្តែប្រជារាស្រ្តនិងព្រះរាជាសៀមមិនទទួលស្គាល់នោះយើងនិងមានសង្គ្រាម។

ប៉ុន្តែបើសិនណាជាគេរើសបានក្សត្រីមួយអង្គហើយបើសិនជាស្តេចសៀមមិនធ្វើអន្តរាគមន៍ទេនោះវាសនាស្រុកខ្មែរនិងត្រូវចប់ព្រោះច្បាស់ជាអាណ្ណាមកាត់បញ្ជូលធ្វើជាទឹកដីរបស់គេជាសម្រេចតែម្តង។ព្រះសង្ឃមួយអង្គបានស្នើរឡើងថា ​យើងគួរនាំគ្នាធ្វើដំណើរទៅស្រុកសៀម។ក៏ប៉ុន្តែអ្នកដែលមានគំនិតទាំងអស់នេះមិនបានត្រូវគេអញ្ជើញឲ្យចូលរួមក្នុងការប្រកួតក្នុងការជ្រើសរើសព្រះរាជាផងទេ។

ចំណែកឯប្រជាជនវិញគេអស់កម្លាំងនឿយណាយនឹងសង្គ្រាមនិងចង់បានសន្តិភាពណាស់តែមិនបានគិតដល់ថាព្រះមហាក្សត្រីនឹងគ្មានឥទ្ធិពលហើយក៏មិនបានដឹងថាមេទ័ពអណ្ណាមអុងទួនគុនដែលនៅពីក្រោយព្រះនាងមានអំណាចខ្លាំងណាស់អាចនឹងបញ្ជាលើរាល់រដ្ឋមន្រ្តីបាន។

ដោយពិនិត្យឃើញថាព្រះមហាក្សត្រីទន់ខ្សោយហើយចំណុះអាណ្ណាមខ្លាំងពេកមានពាក្យចចាមអារ៉ាមលេចឡើងក្នុងចំណោមបក្សពូកអ្នកអង្គមា្ចស់និងសៀមសាយភាយទៅដល់ក្នុងស្រទាប់ប្រជាជនថាព្រះនាងបានសហាយជាមួយមេទ័ពអាណ្ណាម។រឿងនេះមិនពិតទេក៏ប៉ុន្តែការនិយាយបង្ខូចព្រះកិត្តិនាមបានរីករាលសាយភាយទប់លែងបានរហូតទាល់តែព្រះមហាក្សត្រីធ្លាក់ខ្លួនទៅជាមនុស្សឆ្កួត។

ឥឡូវនេះអ្វីៗបានសំដែងចេញឲ្យឃើញច្បាស់ណាស់ថាអាណ្ណាមប្រុងប្រៀបនឹងយកកម្ពុជាធ្វើជាទឹកដីរបស់គេមែនទែនហើយហើយការដែលគេរៀបចំព្រះមហាក្សត្រីអង្គម៉ីឲ្យឡើងគ្រងរាជបល័ង្កនេះគឺគ្រាន់តែដើម្បីទម្លាប់ប្រជាជនឲ្យស៊ាំនឹងភាពគ្មានស្តេចសោយរាជ្យឲ្យបំភ្លេចរាជវង្សានុវង្សចោលប៉ុណ្ណោះបើទោះជាថាកន្លងមកប្រជារាស្រ្តធ្លាប់បានធ្វើពលីកម្មជាច្រើនដើម្បីរាជបល័ង្កក៏ដោយ។

តាមព្រះរាជក្រឹត្យមួយរបស់ស្តេចអាណ្ណាមព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងដោយមន្រ្តីអាណ្ណាម៣នាក់គឺទ្រឿងមិញយ៉ាងផាមវ៉ានឌាននិងត្រាន់វ៉ាន់ណាងដែលមកដឹកនាំប្រទេសដោយមានជំនួយពីរដ្ឋមន្រ្តីនិងចៅហ្វាយខែត្រខ្មែរជាច្រើននាក់។

រាជធានីភ្នំពេញពេលនោះគេដូរឲ្យហៅថាត្រានត្រាយឬត្រានណាំយ៉ាងវិញ។

រ៉េស៊ីដង់អាណ្ណាមពេលនោះនឹកគិតថាគេមានអំណាចខ្លាំងណាស់ហើយបង្ខំឲ្យមន្រ្តីទាំងអស់ស្លៀកសម្លៀកបំពាក់តាមរបៀបអាណ្ណាមឲ្យបួងសក់និងផ្តល់ឋានៈឲ្យតាមរបៀបអាណ្ណាមហើយបានដាក់មេអាណ្ណាមម្នាក់នៅជាប់នឹងចៅហ្វាយខេត្រកម្ពុជាដើម្បីត្រួតពិនិត្យលើរាល់សកម្មភាពផងនិងដឹកនាំការងាររដ្ឋបាលផង។

មិនតែប៉ុណ្ណោះអាណ្ណាមមានបំណងចង់ធ្វើឲ្យព្រះរាជាណាចក្រខ្មែរបាត់បង់អស់នូវធាតុដើមរបស់ខ្លួនដោយបានប្តូរឈ្មោះស្រុកទេសទាំងអស់ថែមទៀត។យោងតាមសំណើររបស់ពួកអ្នកដែលនៅជាប់នឹងចៅហ្វាយខែត្រខ្មែរព្រះរាជាអាណ្ណាមបានសម្រេចប្តូរឈ្មោះខែត្រដោយបន្ថយចំនួនពី៥៦មកនៅត្រឹម៣៣​វិញហើយបង្កើតស្រុក២សម្រាប់ទឹកដីដែលមានពួកអ្នកស្រុកព្រៃរស់នៅរួចឲ្យហៅតាមឈ្មោះអាណ្ណាមទាំងអស់។

តាមឯកសារប្រវត្តិសាស្ត្ររបស់អ្នក និពន្ធអាដេម៉ាឡឺក្លែរ អតីតរ៉េស៊ីដង់ បារាំងប្រចាំនៅកម្ពុជា នេះ អាចស្វែងយល់ថា មហាក្សត្រខ្មែរនាពេលនោះ ដែលជាស្ត្រី ត្រូវបានដាក់អោយស្ថិតនៅក្រោមប្រទេសអាណ្ណាម ឬយួន ជាប្រទេសជិតខាង ខណៈ​ព្រះមហាក្សត្រអង្គច័ន្ទពុំមានបុត្រាដើម្បីសោយរាជ្យ។

ជារូមទៅ ស្ដេចនិងមន្ត្រីយួនបានព្យាយាមប្រើឥទ្ធិពលើស្ដេចខ្មែរយ៉ាងខ្លាំង សូម្បីតែជ្រើសតាំងស្ដេច សោយរាជ្យរបស់ខ្មែរក៏យួនចូលពាក់ព័ន្ធដែរ ដូចករណី មហាក្សត្រីអង្គមីជាដើម៕

Share

Image
Image
Image