en     km
en     km

ប្រធានCPPថា បក្សខ្លួនមានពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគាំទ្រ តែអ្នកវិភាគថា ជាសារនយោបាយមិនមានភាពពិតប្រាកដ

Share

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា មានតែគណបក្សរបស់ខ្លួនតែប៉ុណ្ណោះ ដែលទទួលបានការគាំទ្ររហូតមកដល់ពេលនេះ ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ។ អ្នកវិភាគលើកឡើងថា នេះគ្រាន់តែជាសារនយោបាយ ពីអ្នកដឹកនាំនយោបាយតែប៉ុណ្ណោះ ខណៈលោកថា មិនមានភាពច្បាស់លាស់នោះទេ ព្រោះមានពលរដ្ឋជាង ៣លាននាក់ គាំទ្រគណបក្សប្រឆាំង ហើយគណបក្សនោះត្រូវបានរំលាយ ។ មេដឹកនាំអតីតបក្សប្រឆាំងថា ប្រសិនបើគណបក្សរបស់ខ្លួនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គណបក្សដឹកនាំរាជរដ្ឋាភិបាលនាពេលនេះ គឺគណបក្សសង្គ្រោះជាតិទៅវិញទេ ។

រាយការណ៍ដោយលោក សោម លាភ

ប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្ដេច ហ៊ុន សែន ដែលកាន់អំណាចជិត ៤០ ឆ្នាំ អះអាងតាមរយៈទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃទី ២៣ ធ្នូក្នុងពិធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ ថាមានតែគណបក្សនេះតែប៉ុណ្ណោះ ដែលនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈរហូតមកទល់ពេលនេះ ។ 

សម្ដេចថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមទាំងសមាជិកសមាជិកាចលនាមហាជននៃគណៈកម្មាធិការកណ្តាល បានចូលរួមសម្រេចបាននូវជោគជ័យធំៗជាច្រើនសម្រាប់ជាតិមាតុភូមិ ។ ជាងនេះ គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋ ហើយខិតខំពង្រឹងនូវសាមគ្គីភាព និងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាង អភិវឌ្ឍន៍ និងការពាមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ ។

បើទោះបីជាបែបណាក្ដី សម្ដេចបញ្ជាក់ទៅមនុស្សរបស់គណបក្សរបស់ខ្លួនថា ត្រូវបន្តចូលរួមថែរក្សាការពារសន្តិភាព និង ស្ថិរភាពនយោបាយសង្គម អោយបានរឹងមាំដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិ ។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានរំលឹកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ថាបានដើរលើមាគ៍ាដឹកនាំត្រឹមត្រូវ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ ហើយមកទល់ពេលនេះគឺមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះក៏មានការចូលរួមពីសមាជិកគណបក្សនយោបាយនានាផងដែរ ដែលធ្វើអោយ គណបក្សប្រជាជនកាន់តែរឹងមាំ និងបន្តឈ្នះឆ្នោត និងកាន់តែរីកធំធាត់ទៅមុខជានិច្ច ។

សម្ដេច ហ៊ុន សែន មិនភ្លេចទេ គឺរំលឹកដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកនូវសំណូមពរនានាពី ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ ។

សម្ដេចព្រមានមិនឱ្យមន្ត្រីទាំងអស់ យកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម ។

អ្នកវិភាគនយោបាយ និងជាអ្នកតាមដានការវិវត្តន៍សង្គម លោកបណ្ឌិតមាស នី មានប្រសាសន៍ថា ការអះអាងបែបនេះ គឺជារឿងធម្មតាសម្រាប់ថ្នាក់ដឹកនាំនយោបាយ អ្វីដែលសំខាន់ គឺជាការវាយតម្លៃពីប្រជាពលរដ្ឋ ខណៈលោកថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី មិនបង្ហាញពីតថភាពជាក់ស្ដែងក្នុងសង្គមនោះទេ ។

លោកបណ្ឌិតថា មិនមានភាពច្បាស់លាស់នោះទេ ដែលថាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សដែលពលរដ្ឋគាំទ្រជាង ៣លាននាក់ ត្រូវបានរំលាយ ។

គួររំលឹកថាកាលពីការបោះឆ្នោតសភាជាតិនីតិកាលទី ៦ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រលើសលប់ ពោលគឺមានតែគណបក្សនេះតែមួយគត់ ដែលឈ្នះឆ្នោតមានសំឡេងទាំងស្រុងក្នុងរដ្ឋសភា ។ ព្រឹត្តិការណ៍នៃការបោះឆ្នោតនោះ គឺមានគណបក្ស ២០ ចូលរួមរាប់ទាំងគណបក្សប្រជាជនកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែអះអាងថាបក្សទាំងនេះជាបក្សប្រឆាំងពេញច្បាប់ ។ តែយ៉ាងណាខាងអតីតគណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់ថា បក្សដែលចូលរួមបោះឆ្នោតទាំងនោះ ជាបក្សប្រឆាំងនោះទេ តែជាបក្សរណប ដែលកើតចេញពីការជ្រោមជ្រែងពីនាយករដ្ឋមន្ត្រីកម្ពុជាតែប៉ុណ្នោះ  ។

មិនមែនតែអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយតែប៉ុណ្ណោះនោះទេ ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ តែអន្តរជាតិ ដែលជាប្រទេសប្រជាធិបតេយ្យធំៗមួយចំនួន ក៏មិនទទួលស្គាល់ដែរ ។

មន្ត្រីបក្សកាន់អំណាចតែងតែលើកឡើងថាលទ្ធផលនៃការបោះឆ្នោតនោះ គឺជាលទ្ធផលដ៏មហិមា របស់គណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្ត្រ ។

ដោយឡែក លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស អះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី ៦ នោះនឹងក្លាយជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ។

លោកសម រង្ស៊ីជារឿយៗ មានប្រសាសន៍ថា​ នៅប្រទេសកម្ពុជាគ្មានទេគណបក្សប្រឆាំង បើគ្មានគណបក្សសង្គ្រោះជាតិ ហើយគ្មានទេគណបក្សសង្គ្រោះជាតិ បើគ្មានសមរង្ស៊ី និងកឹម សុខាជាមនុស្សតែមួយ ៕

Share

Image
Image
Image