en     km
en     km

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដបន្ទាយមានជ័យ​ អំពាវនាវ​ពលរដ្ឋ​ឈប់​បរិភោគ​សត្វព្រៃ​

Share

​ភ្នំពេញ​ ៖​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដបន្ទាយមានជ័យ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ​ ប្រយោជន៍​ដើម្បី​ការពារ​ការ​វិនាស​ផុត​ពូជ​ ពពួកសត្វ​ព្រៃ​។​ ការ​អំពាវនាវ​នេះ​បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ដបន្ទាយមានជ័យ​ ចាប់​បាន​ឈ្មួញ​ដែល​លួច​នាំ​អណ្ដើក​ជាង​ ១០០​ក្បាល​ ពី​ប្រទេស​ថៃ​ឆ្លងកាត់​ខេត្ដ​នេះ​។​

​លោក​ រឿន ឬទ្ធី​ រាយការណ៍​ ៖​

 

​លោក​ ប៉ា​ង​ វ​ណ្ណា​សេដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ដបន្ទាយមានជ័យ​ អំពាវនាវ​ដូចនេះ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​ក្រុម​ឈ្មួញ​ ដែល​បាន​ប្រព្រឹត្ដ​បទល្មើស​លួច​នាំ​យក​សត្វ​អណ្ដើក​ជា​ច្រើន​ក្បាល​ពី​ប្រទេស​ថៃ​ ឆ្លងកាត់​ខេត្ដ​នេះ​។​ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ បញ្ជាក់​ថា​ សត្វព្រៃ​បាន​បាត់បង់​ ហើយ​ក៏​នឹង​អាច​ឈាន​ដល់​ការ​វិនាស​ផុត​ពូជ​ផង​ដែរ​ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅ​តែ​នាំ​គ្នា​និយម​បរិភោគ​សាច់សត្វ​ព្រៃ​បន្ដ​ទៀត​ ៖«​សុំ​ឲ្យ​ប្រជាជន​ចូលរួម​ហ្នឹងហើយ​ កុំ​ហូប​សត្វព្រៃ​ ព្រោះ​សត្វ​វា​ជិត​អស់ហើយ​ យើង​ជួយ​ការពារ​វា​ទៅ​ ទាំងអស់​គ្នា​ហ្នឹង​។​ យើង​មិន​ចាំបាច់​ហូប​សាច់សត្វ​ព្រៃ​ទេ​ សត្វ​យើង​ចិញ្ចឹម​អី​មួយ​គរគោក​យើង​ហូប​ទៅ​ កុំ​ឆ្ងាញ់​តែ​សត្វព្រៃ​ហ្នឹង​ពេក​»​។​

​ការ​អំពាវនាវ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដបន្ទាយមានជ័យ​ដូចនេះ​ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ក្នុង​ខេត្ដបន្ទាយមានជ័យ​ បង្ក្រាប​បាន​ក្រុម​ឈ្មួញ​ជា​បន្ដបន្ទាប់​ ដែល​បាន​លួច​នាំ​សត្វព្រៃ​ពី​ក្រៅប្រទេស​ឆ្លងកាត់​ខេត្ដ​នេះ​ បំណង​យក​ទៅ​លក់​នៅ​ខេត្ដសៀមរាប​ និង​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​ខេត្ដ​បន្ទាយ​ជ័យ​ សហការ​ជាមួយ​មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដបន្ទាយមានជ័យ​ បង្ក្រាប​ឈ្មួញ​មួយ​ក្រុម​ដែល​បាន​នាំ​សត្វ​អណ្ដើក​ចំនួន​ ១៣០​ក្បាល​ពី​ប្រទេស​ថៃ​ ដោយ​ខុសច្បាប់​។​ ក្រោយ​បង្ក្រាប​ សត្វ​អណ្ដើក​ទាំងនោះ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រ​លេង​នៅ​តំបន់​អភិរក្ស​ អូរ​រន្ទះបាញ់​ ស្ថិត​ក្នុង​ខេត្ដ​នេះ​។​ យ៉ាងណា​នេះ​មិនមែន​ជា​លើក​ទី​១​ ទេ​ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ពួក​ឈ្មួញ​ ដែល​លួច​នាំ​សត្វព្រៃ​ ដើម្បី​យក​ទៅ​ជួញដូរ​ដោយ​ខុសច្បាប់​។​

​សត្វព្រៃ​មួយ​ចំនួន​ តែងតែ​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា​ ជា​ប្រភេទ​សត្វ​ដែល​អាច​ព្យាបាល​ជំងឺ​។​ ក៏​ប៉ុន្ដែ​មន្ដ្រី​អភិរក្ស​សត្វព្រៃ​ របស់​អង្គការ​ WCS​ បាន​បដិសេធ​ការ​លើក​ឡើង​នេះ​ ហើយ​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​វិទ្យាសាស្ដ្រ​ណាមួយ​ចេញ​មុខ​មក​អះអាង​ ថា​ សាច់​ ស្នែង​ ស្បែង​ ក្រចក​ ស្រកា​ ធ្មេញ​ ឬ​ឆ្អឹង​សត្វព្រៃ​ គឺជា​ឱសថ​ ដែល​អាចយ​កមក​ប្រើប្រាស់​សម្រាប់​ការ​ព្យាបាល​រោគ​ ជំនួស​ឱសថ​ វិ​ជ្ជ​សាស្ដ្រ​ បាន​ឡើយ​។​ ក៏​ប៉ុន្ដែ​ក្រុម​ពេទ្យសត្វ​ ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​សត្វព្រៃ​ រក​ឃើញ​ថា​ ក្នុង​ខ្លួន​សត្វព្រៃ​ គឺជា​ប្រភព​ផ្ទុក​ជំងឺ​ច្រើន​ប្រភេទ​។​

​មន្ដ្រី​របស់​អង្គការ​ WCS​ ស្នើ​សុំ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ មិន​ថា​ មន្ដ្រី​រាជរដ្ឋាភិបាល​ ឬ​ប្រជាពលរដ្ឋ​នោះ​ទេ​ ត្រូវ​គិត​ថា​ «​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ត្រឹមតែ​មួយ​ពេល​របស់​ខ្លួន​ គឺ​អាច​ធ្វើ​ឲ្យ​បាត់បង់​សត្វព្រៃ​ជា​រៀង​រហូត​»៕

Share

Image
Image
Image