en     km
en     km

ប្រធាន​បណ្ដាញ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ ទាមទារ​ឲ្យ​ម្ចាស់ផ្ទះ​គោរព​សិទ្ធិ​ កម្មករ​ បម្រើ​តាម​ផ្ទះ​

Share

​ភ្នំពេញ​ ៖​ ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ គឺជា​ទិវា​ពលកម្ម​តាម​ផ្ទះ​អន្ដរជាតិ​ ខួប​លើក​ទី​០៧​ ក្នុង​ឱកាស​នៃ​ទិវា​នេះ​ ប្រធាន​បណ្ដាញ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​កម្ពុជា​ ទទូច​ឲ្យ​ម្ចាស់ផ្ទះ​ទាំងអស់​ គោរព​សិទ្ធិ​ និង​លក្ខខណ្ឌ​ការងារ​ សម្រាប់​ស្ដ្រី​បម្រើ​ការងារ​តាម​ផ្ទះ​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​រហូត​មក​ដល់​ដើមឆ្នាំ​ ២០១៨​ បណ្ដាញ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​កម្ពុជា​ នៅ​តែ​មើលឃើញ​ថា​ កម្មករ​ បម្រើ​ការងារ​តាម​ផ្ទះ​ ដែល​លើសលប់​ជា​ស្ដ្រី​ ពួក​គេ​នៅ​តែ​ទទួល​រង​ការ​រំលោភសិទ្ធិ​ការងារ​ ការ​មាក់ងាយ​ ការ​ប្រើ​ពាក្យ​សម្ដី​អសុរ​ ពី​ក្រុម​ម្ចាស់ផ្ទះ​មួយ​ចំនួន​នៅឡើយ​។​ បើ​ទោះជា​ការ​ប្រមាថ​ មើលងាយ​ លើ​ក្រុម​កម្មករ​ បម្រើ​តាម​ផ្ទះ​បាន​ថយ​ចុះ​ខ្លះ​ក្ដី​ តែ​បណ្ដា​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​កម្ពុជា​ ចង់​ឃើញ​ទ​ង្វើ​មិនល្អ​ទាំងនោះ​ ត្រូវ​លុប​បំបាត់​ចោល​ទាំងស្រុង​។​

​លោកស្រី​ វុន​ សម្ផស្ស​ ប្រធាន​បណ្ដាញ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ចន្ទ​ ទី​១៨​ ខែមិថុនា​ នេះ​ថា​ ម្ចាស់ផ្ទះ​មួយ​ចំនួន​នៅ​តែ​បំពាន​លើ​សិទ្ធិ​កម្មករ​ បម្រើ​ការងារ​តាម​ផ្ទះ​ ទៅ​តាម​រូបភាព​ផ្សេងៗ​ ដែល​មាន​ជា​អាទិ៍​ ការ​ប្រើ​កម្មករ​ ឲ្យ​ធ្វើការ​ងារ​លើស​ម៉ោង​ គ្មាន​ថ្ងៃ​ឈប់​សម្រាក​ ការ​ផ្ដល់​ប្រាក់ខែ​តិច​ និង​ ការ​ប្រើ​ពាក្យ​សម្ដី​ ជេរ​ ប្រមាថ​ ជាដើម​ ៖«​សម្រាប់​ខ្ញុំ​ ខ្ញុំ​មើលឃើញ​ថា​ សិទ្ធិ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ និង​កម្មករ​ ធ្វើការ​តាម​ផ្ទះ​មួយ​ចំនួន​ នៅ​តែ​មានការ​រំលោភ​បំពាន​ អត់​ទាន់​មានអី​ប្រសើរ​ឡើង​នៅឡើយ​ទេ​»​។​

​ក្រុម​កម្មករ​ បម្រើ​ការងារ​តាម​ផ្ទះ​ពួក​គេ​តែងតែ​ទទួល​រង​អំពើ​ហិង្សា​ពី​ម្ចាស់ផ្ទះ​ផ្លូវចិត្ដ​ ទន្ទឹម​និង​ពួក​គាត់​ត្រូវ​បាន​ក្រុម​ថៅ​មួយ​ចំនួន​ រំលោភសិទ្ធិ​ការងារ​ជា​រៀងរាល់ថ្ងៃ​។​ លោកស្រី​ សម្ផស្ស​ សង្កត់ធ្ងន់​ថា​ កម្មករ​ បម្រើ​តាម​ផ្ទះ​ស្ទើរតែ​ទាំងអស់​ដែល​ធ្វើការ​ឲ្យ​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ ពួក​គាត់​គ្មាន​ថ្ងៃ​ឈប់​សម្រាក​ និង​ថ្ងៃ​បុណ្យ​នោះ​ទេ​។​ ជាង​នេះ​ប្រាក់ខែ​របស់​ក្រុម​កម្មករ​ ធ្វើការ​តាម​ផ្ទះ​បាន​ចន្លោះ​ត្រឹមតែ​ពី​ ៨០​ ដុល្លារ​ ទៅ​ ១២០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ យ៉ាងណា​ប្រធាន​បណ្ដាញ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​កម្ពុជា​រូប​នេះ​ ទ​ទូល​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ ផ្ដល់​តម្លៃ​ដល់​កម្មករ​ ធ្វើការ​ក្នុងផ្ទះ​ខ្លួន​ ដោយ​បញ្ឈប់​ការ​ជេរ​ ប្រមាថ​ជា​បន្ដ​ទៀត​ ៖«​យើង​ចង់​មើលឃើញ​ថា​ ម្ចាស់ផ្ទះ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​ហ្នឹង​ យ៉ាង​ហោច​ណាស់​បើ​មិន​ស្រឡាញ់​យើង​ដូច​បង​ ដូច​ប្អូន​ ប៉ុន្ដែ​គោរព​យើង​ក្នុង​ភាព​ជា​មនុស្ស​។​ ព្រោះ​អី​ពួក​ខ្ញុំ​ទៅ​ធ្វើការ​យក​កម្លាំង​ទៅ​ដូរ​យក​ប្រាក់ខែ​»​។​

​កាលពី​ថ្ងៃ​ទី​២៣​ ខែឧសភា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​បង្ហាញ​អារម្មណ៍​ អាណិតអាសូរ​ ដល់​កម្មករ​ម​ប្រើ​ការងារ​តាម​ផ្ទះ​ ដោយ​សម្ដេច​ថា​ កម្មករ​ ធ្វើ​ការងារ​តាម​ផ្ទះ​ ពិតជា​ហត់​ខ្លាំង​ ក្នុង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ពួក​គេ​ទាំង​អស់នោះ​គ្មាន​ថ្ងៃ​បុណ្យ​ គ្មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំខែ​ ដូច​កម្មករ​ បម្រើ​ក្នុង​វិស័យ​ការងារ​ផ្សេងៗ​នោះ​ទេ​។​ ត្រង់​ចំណុច​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ដែល​មាន​អ្នកបម្រើ​ក្នុងផ្ទះ​ ត្រូវ​គិតគូរ​ និង​យកចិត្ដ​ទុក​ឲ្យ​បាន​ច្រើន​ចំពោះ​ពួក​គេ​ ពិសេស​គួរតែ​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់​។​
​រំលង​ជាង​មួ​យស​ប្ដា​ហ៍​ ក្រោយ​ការ​អំពាវនាវ​នេះ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​កម្ពុជា​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​របប​សន្ដិសុខ​សង្គម​។​ សេចក្ដីព្រាងច្បាប់​នេះ​ ក្រោយ​ចេញ​ជា​រូបរាង​ នឹង​មាន​វិសាលភាព​អនុវត្ដ​ចំពោះ​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​ ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ ដោយ​រួម​បញ្ចូល​បុគ្គលិក​ធ្វើ​ការងារ​តាម​ផ្លូវអាកាស​ នាវា​សមុទ្រ​ និង​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ផង​ដែរ​។​

​ទាក់ទិន​សកម្មភាព​ទាំង​អស់នេះ​ លោកស្រី​ សម្ផស្ស​ បង្ហាញ​អារម្មណ៍​ត្រេកអរ​ តែ​លោកស្រី​បញ្ជាក់​ថា​ លោកស្រី​មិន​ទាន់​ដឹង​ថា​ ទំហំ​និង​វិសាលភាព​នៃ​ប្រកាស​នេះ​ អាច​អនុវត្ដ​បាន​កម្រិត​ណា​នោះ​ទេ​។​ ប៉ុន្ដែ​យ៉ាង​ហោច​ណាស់​ ក៏​ជា​ការ​ប្រសើរ​ជាង​កាលពី​ឆ្នាំ​មុន​ដែរ​។​

​ប្រធាន​បណ្ដាញ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​កម្ពុជា​រូប​នេះ​ អំពាវនាវ​ដល់​ក្រុ​ម្ចាស់ផ្ទះ​ បញ្ឈប់​ការ​ជេរ​ប្រមាថ​ កម្មករ​ បម្រើ​តាម​ផ្ទះ​ជា​បន្ដ​ទៀត​ ព្រោះ​ទ​ង្វើ​ទាំង​អស់នោះ​គឺជា​អំពើ​ខុសច្បាប់​។​ ជាង​នេះ​លោកស្រី​ សង្កត់ធ្ងន់​ថា​ ម្ចាស់ផ្ទះ​គ្រប់​រូប​គួរ​មើលឃើញ​ពី​គុណ​តម្លៃ​ នៃ​ការ​ខិតខំ​បំពេញការងារ​ របស់​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ ជា​ជាង​ការ​យក​កំហឹង​ពី​ខាងក្រៅ​មក​បញ្ចេញ​ដាក់​ពួក​គាត់​ ៕​

Share

Image
Image
Image