en     km
en     km

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ថា​ បើ​គណបក្ស​លោក​ឈ្នះ​ឆ្នោត​នឹង​ដោះស្រាយ​បញ្ហា​ យុវជន​អត់​ការងារ​ធ្វើ​

Share

cover-CYP-press-conference
ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ បាន​លើក​ឡើង​ថា​ បញ្ហា​យុវជន​អត់​ការងារ​ធ្វើ​កាន់តែ​ច្រើន​ឡើងៗ​ ទោះបីជា​យុវជន​មានការ​ងារ​ធ្វើ​មួយ​ចំនួន​ តែ​ប្រាក់ខែ​ដែល​ពួក​គេ​ទទួល​បាន​ មិន​សម​ទៅ​នឹង​កម្លាំង​ពលកម្ម​ដែល​ពួក​គេ​បាន​បញ្ចេញ​ ។​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូប​នេះ​អះអាង​ថា​ បើ​គណបក្ស​លោក​ឈ្នះ​ឆ្នោត​ នឹង​ដោះស្រាយ​បញ្ហា​យុវជន​ អត់​ការងារ​នេះ​។​

​លោក​ ធូ​ វី​រៈ​ លម្អិត​ព័ត៌មាន​នេះ​៖


​គណបក្ស​នយោបាយ​ថ្មី​មួយ​ ដែល​ទើប​បង្កើត​ឡើង​ថ្មីៗ​នេះ​ បាន​លើក​ឡើង​ថា​ ភាព​អត់​ការងារ​ ធ្វើ​របស់​យុវជន​កម្ពុជា​នៅ​តែ​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​បើ​គណបក្ស​របស់​ខ្លួន​ឈ្នះ​ឆ្នោត​ នឹង​ដោះស្រាយ​បញ្ហា​នេះ​។​

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ ពេជ្រ​ ស្រស់​ បាន​លើក​ឡើង​នេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាល​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​។​ ទោះ​យ៉ាងណា​ លោក​ ពេជ្រ​ ស្រស់​ មិន​បាន​បញ្ជាក់​ថា​ តើ​ដោះ​ ស្រាយ​បែប​ណា​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​ស្នើ​ឱ្យ​យុវជន​ចូលរួម​ជាមួយ​គណបក្ស​លោក​ឲ្រ​បាន​ច្រើន​។​

លោក​ ពេជ្រ​ ស្រស់
លោក​ ពេជ្រ​ ស្រស់

លោក​ ពេជ្រ​ ស្រស់​ បាន​បន្ថែម​ថា​ ប្រសិនបើ​គណបក្ស​របស់​លោក​នឹង​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ឬ​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​ គណបក្ស​របស់​លោក​ នឹង​ដោះស្រាយ​បញ្ហា​ជា​អ​ទិ​ភាព​គឺ​ ពង្រឹង​ជីវភាព​យុវជន​ និង​ពង្រឹង​វ​ស័​យ​អប់រំ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

លោក​ ពេជ្រ​ ស្រស់​ អះអាង​ថា​៖​ «​ ភាគច្រើន​យុវជន​នៅ​ស្រុក​ខ្មែរ​ ចប់​បញ្ញា​ប​ត្រ​អត់​មានការ​ងារ​ធ្វើ​ មានការ​ងារ​ធ្វើ​ មិន​សម​នឹង​ការ​លះបង់​ខ្លួន​នៃ​ការ​សិក្សា​ ប្រាក់ខែ​ចិញ្ចឹម​ខ្លួន​មិន​រស់​ ម៉ែឪ​ជាប់​ធនាគារ​ពឹង​ប្រាក់ខែ​មិនកើត​ ដោយសារ​ជីវភាព​កូន​នៅ​ភ្នំពេញ​ចំណាយ​ច្រើន​ ប្រាក់ខែ​មិន​សម​តាម​តម្លៃ​ទីផ្សារ​»​។​

​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​លោក​ ទឹម​ ម៉ា​ឡៃ​ បានឱ្យ​ដឹង​ថា​ ជា​ការ​ពិត​ណាស់​យុវជន​កម្ពុជា​ បញ្ចប់​ថ្នាក់​បញ្ញា​ប​ត្រ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ក្នុង​នោះ​យុវជន​រាប់​ពាន់​នាក់​គ្មាន​ការងារ​ធ្វើ​ និង​មួយ​ចំនួន​ទៀត​មានការ​ងារ​ធ្វើ​ដែរ​ តែ​ទទួល​បាន​ប្រាក់ខែ​តិច​នៅឡើយ​។​

​លោក​ ម៉ា​ឡៃ​ បាន​បញ្ជាក់​ថា​ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​កម្ពុជា​ គឺ​បណ្តាល​មក​ពី​យុវជន​មួយ​ចំនួន​មិន​ប្រឹងប្រែង​រៀនសូត្រ​ រួម​ទាំង​ខ្វះ​ការ​យកចិត្តទុកដាក់​ ពី​រាជរដ្ឋាភិបាល​ផង​។​ លោក​ ទឹម​ ម៉ា​ឡៃ​ និយាយ​ថា​៖​ «​ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​សម្រាប់​ខ្លួនឯង​ យុវជន​ត្រូវ​តែ​ខិតខំ​សិក្សា​រៀនសូត្រ​ មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​រាជរដ្ឋាភិបាល​តែ​មួយ​មុខ​នោះ​ទេ​»​។​

បើ​តាម​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានឱ្យ​ដឹង​ថា​ ក្នុង​ការ​លើកកម្ពស់​យុវជន​កម្ពុជា​ គណបក្ស​របស់​លោក​មាន​គោលនយោបាយ​ ៥​ ចំណុច​ ដែល​គោលនយោបាយ​មួយ​នៅ​ក្នុង​ចំណោម​នោះ​ គឺ​នឹង​ផ្ដល់​ថវិកា​ចំនួន​ ១៦​ ម៉ឺន​រៀល​ ជូន​ដល់​ប្រជាពលរដ្ឋ​អាយុ​ចាប់​ ២៥​ ដល់​៤៥​ ឆ្នាំ​ ដែល​អត់​មានការ​ងារ​ធ្វើ​ក្នុង​រយៈពេល​៣​ខែ​។​

​ប៉ុន្តែ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​លោក​ ទឹម​ ម៉ា​ឡៃ​ យល់​ថា​ ការ​សន្យា​នេះ​មិន​អាច​ទៅ​រួច​ឡើយ​៕

Share

Image
Image
Image