en     km
en     km

ប្រធានរដ្ឋសភាថាសភាប្រែក្លាយជម្លោះទៅជាសន្តិភាព តែអ្នកវិភាគថាសភាកម្ពុជាគ្មានឯករាជ្យ ហើយអាស្រ័យលើបក្សកាន់អំណាច

Share

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជាអះអាងក្នុងវេទិការសភាអាស៊ីប៉ាស៊ីហ្វិកថា យន្តការសភាមានសារៈសំខាន់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ ។ អ្នកវិភាគថា សភាកម្ពុជាគ្មានឥទ្ធិពលដូចសមាជិកសភានៃប្រទេសប្រជាធិបតេយ្យផ្សេងទៀតនោះទេ ហើយសន្តិភាពអាចកើតឡើងលុះត្រាតែគណបក្សឈ្នះឆ្នោត និងគណបក្សប្រឆាំង ចូលរួមបង្កើតបរិបទនយោបាយអំណោយផលសម្រាប់បង្កើតសន្តិភាព។

រាយការណ៍ដោយលោក សោម លាភ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងនាមប្រធានវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF លើកទី២៧ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសអស្រ្តាលី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ អំពីតួនាទីដ៏សំខាន់របស់សភា ។ សម្ដេច ហេង សំរិនថា គឺសភាមានតួនាទីចម្បង ក្នុងការបង្ការនិងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជាសន្តិភាព និងការអភិវឌ្ឍ ។

នាឱកាសម្ដេច ជម្រាបវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ២៨ថា អំណាចរបស់សភា ស្ថិតនៅក្នុងតួនាទីត្រួតពិនិត្យការសម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន ។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងនយោបាយពិភពលោក ។

ប្រធានរដ្ឋសភាកម្ពុជារូបនេះ ប្រាប់វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។

សម្ដេចបន្ថែមថា ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកបដោយចីរភាព ។

នាឱកាសនោះផងដែរ លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី លើកឡើងថាសភាមានតួនាទី​ធានាដល់នីតិរដ្ឋដែលផ្តល់វិបុលសុខដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា កិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា ដែលផ្ដោតទៅលើប្រធានបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សភាកម្ពុជាមិនអាចធ្វើសកម្មភាពដែលជាតួនាទីរបស់ខ្លួនដែលច្បាប់បានបញ្ញត្តនោះទេ ព្រោះសភាកម្ពុជា ដែលមានរដ្ឋសភា និងព្រឹទ្ធសភា មិនមែនជាសភាឯករាជ្យ ។ លោកពន្យល់ថាព្រោះច្បាប់កម្ពុជា បញ្ញត្តថា សមាជិកសភា ត្រូវតែជាសមាជិកមកពីគណបក្សឈ្នះឆ្នោត ដូចនេះបើលែងជាសមាជិកគណបក្សឈ្នះឆ្នោត នោះដំណែងជាសមាជិកសភានោះ នឹងបាត់បាត់ ។

លោក ឯម សុវណ្ណារ៉ា បន្ថែមថា សភាកម្ពុជាគ្មានឥទ្ធិពលដូចសមាជិកសភានៃប្រទេសប្រជាធិបតេយ្យផ្សេងទៀតនោះទេ ។

អ្នកវិភាគរូបនេះ អះអាងបន្តថា ដើម្បីឱ្យស្ថាប័នទាំង ៣ បែងចែកដាច់ដោយឡែកពីគ្នា លុះត្រាតែ មន្ត្រីនៃស្ថាប័នទាំងបីមិនពាក់ព័ន្ធគ្នា ទើបមានឯករាជ្យជម្រុញឱ្យមានសន្តិភាពបាន ខណៈលោកក៏អះអាងដែរថា សន្តិភាពកើតឡើងលុះត្រាតែគណបក្សឈ្នះឆ្នោត និងគណបក្សប្រឆាំង ចូលរួមបង្កើតបរិបទនយោបាយអំណោយផលសម្រាប់បង្កើតសន្តិភាព ។

ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់ថ្លែងថា សភាកម្ពុជាអាណត្តិទី៦នេះ ជាសភាទីងមោង ជាសភាមិនគ្រប់ទឹកជាដើម ព្រោះសភាមានតែគណបក្សមួយគ្រប់គ្រងលើអាសន្នៈ ក្នុងបរិបទដែលកម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ។

ពាក់ព័ន្ធនឹងសន្តិភាព នាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកឡើងថាកម្ពុជាមានសន្តិភាពគ្រប់គ្រាន់ ពេញលេញ ទើបមានការអភិវឌ្ឍដល់សព្វថ្ងៃនេះ ។

អ្នកវិភាគធ្លាប់អះអាងថា សន្តិភាពមិនមានគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានោះទេ ព្រោះពួកគាត់សង្កេតឃើញថា មានសន្តិភាពតែទៅលើមន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីក្រោមឱវាទដែលគាំទ្រគណបក្សនេះ ។ ដោយឡែក សម្រាប់មន្ត្រី និងសកម្មជន អតីតគណបក្សប្រឆាំងគ្មានសន្តិភាពទេ ពិសេសសន្តិភាពផ្លូវចិត្ត ៕

Share

Image
Image
Image