en     km
en     km

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

Share

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋបារាំង ដឹកនាំដោយ លោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WASERMAN) នឹងមកទស្សនៈកិច្ចនៅកម្ពុជា ដើម្បីរឹតបន្តឹងចំណងមិត្តភាពនៃស្ថាប័ននីតិប្បញ្ញត្តិរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភាកម្ពុជាកាលពីថ្ងៃម្សិលមិញ។

តាមសេចក្ដីជូនដំណឹងនេះបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់ប្រតិភូរដ្ឋសភាបារាំងនេះ គឺមានរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨។

ក្នុងដំណើរទស្សនៈកិច្ចនេះ លោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ នឹងមានជំនួបគួរសមជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី លោក ឈាង វុន ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា និងអភិបាលខេត្តសៀមរាបផងដែរ។

សេចក្ដីជូនដំណឹងនេះបញ្ជាក់ផងដែរថា ការបំពេញទស្សនៈកិច្ចរបស់ប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណៈរដ្ឋបារាំងនេះ ដើម្បីរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា បារាំង ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទ៖ លោក​ សោម​ លាភ

 

Share

Image
Image
Image