en     km
en     km

ប្រជាពលរដ្ឋ​សហគមន៍​ខ្វាវ​ ក្នុង​ខណ្ឌដង្កោ​ សុំ​ឱ្យ​អាជ្ញាធរ​ជួយ​បូមទឹក​កុំ​ឲ្យ​ជន់​លិច​ភូមិ​

Share

Logo Women's  Media Final​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​សហគមន៍​ខ្វាវ​ ក្នុង​ខណ្ឌដង្កោរ​ ប្រមាណ​ជាង​ ៧០​ ភាគរយ​ក្នុង​ចំណោម​គ្រួសារ​ទាំងអស់​ជាង​ ១០០​គ្រួសារ​ ដែល​ជា​រង​គ្រោះ​ដោយសារ​ទឹក​ជន​លិច​លំនៅ​ដ្ឋា​ន​ នៅ​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ នេះ​ បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​បូមទឹក​ចេញពី​ភូមិ​ ដែល​កំពុង​ជន់​លិច​ផ្ទះ​របស់​ពួក​គេ​ ។​ ករណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​ អះអាង​ថា​ ខ្លួន​បាន​ជួយ​អន្តរាគមន៍​សម្រួល​ក្នុង​រឿង​នេះ​រួច​ហើយ​។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា​ ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដដែល​ មិន​មាន​ដំណោះស្រាយ​។​

​ប្រជាពលរដ្ឋ​ ៤​ នាក់​ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជន​លិច​លំនៅ​ដ្ឋា​ន​ ប្រមាណ​ជាង​ ៧០​គ្រួសារ​ ស្ថិត​នៅ​ក្នុងភូមិ​ខ្វាវ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ចូល​ជួប​ លោក​ ចេ​ង​ មុន្នី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ នេះ​ ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​បង្កើន​ការ​ជួយ​បូមទឹក​ចេញពី​ភូមិ​។​

​បន្ទាប់​ពី​បាន​ចូល​ជួប​ អាជ្ញាធរ​ខណ្ឌដង្កោ​រួច​មក​ តំណាង​ពលរដ្ឋ​អះអាង​ថា​ អាជ្ញាធរ​ខណ្ឌ​ មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​នោះ​ទេ​។​

​ពលរដ្ឋ​រង​គ្រោះ​ម្នាក់​លោក​ គង់​ ច​ន្ថា​ បាន​លើក​ឡើង​ថា​ រូប​លោក​ និង​ប្រជា​សហគមន៍​បាន​មក​ចូលរួម​តវ៉ា​នៅ​ខាង​សាលា​ខណ្ឌដង្កោ​ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​បន្ថែម​ម៉ាស៊ីនបូមទឹក​ពីរ​គ្រឿង​ និង​ប្រេង​មួយ​កាន​កន្លះ​ ឬ​ ៤៥​ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បូម​រំដោះ​ទឹក​ចេញពី​សហគមន៍​ខ្វាវ​ ប៉ុន្តែ​ក្នុង​ពេល​កន្លង​ទៅ​អាជ្ញាធរ​ខណ្ឌដង្កោ​ បានឱ្យ​ប្រេង​សម្រាប់​បូមទឹក​តែ​ ១០​ ទៅ​ ២០​ លី​ត្រ​តែ​ប៉ុណ្ណោះ​ ។​ ពលរដ្ឋ​រូប​នេះ​ បាន​និយាយ​ថា​ ការ​សន្យា​របស់​លោក​ ចេ​ង​ មុន្នី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​ គឺ​មិន​បាន​គោរព​ទៅ​តាម​ពាក្យ​សន្យា​ឡើយ​ ហើយ​ទុក​ឱ្យ​បញ្ហា​ទឹក​លិច​ នៅ​តែ​កើតឡើង​ដដែល​ ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ក្នុង​ការ​រស់នៅ​យ៉ាង​ខ្លាំង​។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខាងលើ​ លោក​ ឃួ​ន​ វណ្ណៈ​ ជា​តំណាង​ពលរដ្ឋ​ដែរ​ ហើយ​ដែល​បាន​ចូល​ជួប​លោក​ ចេ​ង​ មុន្នី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​នៅ​ថ្ងៃនេះ​ បាន​និយាយ​ថា​ ការ​ចូល​ជួប​ជាមួយ​លោក​អភិបាលរង​ខណ្ឌដង្កោ​ឱ្យ​ជួយ​អន្តរា​គន៍​បន្ថែម​ ក្នុង​ការ​បូមទឹក​ចេញពី​សហគមន៍​ខ្វាវ​នៅ​ថ្ងៃនេះ​ ហាក់​មិន​មាន​ផ្លែផ្កា​ជា​លទ្ធផល​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

​លោក​ ឃួ​ន​ វណ្ណៈ​ បន្ត​ថា​ លោក​អភិបាលរង​ខណ្ឌដង្កោ​ នៅ​តែ​បន្ត​រក្សា​សន្យា​ថា​ ជួយ​ដោះស្រាយ​បញ្ហា​រំដោះ​ទឹក​ចេញ​ដដែលៗ​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​ការ​ពិត​ លោក​មិន​បាន​គោរព​ខ្ជាប់ខ្ជួន​ចំពោះ​ពាក្យ​សន្យា​របស់​ខ្លួន​ឡើយ​ ហើយ​ការ​បូមទឹក​ចេញ​តែងតែ​យឺតយ៉ាវ​ជា​និច្ច​។​

​តំណាង​ពលរដ្ឋ​រូប​នេះ​ បាន​អះអាង​ថា​ លើក​នេះ​ប្រសិនបើ​អាជ្ញាធរ​ខណ្ឌដង្កោ​ មិន​ព្រម​គោរព​ទៅ​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ដល់​ប្រជាពលរដ្ឋ​ទេ​នោះ​ ប្រជាពលរដ្ឋ​នឹង​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​ម្តងទៀត​ រហូត​ដល់​រឿង​នេះ​អាច​ដោះស្រាយ​បាន​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ ចេ​ង​ មុន្នី​រ៉ា​ អភិបាលរង​ខណ្ឌដង្កោ​  មាន​ប្រសាសន៍​យ៉ាង​ខ្លី​ប្រាប់​វិទ្យុ​ស្ត្រី​ នៃ​WMC​ នៅ​ថ្ងៃនេះ​ថា​ អាជ្ញាធរ​ខណ្ឌ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​បូមទឹក​ជន់​លិច​ភូមិ​នេះ​ ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ពេល​កន្លង​ទៅ​ និង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​ប្រសើរ​ហើយ​ ហើយ​ពេល​នេះ​អាជ្ញាធរ​ខណ្ឌ​កំពុង​ប្រជុំ​រៀបចំ​ផែនការ​ ដើម្បី​ដោះស្រាយ​ ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​។​

សូម​ជម្រាប​ផង​ដែរ​ថា​ បញ្ហា​ទឹក​លិច​សហគមន៍​ខ្វាវ​ ស្ថិត​នៅ​ក្នុងភូមិ​ខ្វាវ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​កើតឡើង​រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ ៣​ឆ្នាំ​មក​ហើយ​។​ បញ្ហា​ទឹក​លិច​សហគមន៍​ បាន​បង្ក​ឱ្យ​អ្នក​ភូមិ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​រស់​យ៉ាង​ខ្លាំង​ ហើយ​នា​ពេល​ថ្មីៗ​នេះ​ មាន​ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត​ ដោយសារ​ឆក់​ខ្សែភ្លើង​ ខណៈ​ជំនន់​ទឹក​ឡើង​ខ្លាំង​។​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ខ្វាវ​បាន​ចាត់​ទុក​ទឹក​ជន់​លិច​សហគមន៍​នេះ​ ថា​កើតឡើង​ដោយសារ​ការ​មិន​អើពើ​របស់​អាជ្ញាធរ​ និង​បាន​ដាក់​ការ​សង្ស័យ​ថា​ មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ករណី​បង្ហូរទឹក​ឱ្យ​ជន់​លិច​សហគមន៍​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចេញពី​ទីនោះ​ ងាយស្រួល​ដល់​ពួក​គេ​ពុះ​ដី​លក់​៕

Share

Image
Image
Image