en     km
en     km

ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​រអ៊ូរទាំ​រឿង​កុង​ទ័​រ​ភ្លើង​ឡើង​ខុស​ប្រក្រតី​

Share

cover-EDC-&--electricity-conteur
​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​រស់នៅ​ភ្នំពេញ​ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ភ្លើង​ ដោយសារ​តែ​ការ​បង់ប្រាក់​ថ្លៃ​ភ្លើង​នៅ​ក្នុង​ខែ​នេះ​ច្រើន​ជាង​ខែ​មុនៗ​  ខណៈ​ការ​ប្រើប្រាស់​ភ្លើង​នៅ​ដដែល​។​

​រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ៖

​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ និង​ក្តី​ព្រួយ​បារ​ម្ម​ណ៍​ទៅ​លើ​សេដ្ឋកិច្ច​គ្រួសារ​ខ្លួន​ នៅ​ពេល​ដែល​កុង​ទ័​រ​ភ្លើង​មាន​ភាព​មិន​ប្រក្រតី​ ហើយ​ពួក​គេ​បាន​សំណូមពរ​ដល់​អគ្គិសនី​ជាតិ​កម្ពុជា​ ត្រូវ​ត្រួតពិនិត្យ​កុង​ទ័​រ​ភ្លើង​ឱ្យ​បាន​ច្បាស់លាស់​។​

​ពលរដ្ឋ​រស់នៅ​សង្កាត់​បឹង​កេងកង​៣​ ក្នុង​រាជធានី​ភ្នំពេញ​ អ្នកស្រី​ មាស​ មា​ជ​ បានឱ្យ​ដឹង​ថា​ អ្នកស្រី​បាន​ប្រើប្រាស់​ភ្លើង​ កាលពី​ខែ​មុន​អស់​ ១៥​ ម៉ឺន​រៀល​ តែ​ខែ​នេះ​អស់​ ១៨​ ម៉ឺ​រៀល​។​

​អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ប្រើ​ភ្លើង​នេះ​ដូច​ខែ​មុនៗ​ដែរ​ តែ​បែរជា​អស់ប្រាក់​ច្រើន​ជាង​ខែ​មុនៗ​ទៅ​វិញ​។​ អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​មិន​សប្បាយចិត្ត​ទេ​ នៅ​ពេល​កុង​ទ័​រ​ភ្លើង​ដើរ​ខុស​ប្រក្រតី​ ដោយ​មិនដឹង​មូលហេតុ​បែប​នេះ​។​

​អ្នកស្រី​បាន​សំណូមពរ​ដល់​អាជ្ញាធរ​អគ្គិសនី​ជាតិ​កម្ពុជា​ថា​ សូម​ឱ្យ​ត្រួតពិនិត្យ​កុង​ទ័​រ​ភ្លើង​ឱ្យ​បាន​ច្បាស់លាស់​។​
​ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​សង្កាត់​ទួល​ទំពូង​ ក្នុង​រាជធានី​ភ្នំពេញ​ដែរ​ អ្នកស្រី​ ដួង​ ងួ​ន​ បាន​ប្រាប់​ថា​ អ្នកស្រី​ប្រើ​ភ្លើង​កាលពី​ខែ​មុន​អស់​ជាង​ ១​លាន​ ១​សែន​ រៀល​ ចំណែក​ខែ​នេះ​អស់​ ជាង​ ១​លាន​ ៣​សែន​ ៥​ម៉ឺន​រៀល​។​ អ្នកស្រី​បន្ត​ថា​ អ្នកស្រី​មិន​បានដឹង​ថា​ការ​ឡើង​គីឡូ​ភ្លើង​នេះ​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​ វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ អគ្គនាយក​ អគ្គិសនី​ជាតិ​កម្ពុជា​ លោក​ កែវ​ រតនៈ​ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ដោយសារ​លេខ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​។​

​សូម​រំឭក​ផង​ដែរ​ថា​ ករណី​ប្រជាពលរដ្ឋ​សម្ដែង​ការ​មិន​ពេញចិត្ត​ ពាក់ព័ន្ធ​នឹង​បញ្ហា​កុង​ទ័​រ​ភ្លើង​មាន​ភាព​មិន​ប្រក្រតី​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សម្តេច​ ហ៊ុន​ សែន​ បាន​ផ្តល់​អនុសាសន៍​ ៣​ ចំណុច​ ដល់​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EDC)​ ក្នុង​ការ​គ្រប់គ្រង​អគ្គិសនី​កម្ពុជា​។​  ការ​ផ្តល់​អនុសាសន៍​របស់​សម្តេច​ ហ៊ុន​ សែន​ នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​វា​រី​អគ្គិសនី​តា​តៃ​ ស្ថិត​នៅ​ក្នុង​ឃុំ​ ឫស្សី​ជ្រុំ​ និង​ឃុំ​តា​តៃ​ ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​ ការ​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ធ្នូ​។​

​អនុសាសន៍​ ៣​ ចំណុច​នោះ​រួម​មាន​ ទី​១​ ការ​ពង្រីក​អគ្គិសនី​ឱ្យ​ដល់ទី​ជនបទ​ ទី​២​ ត្រូវ​ពង្រឹង​បណ្តាញ​អគ្គិសនី​ជាតិ​ និង​ទី​៣​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ត្រូវ​តែ​ធ្វើការ​បញ្ចុះតម្លៃ​អគ្គិសនី​ ជា​បន្តបន្ទាប់​ដល់​ប្រជាពលរដ្ឋ​៕​

Share

Image
Image
Image