ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅតែបន្ដដើរក្បួនបាតុកម្មគគ្រឹកគគ្រេងពាសពេញវិថីនានាទោះជាមានភ្លៀងធ្លាក់មិនប្រណីក៏ដោយ។ គ្រប់គ្នាជាបាតុករលើកឆ័ត្រចម្រុះពណ៌ឡើងនិងដោយសន្ដិភាពបំផុតនៅសប្ដាហ៍នេះព្រោះគេពុំឃើញមានការប៉ះទង្គិចណាមួយនឹងអាជ្ញាធរក្រុងហុងកុងនោះទេ។តែយ៉ាងណាបាតុកម្មធំៗចំនួនបីលើកក្នុងរយៈពេល១១សប្ដាហ៍មកនេះគឺប្រមុខបាតុករដឹកនាំបានឱ្យសារព័ត៌មានITV ដឹងថាមានការចាប់ខ្លួនជនស៊ីវិលដល់ទៅជាង៦០០នាក់រួចទៅហើយ។ព្រោះការព្យួរច្បាប់ស្ដីពីបត្យាប័នមិនទាន់ធ្វើឱ្យចិត្តរបស់បាតុករស្រាកស្រាន្ដនោះទេ។ប្រជាពលរដ្ឋក្រុងហុងកុងមិនចង់ឃើញនិងលឺសូម្បីតែស្រមោលនៃច្បាប់ស្ដីបត្យាប័ន។ តែរឿងច្បាប់នេះវាបានធ្វើឱ្យមានការគាស់កកាយអំពីប្រព័ន្ធដឹកនាំនយោបាយរបស់ចិន។ នៅថ្ងៃដដែលនេះប្រជុំក្រុមនិស្សិតនៅព្រលានយន្ដហោះក្រុងហុងកុងបានឆ្លើយតបទៅនឹងបុរសជនជាតិអូស្រា្ដលីម្នាក់ដែលបានខឹងនឹងក្រុមបាតុករបានធ្វើឱ្យអាក់ខានជើងហោះរហើររបស់លោក លោកស្រែកទៅកាន់ពួកគេថា ពិភពលោកដឹងថាហុងកុងជាផ្នែកមួយនៃចិន។ យ៉ាងណាពួកគេមិនបដិសេធទេ តែគ្រាន់ចោទសំណួរគូសបញ្ជាក់ថា តើពួកយើងខុសមែនទេ?អ្នកមិនយល់អំពីស្ថានភាពប្រជាជនក្រុងហុងកុងពេលនេះ នឹងទៅអនាគតទៅ ប្រព័ន្ធនយោបាយដ៏ពុករលួយនៃ ប្រទេសមួយប្រព័ន្ធពីរ។
ត្រង់ចំណុចនេះតើប្រជាជនក្រុងហុងកុងចង់បានបែបណាវិញ?
វីឌីអូព័ត៌មានរបស់Global Time បានសម្ដែងឱ្យឃើញថាក្រុមបាតុករមិនឆ្លើយនឹងសំណួរជនបរទេសអូស្រា្ដលីដែលថា តើនរណាមួយពុករលួយប្រាប់មកមើលនោះទេ? តែពួកគេបានព្រួតគ្នាស្រែកប្រាប់ទៅអ្នកដំណើរជាអ្នកជំនួញម្នាក់នោះថា លោកយល់អំពីប្រព័ន្ធនយោបាយមួយដ៏ពុករលួយទេ។ ពួកគេបញ្ជាក់ទៀតថា លោករកស៊ីនៅហុងកុងដោយមិនជាប់ពន្ធទេត្រូវទេ? ក៏ព្រោះតំបន់ស្វយ័តនេះអនុគ្រោះដល់វិនិយោគិនណាស់ ចុះបើថ្ងៃណាមួយហុងកុងជាចិនវិញ តើលោកនឹងរកស៊ីបែបណា!
ការលើកឡើងរបស់ក្រុមនិស្សិតទាំងនោះសង្កត់ន័យជាខ្លាំងពេលនេះមិនមែនតែច្បាប់ស្ដីពីបត្យាប័ននោះទេ តែគេ ប្រទេសមួយប្រព័ន្ធពីរ ដែលជាគោលនយោបាយរបស់លោក តេងស៊ាវពីង។ គោលនយោបាយប្រទេសមួយប្រព័ន្ធពីរត្រូវបានដណ្ដប់លើក្រុងហុងកុងក្រោយពីដែនកោះមួយនេះត្រូវបានផ្ទេរពីការគ្រប់គ្រងរបស់អង់គ្លេស១៥០ឆ្នាំមកឱ្យចិនវិញក្នុងឆ្នាំ១៩៩៧។ ប្រជាជនក្រុងហុងកុងដែលមានចរិតនយោបាយដិតដាមផ្នត់គំនិតសេរីនិយមនៃលទ្ធិប្រជាធិបតេយ្យតែងតែទាមទារជាច្រើននូវសិទ្ធិស្វ័យសម្រេចរបស់ពួកគេ ក៏ប៉ុន្ដែការទាមទាររាល់លើករបស់ពួកគេមិនធ្លាប់មានរូបភាពបែបនេះឡើយ។តែបាតុកម្មសម្បើមម្ដងនេះបាតុករហាក់បង្ហាញថាអស់រយៈពេល២២មកនេះ គោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិនពោរពេញដោយការគម្រាមកំហែងសេរីភាពរបស់ក្រុងហុងកុងណាស់តួយ៉ាងគឺបដារបស់បាតុករសរសេរបដាថា Free Hong Kongដោះលែងហុងកុងឱ្យមានសេរីភាពទៅ និង Democracy Now លទ្ធិប្រជាធិបតេយ្យឥលូវនេះ! ជាងនេះបាតុករថាចិនកំពុងអនុវត្តនូវប្រព័ន្ធនយោបាយមួយដែលមានលក្ខណៈអាជ្ញាព្រឹត្តបំផុតព្រមទាំងពុករលួយគ្រប់យ៉ាងមានតែលក្ខណៈចាត់តាំង។
តែបែបនេះក្ដី រដ្ឋាភិបាលក្រុងប៉េកាំងមិនដែលដកសម្ដីព្រមានរបស់ខ្លួនម្ដងណាឡើយ ដើម្បីកុំឱ្យមានការជ្រៀតជ្រែកផ្ទៃក្នុងខ្លួនគឺថា សហគមន៍អន្ដរជាតិ ត្រូវយល់ឱ្យបានច្បាស់មុនវាយតម្លៃគឺរដ្ឋាភិបាលក្រុងប៉េកាំង អនុវត្ត គោលនយោបាយ«ប្រទេសមួយ ប្រព័ន្ធពីរ»។
សូមបញ្ជាក់ថាតាមកិច្ចព្រមព្រៀងហុងកុង ត្រូវស្ថិតនៅជាតំបន់មានស្វ័យភាពពេញលេញ សិទ្ធិសេរីភាពជាមូលដ្ឋានគ្រឹះរបស់មនុស្សជាតិ និងមានប្រព័ន្ធតុលាការដាច់ដោយឡែកពីប្រទេសចិន រហូតដល់ឆ្នាំ ២០៤៧។
ដោយចក្ខុវិស័យនិងការព្រួយបារម្ភយុវជនជាច្រើនបានប្រាប់ទៅកាន់អាណាព្យាបាលរបស់ពួកគេឱ្យរួមគិតថា តើក្រោយឆ្នាំ២០៤៧នោះ តើនឹងមានអ្វីកើតឡើងសម្រាប់ពួកគេដែលជាអ្នកជំនាន់ក្រោយ។វាបានសេចក្ដីថាប្រជាជនក្រុងហុងកុងមួយភាគធំពេលនេះទោះត្រូវធ្វើការតស៊ូមតិឬបាតុកម្មជាច្រើនខែ ឬ ច្រើនដងបន្ដយ៉ាងណាទៀត គឺពួកគេនៅតែបង្ហាញជំហររឹងមាំស៊ូក្រាញននាលដរាបណាចិនផ្ដល់ចម្លើយនិងដំណោះស្រាយពិតប្រាកដធានាថាបានថាហុងកុងត្រូវតែមានអនាគតដ៏ភ្លឺស្វាងដូចដែលអំណាចប្រជាជនប្រាថ្នា៕
ឆោម ពៅនិកា