ភ្នំពេញ៖ឯកសារនៃសេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្ម លើមន្ត្រីកម្ពុជា ត្រូវបាន បង្ហោះ លើ បណ្ដាញសង្គមរបស់កូនស្រីម្នាក់ ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង។សេចក្ដីព្រាងច្បាប់នេះដាក់លក្ខខណ្ឌទៅនឹងការដោះលែងមេបក្សប្រឆាំងនិងការហាមមិនឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចូលទឹកដី។ យ៉ាងនេះក្ដីមន្ត្រីកម្ពុជា ហាក់មិនភ្ញាក់ផ្អើលឡើយ។
បើយោងតាមទំព័រហ្វេសប៊ុករបស់កញ្ញា កឹម មនោវិទ្យាកូនស្រីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសរសេរថា៖«លក្ខខណ្ឌជំនួយរបស់អាមេរិកមកកម្ពុជាសម្រាប់ឆ្នាំ២០១៨រួមមានការដោះលែងមេបក្សប្រឆាំងពីពន្ធនាគារនិងការហាមមិនឲ្យមន្ត្រីកម្ពុជាដែលរំលោភសិទ្ធិមនុស្សចូលទឹកដីសហរដ្ឋអាមេរិក»។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិសរសេរបន្តថា«ខ្ញុំបានធ្វើការតស៊ូមតិដើម្បីឲ្យសហរដ្ឋអាមេរិកដាក់លក្ខខណ្ឌនឹងរដ្ឋាភិបាលកម្ពុជាឲ្យគោរពលទ្ធិប្រជាធិបតេយ្យដែលជួបពិភាក្សាជាមួយស្ថាប័នអាមេរិកដូចជាក្រសួងការបរទេស គណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភានិងសភា គណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភានិងសភានិងសមាជិកព្រឹទ្ធសភាអាមេរិក»។
យ៉ាងណាក៏ដោយវិទ្យុស្ត្រីមិនអាចសុំការផ្ទៀងផ្ទាត់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានទេ ចំពោះ ការបែកធ្លាយសេចក្ដីព្រាងច្បាប់ ដែលបង្ហោះលើទំព័រកូនស្រីរបស់លោកកឹមសុខា។
រដ្ឋាភិបាលក្នុងអាណត្តិរបស់ប្រធានាធិបតីអាមេរិកលោក Donald Trum គ្រោងនឹងកាត់ជំនួយអភិវឌ្ឍន៍មកកម្ពុជាប្រមាណ៧០ភាគរយនៅឆ្នាំក្រោយនេះ។នេះបើតាមលោក អ៊ុច បូររិទ្ធិ រដ្ឋមមន្ត្រីស្តីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ចំពោះលក្ខខណ្ឌជំនួយអាមេរិកនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាហាក់មិនជឿនោះទេ។«ខ្ញុំយល់ថាអត់មានទេ ព្រឹទ្ធសភាគ្រាន់តែថាគាត់មិនទាន់ព្រៀងទេ។ហើយបើទោះជាព្រៀងគាត់ម្នាក់ឯក គាត់មិនមានកម្លាំង មានំឡេងគ្រប់គ្រាន់ដើម្បីឲ្យព្រឹទ្ធសភាអាមេរិកយកធ្វើជាមូលដ្ឋានដើម្បីបង្កើតច្បាប់ដាក់ទណ្ឌកម្មមកលើកម្ពុជាទេ»។
ចាប់តាំងពីឆ្នាំ១៩៩២មករដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលកម្ពុជាជាង១ពាន់លានដុល្លារតាមរយៈអង្គការទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថាUSAIDក្នុងកម្មវិធីលើកកម្ពស់សុខភាព វិស័យអប់រំ និងការកែលម្អ វិស័យកសិកម្ម ការការពារបរិស្ថាន និងសិទ្ធមនុស្ស។
អ្នកនាំពាក្យរងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក David Josar ធ្លាប់ប្រាប់វិទ្យុស្ត្រីតាមរយៈសារអេឡិចត្រូនិចថាកញ្ចប់ថវិកាសហព័ន្ធរដ្ឋាភិបាលអាមេរិកនៃសារពើព័ន្ធសម្រាប់ឆ្នាំ២០១៨សភាអាមេរិកមិនទាន់ចប់សព្វគ្រប់និងកំពុងពិភាក្សានៅឡើយ។
ទាក់ទងរឿងកម្ពុជា សភាអឺរ៉ុបបានព្រមានអំពីការផ្តល់ជំនួយអភិវឌ្ឍន៍និងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាអំពីស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរខ្លាំងនិងអំពាវនាវឲ្យដោះលែងលោក កឹម សុខា និងកុំឲ្យរំលាយគណ បក្សសង្គ្រោះជាតិ។
លោក Ted Cruz សមជិកព្រឹទ្ធសភាអាមេរិកព្រមានអំពីការបិទទិដ្ឋការមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចូលទឹកដីអាមេរិកដោយទុកឱសាវាទឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា មុនថ្ងៃទី ៩ ខែវិច្ឆិកាខណៈសមាជិកសភានិងព្រឹទ្ធសភាជាច្រើនរូបទៀតក៏មានជំរុញឱ្យរដ្ឋការរបស់លោកត្រាំឆាប់មានវិធានការលើ កម្ពុជា ជាអ្វីដែលហៅថា កម្ពុជាកំពុងដើរដល់ចំណុចគ្រោះថ្នាក់នៃលទ្ធិប្រជាធិបតេយ្យ៕