en     km
en     km

បុរាណវិទូរកឃើញគ្រឹះកំពែងបុរាណកប់ក្នុងដៃជាង១០០ឆ្នាំនៅជុំវិញប្រាសាទលលៃ

Share

សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា​រក​ឃើញ​គ្រឹះ​កំពែង​បុរាណ​ នៅ​ជុំវិញ​ប្រាសាទ​លលៃ ដែល​កប់​ក្នុង​ដី​ជាង ​១០០ ​ឆ្នាំ ក្រោម​សំណង់​សាសនា​សម័យ​ក្រោយៗ​បន្ទាប់​ពី​បើក​ការដ្ឋាន​កំណាយ​ជាង ១ ខែ ដែល​អ្នក​ជំនាញ​សង្ស័យ​ថា គ្រឹះ​​កំពែង ​១ កន្លែង​អាច​ជា​បណ្ណាល័យ​សិក្សា​នា​សម័យ​នោះ​។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

ប្រាសាទលលៃ មានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក(បារាយណ៍លលៃ)នាបុរាណកាល។ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមសម័យកាលជាបន្តបន្ទាប់។ ប៉ុន្តែនៅចុងឆ្នាំ ២០១៩ សំណង់សាសនាទាំងនោះត្រូវបានព្រះគ្រូចៅអធិការវត្តលលៃអាចារ្យនិងគណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទជុំវិញវត្ត បានសម្រេចរំកិលចុះមកក្រោមដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានឲ្យដឹងថា ក្នុងន័យនេះ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការស្រាវជ្រាវនិងប្រទះឃើញអាថ៌កំបាំងដ៏អស្ចារ្យនៃរចនាសម្ពន្ធសំណង់បុរាណជាច្រើនដូចជា ខ្លោងទ្វារចូល កម្រាលឥដ្ឋ កុលាលភាជន៍ និងជញ្ជាំងកំពែង ដែលបានកប់ក្នុងដីក្រោមសំណង់សាសនាតាំងពីសម័យអាណានិគមបារាំងមក។ ការប្រទះឃើញរចនាសម្ពន្ធដ៏សម្បើមនេះ គឺជាការផ្តល់នូវទិន្នន័យថ្មីៗសម្រាប់កិច្ចការស្រាវជ្រាវបុរាណវិទ្យា ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងលើកតម្លៃប្រាសាទលលៃឱ្យកាន់តែល្អប្រសើរជាងមុន។

អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ថា​៖ «ការ​ប្រទះ​ឃើញ​រចនា​សម្ព័ន្ធ​ដ៏​សម្បើម​នេះ គឺ​ជា​ការ​ផ្តល់​នូវ​ទិន្នន័យ​ថ្មីៗ​សម្រាប់​កិច្ច​ការ​ស្រាវជ្រាវ​បុរាណ​វិទ្យា​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និង​កិច្ច​ការ​អភិរក្ស​ អភិវឌ្ឍន៍​ និង​លើក​តម្លៃ​ប្រាសាទ​លលៃ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​»។

លោក ថូ ថុន ប្រធានក្រុមកំណាយស្រាវជ្រាវនៅប្រាសាទលលៃបានឱ្យដឹងថា ក្រុមការងារបានបើករណ្តៅកំណាយបានចំនួន១០រណ្តៅនៅក្រោមអតីតសំណង់សាសនានៅផ្នែកខាងកើត ខាងជើង និងខាងលិច ហើយបានប្រទះឃើញរចនាសម្ពន្ធសំណង់ខ្លោងទ្វារចូលទាំង៣ទិស កំពែង៣ជាន់ព័ទ្ធជុំវិញតួប៉មទាំង៤នៃប្រាសាទ រចនាសម្ពន្ធកំពែងប្រាសាទក្នុងក្រៅ កម្រាលថ្មបាយក្រៀម កម្រាលឥដ្ឋជាច្រើនទីតាំង ចម្លាក់ដែលមានក្បាច់លម្អ រួមនឹងភាពខុសគ្នានៃខឿនប្រាសាទត្រង់ព្រះវិហារ។

ទាក់ទងនឹងមូលហេតុនៃការកប់រចនាសម្ពន្ធប្រាសាទនៅក្នុងដីនេះ លោក ថូ ថុន សន្និដ្ឋានថា ប្រហែលបណ្តាលមកពីការសាងសង់នាសម័យក្រោយៗភ្លេចគិតថាមានអ្វីក្រោមដី ព្រោះមានដីលុបពីលើសំណង់បុរាណបាត់អស់។ រីឯការអភិវឌ្ឍសំណង់នាសម័យក្រោយៗ ក៏ពុំបានធ្វើឱ្យសំណង់បុរាណក្រោមដីនេះរងការបំផ្លាញច្រើនទេ ព្រោះចាស់ៗបានរក្សាផ្នែកខាងក្នុងដោយកម្រាលឥដ្ឋនិងខាងក្រៅក្រាលថ្មបាយក្រៀមដើម្បីការពារ។

សូមជម្រាបថា ក្រុម​ការងារ​របស់អាជ្ងាធរជាតិអប្សរាបាន​បើក​រណ្តៅ​កំណាយ​បាន​​ចំនួន ១០ រណ្តៅ​នៅ​ក្រោម​​អតីត​សំណង់​សាសនា​នៅ​ផ្នែក​ខាង​កើត ខាង​ជើង និង​ខាង​លិច។

ចំពោះ​រណ្តៅ​កំណាយ ​១ កន្លែង លោក ថូ ថុន​ ឲ្យ​ដឹង​ថា ក្រុម​ជំនាញ​កំពុង​​សិក្សា​បន្ថែម​ទៀត ព្រោះ​តែ​សង្ស័យ​ថា គ្រឹះ​កំពែង​នោះ គឺ​ជា​បណ្ណាល័យ​នៃ​ប្រាសាទ​លលៃ ដែល​មនុស្ស​ក្នុង​សម័យ​នោះ​បាន​បន្សល់​ទុក ខណៈ​កំណាយ​ទាំង​អស់​​​នៃ​រណ្តៅ​កំពុង​បន្ត​ការ​ស្រាវជ្រាវ៕

អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image